(ភ្នំពេញ)៖ លោក ហាស់ វ៉ារី ទីប្រឹក្សាសម្តេចតេជោ ហ៊ុន សែន និងជាក្រុមការងារចុះពង្រឹងថ្នាក់ជាតិបក្សប្រជាជនកម្ពុជាប្រចាំស្រុកព្រៃឈរ និងស្រុកទឹកឈូ បានលើកឡើងថា សម្តេចតេជោ ហ៊ុន សែន បានបន្តអភិវឌ្ឍសេដ្ឋកិច្ច-សង្គម ឲ្យកាន់តែរីកចម្រើនខ្លាំងក្លា និងកាន់តែមានមូលដ្ឋានរឹងមាំ ដែលធានាឲ្យប្រជាពលរដ្ឋស់នៅថ្លៃថ្នូរ និងវិបុលភាពនៅក្នុងតំបន់ និងពិភពលោក និងបានពង្រឹងចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការឲ្យកាន់តែល្អប្រសើររវាងប្រទេសកម្ពុជា និងប្រទេសដទៃទៀត និងអង្គការអន្តរជាតិនានា ដើម្បីជំរុញការអភិវឌ្ឍន៍ប្រទេស និងបង្កើនការចូលរួមចំណែកយ៉ាងសកម្ម ក្នុងបុព្វហេតុសន្តិភាព ស្ថិរភាព។
លោក ហាស់ វ៉ារី បានបន្ថែមថា សម្តេចតេជោ ហ៊ុន សែន បានកសាងប្រទេសកម្ពុជាឲ្យក្លាយរដ្ឋរឹងមាំ និងជឿនលឿន ដោយផ្នែកលើច្បាប់ ធានាអនុវត្តច្បាប់ ដោយស្មើភាពសម្រាប់ការកសាង និងការពារមាតុភូមិ។ សម្តេចតេជោ ហ៊ុន សែន ក៏បានការពារសុខទុក្ខជូនប្រជាពលរដ្ឋគ្រប់ពេលវេលា និងគ្រប់កាលៈទេសៈ។
ការលើកឡើងរបស់លោក ហាស់ វ៉ារី បានធ្វើឡើងនៅក្នុងឱកាសដែលលោក និងក្រុមការងារចុះពង្រឹងថ្នាក់ជាតិបក្សប្រជាជនកម្ពុជា ប្រចាំស្រុកព្រៃឈរ និងស្រុកទឹកឈូ ចុះជួបសំណេះសំណាល និងយកអំណោយជូនប្រជាពលរដ្ឋជិត២០០នាក់ រស់នៅក្នុងខេត្តកំពង់ចាម នាថ្ងៃទី០៦ ខែមេសា ឆ្នាំ២០១៩។ ជាអំណោយរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា និងជាប្រធានគណបក្សប្រជាជនកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន តាមរយៈលោក ហាស់ វ៉ារី ដែលមានទឹកប្រាក់សរុបជាង២ម៉ឺនដុល្លារសហរដ្ឋអាមេរិក។
អំណោយដែលមានទឹកប្រាក់សរុបជាង២ម៉ឺនដុល្លារសហរដ្ឋអាមេរិក បានចែងជូនប្រជាពលរដ្ឋទាំងអស់រូមមាន ៖ ជូនគ្រួសារសពស្រុកព្រៃឈរ ៦លានរៀល, ជូនគ្រួសារសពឃុំរកាកោងទី២ ១៥លានរៀល, ជូនប្រជាពលរដ្ឋ១៥០គ្រួសារ ក្នុងស្រុកព្រៃឈរ មានការខ្វះខាតក្នុងម្នាក់ ទទួលបាន អង្គរ២៥គីឡូក្រាម ទឹកត្រី ទឹកស៊ីអ៊ីវ ទឹកដោះគោ កាហ្វេ នំ ប៊ីចេង និងថវិកា៥ម៉ឺនរៀល, ប្រគេនទេយ្យទាន ចំពោះព្រះសង្ឃ ក្នុង១អង្គៗ ទេយ្យទាន១កញ្ចប់ និងបច្ច័យ១០ម៉ឺនរៀល ជូនអភិបាលស្រុក ២លានរៀល សម្រាប់កម្មវិធីបុណ្យចូលឆ្នាំប្រពៃណីខ្មែរ ជូនក្រុមប្រឹក្សាស្រុក១៩នាក់ ក្នុងម្នាក់១០ម៉ឺនរៀល ជូនមេឃុំ ១៥នាក់ ក្នុងម្នាក់៥ម៉ឺនរៀល ប្រធានភូមិ ៥២៩នាក់ ក្នុងម្នាក់៣ម៉ឺន, ជូនគ្រូពេទ្យ៣៥នាក់ ក្នុងម្នាក់ៗ ទទួលបានថវិកា៥ម៉ឺនរៀល និងកម្លាំងការពារ១លានរៀល។
បន្ថែមពីលើនេះ លោក ហាស់ វ៉ារី បានចុះសួរសុខទុក្ខប្រជាពលរដ្ឋនៅមណ្ឌលពេទ្យបង្អែកស្រុកព្រៃឈរ ខេត្តកំពង់ចាម និងនាំយកអំណោយចែកជូនដល់ប្រជាពលរដ្ឋចំនួន៣៥គ្រួសារ ក្នុងមួយគ្រួសារទទួលបានថវិកា២០ម៉ឺនរៀល និងអង្ករ រួមជាមួយគ្រឿងឧបភោគបរិភោគមួយចំនួនទៀតផងដែរ៕