(ព្រះវិហារ)៖ លោក ឡុង សុវណ្ណ ប្រធានក្រុមប្រឹក្សា និង លោក អ៊ុន ចាន់ដា អភិបាល ខេត្តព្រះវិហារ បានអញ្ជើញចុះសាកសួរសុខ ទុក្ខ និងនាំយកអំណោយ ជាគ្រឿងឧបភោគបរិភោគ សម្ភារប្រើប្រាស់ និងថវិកាមួយចំនួន ផ្ដ ល់ជូនកងកម្លាំងឈរជើងការពារព្រំដែនកម្ពុជា-ថៃ នៅទីបញ្ជាការវរសេនាតូចលេខ១ តំបន់ប្រតិបត្តិការសឹករងខេត្ត និងទីបញ្ជាការកងពលធំអន្ដរាគមន៍លេខ៣ នៅព្រឹកថ្ងៃទី០៦ ខែមេសា ឆ្នាំ២០១៩នេះ ក្នុងឱកាសអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ។
លោក អ៊ុន ចាន់ដា បានថ្លែងនូវការកោតសរសើរ ចំពោះគំរូវីរភាព របស់កងកម្លាំងទាំងអស់ ជាពិសេសកងកម្លាំងប្រដាប់អាវុធ ដែលបានខិតខំបំពេញ កាតព្វកិច្ច បម្រើជាតិមាតុភូមិប្រកបដោយទំនួលខុសត្រូវខ្ពស់ ចំពោះការការពារបូរណភាពទឹកដី នៅតាមបន្ទាត់ព្រំដែន។
លោកអភិបាលខេត្ត បន្ថែមទៀតថា តាមរយៈស្នាដៃទាំងនេះ ទទួលបានការកោតសរសើរ និងឲ្យតម្លៃពីប្រជាពលរដ្ឋ ជាពិសេសប្រមុខរាជរដ្ឋាភិបាល ចំពោះ កងកម្លាំងប្រដាប់អាវុធ ហើយគ្រប់រដូវកាលតែងតែទទួលបានការលើកទឹកចិត្ត គិតគូរ និងឧបត្ថម្ភគាំទ្រសព្វគ្រប់បែបយ៉ាងពីសំណាក់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា ក៏ដូចជាលោក ហ៊ុន ម៉ាណែត ដើម្បីសម្រួលដល់ការឈរជើងរបស់កងទ័ព។
ជាមួយគ្នានេះ លោកអភិបាលខេត្តព្រះវិហារ ក៏បានសំណូមពរដល់កងកម្លាំងទាំងអស់ ត្រូវរួមសហការគ្នាទប់ស្កាត់ឲ្យបានរាល់បទល្មើសផ្សេងៗ ធ្វើយ៉ាងណាពង្រឹងការដឹកនាំ នូវការប្រឡងប្រណាំងភូមិឃុំមានសុវត្ថិភាព ក៏ដូចជាគោលនយោបាយទាំង៩ចំណុច ដែលរាជរដ្ឋាភិបាលដាក់ចេញ។
បន្ថែមលើសពីនេះ លោក អ៊ុន ចាន់ដា ក៏បានប្រកាសផ្ដល់រង្វាន់លើកទឹកចិត្ត ជាថវិកាចំនួន១លានរៀល ក្នុងមួយករណី ចំពោះកងកម្លាំងរូបណា ដែលធ្វើការបង្ក្រាបបានការជួញដូរ ការប្រើប្រាស់ និងចរាចរណ៍គ្រឿងញៀនខុសច្បាប់ទៀតផង៕