(ភ្នំពេញ)៖ យោងតាមរបាយការណ៍ ពីនាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្ដាប់ធ្នាប់សាធារណៈ នៃអគ្គស្នងការដ្ឋាននគរបាល ជាតិឲ្យដឹងថា នៅថ្ងៃទី៦ ខែមេសា ឆ្នាំ២០១៩ មានករណីគ្រោះថ្នាក់ចរាចរណ៍ នៅទូទាំងប្រទេសកើតឡើងចំនួន១១លើក បណ្ដាលឲ្យមនុស្សស្លាប់៥នាក់, របួសស្រាល៧នាក់ និងរបួសធ្ងន់១១នាក់។
ប្រភពព័ត៌មានដដែលបញ្ជាក់ថា នៅក្នុងហេតុការណ៍ គ្រោះថ្នាក់ចរាចរណ៍ទាំង១១លើកនេះ បណ្ដាលឲ្យខូតខាតម៉ូតូចំនួន១៤គ្រឿង, រថយន្តតូច៨គ្រឿង ហើយមូលហេតុដែលបណ្ដាលឲ្យកើត មានគ្រោះថ្នាក់ចរាចរណ៍រួមមាន៖ ល្មើសល្បឿន, មិនគោរពសិទ្ធិ, មិនប្រកាន់ស្ដាំ, ប្រជែង, បត់ឆ្វេង-ស្ដាំ និងស្រវឹង។
សូមបញ្ជាក់ថា រយៈពេល៦ថ្ងៃចាប់ពីថ្ងៃទី១ដល់ថ្ងៃទី៦ ខែមេសា ឆ្នាំ២០១៩នេះ មានករណីគ្រោះថ្នាក់ចរាចរណ៍កើតឡើង៦៦លើក, បណ្ដាលឲ្យមនុស្សស្លាប់ចំនួន៣៣នាក់ របួសធ្ងន់៦៨នាក់ និងរបួសស្រាល២៩នាក់៕