(ភ្នំពេញ)៖ ក្រសួងសុខាភិបាល បានប្រកាសពីលទ្ធផលនៃកិច្ចប្រជុំឧត្ដមមន្ត្រីសុខាភិបាលអាស៊ាន លើកទី១៤ និងកិច្ចប្រជុំពាក់ព័ន្ធ ក្នុងឱកាសកម្ពុជា ធ្វើជាម្ចាស់ផ្ទះ ដែលប្រព្រឹត្ដទៅចាប់ពីថ្ងៃទី០២ ដល់ថ្ងៃទី០៥ ខែមេសា ឆ្នាំ២០១៩ នៅខេត្ដសៀមរាប។
តាមសេចក្ដីជូនដំណឹងរបស់ក្រសួងសុខាភិបាល ដែលអង្គភាពព័ត៌មាន Fresh News ទទួលបាននៅយប់ថ្ងៃទី០៦ ខែមេសា ឆ្នាំ២០១៩នេះ បានឱ្យដឹងថា កិច្ចប្រជុំមានការអញ្ជើញជាអធិបតីបើក ដោយលោកសាស្ត្រាចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាលនៅថ្ងៃទី០២មេសា។ បន្ទាប់មក លោកស្រីវេជ្ជបណ្ឌិត ឱ វណ្ណឌីន រដ្ឋលេខាធិការក្រសួងសុខាភិបាល បានបន្តធ្វើជាប្រធានដឹកនាំកិច្ចប្រជុំឧត្ដមមន្ត្រីសុខាភិបាលអាស៊ានលើកទី១៤ និងកិច្ចប្រជុំពាក់ព័ន្ធ។
កិច្ចប្រជុំប្រចាំឆ្នាំនេះមាន គណៈប្រតិភូឧត្ដមមន្ត្រីសុខាភិបាលនៃប្រទេសសមាជិកអាស៊ានទាំង១០ គឺ ប្រុយណេ កម្ពុជា ឥណ្ឌូនេស៊ី ឡាវ ម៉ាឡេស៊ី ភូមា ហ្វីលីពីន សឹង្ហបុរី ថៃឡង់ដ៍ និងវៀតណាម និងលេខាធិការដ្ឋានអាស៊ាន ហើយនៅថ្ងៃទី៣ និងទី៤នៃកិច្ចប្រជុំជាបន្តបន្ទាប់ មានគណៈប្រតិភូនៃប្រទេសអាស៊ានបូកមួយ (ចិន) និងបូកបី (សាធារណរដ្ឋប្រជាមានិតចិន ជប៉ុន និងសាធារណរដ្ឋកូរ៉េ) បានអញ្ជើញចូលរួមយ៉ាងច្រើនផងដែរ។
នៅក្នុងកិច្ចប្រជុំដ៏មានសារសំខាន់ខាងលើនេះ លោកស្រីវេជ្ជបណ្ឌិត ឱ វណ្ណឌីន ក្នុងនាមជាប្រធានដឹកនាំកិច្ចប្រជុំ បានស្នើសុំកែសម្រួលរបៀបរបបប្រជុំ សម្រាប់ពិនិត្យលើរបៀបវារៈ (working breakfast/dinner) នៃកិច្ចប្រជុំអាស៊ានបូកមួយ និងអាស៊ានបូកបី ដោយមានតែប្រធាន និងអនុប្រធានអង្គប្រជុំ ព្រមទាំងតំណាងលេខាធិការដ្ឋានអាស៊ានចូលរួមប្រជុំ ដើម្បីពិនិត្យ និងពិភាក្សាដោយផ្ទាល់ជាមួយចិន ជប៉ុន និងកូរ៉េ លើរបៀបវារៈនៃកិច្ចប្រជុំបូកមួយ (ចិន) និងរបៀបវារៈកិច្ចប្រជុំបូកបី (ចិន ជប៉ុន កូរ៉េ)។ សំណើនេះ ត្រូវបានទទួលការគាំទ្រយ៉ាងពេញទំហឹង ពីសមាជិក អាស៊ានទាំង១០ និងលេខាធិការដ្ឋានអាស៊ាន ហើយបានចាប់ផ្តើមអនុវត្តន៍ ចាប់ពីកិច្ចប្រជុំឧត្តមមន្រ្តីសុខាភិបាល អាស៊ានលើកទី១៤ នេះតទៅ។
បន្ថែមលើនេះ ដើម្បីអនុវត្តន៍នូវគំនិតផ្តួចផ្តើម របស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា ដែលបានថ្លែង ក្នុងពិធីបើកកិច្ចប្រជុំអន្តរជាតិថ្នាក់មហាអនុតំបន់ទន្លេមេគង្គ ស្ដីពី ការប្រយុទ្ធប្រឆាំងឱសថក្លែងក្លាយ និងអន់គុណភាព នាខែវិច្ឆិកា ឆ្នាំ២០១៨ កន្លងមក ក្រសួងសុខាភិបាលកម្ពុជា ក្នុងតួនាទីជាប្រធានដឹកនាំអង្គប្រជុំ បានស្នើដល់បណ្តាប្រទេសអាស៊ានទាំង១០ គាំទ្រដាក់បញ្ចូលប្រធានបទដ៏សំខាន់នេះ សម្រាប់ធ្វើជាប្រធានបទវិបស្សនាប្រជុំរដ្ឋមន្ត្រីសុខាភិបាលអាស៊ាន (Topic for the Retreat of ASEAN Health Ministers Meeting) នៅក្នុងខែសីហា ឆ្នាំ២០១៩ ខាងមុខនេះ និងឱ្យមានកិច្ចប្រជុំពិគ្រោះយោបល់ដាច់ដោយឡែក នៅចុងខែមិថុនា ឆ្នាំ២០១៩ លើប្រធានបទ «ពង្រឹងកិច្ចសហប្រតិបត្តិការក្នុងតំបន់ដើម្បីប្រយុទ្ធប្រឆាំងឱសថក្លែងក្លាយ និងអន់គុណភាព» ។
ក្នុងនោះ ដោយមានការពិនិត្យរកចំនុចខិតខំរួមគ្នា ក្នុងការប្រយុទ្ធប្រឆាំងឱសថក្លែងក្លាយ និងអន់គុណភាព ព្រមទាំងស្វែងរកការយល់ព្រមជាឯកច្ឆន្ទ ក្នុងចំណោមប្រទេសសមាជិកអាស៊ានលើសារសំខាន់ៗ សម្រាប់ដាក់បញ្ចូលទៅក្នុងសេចក្តីព្រាង សេចក្តីប្រកាសរួមគ្នានៃរដ្ឋមន្រ្តីសុខាភិបាល អាស៊ាន ដែលនឹងត្រូវដាក់បញ្ចូលទៅក្នុងរបៀបវារៈ នៃកិច្ចប្រជុំរដ្ឋមន្រ្តីសុខាភិបាលអាស៊ានលើកទី១៤ និងកិច្ចប្រជុំពាក់ព័ន្ធដែលគ្រោងនឹងធ្វើនៅថ្ងៃទី២៦ ដល់ថ្ងៃទី ៣០ ខែសីហា ឆ្នាំ២០១៩។ ជាលទ្ធផល អង្គប្រជុំបានគាំទ្រទាំងស្រុង និងឯកភាពលើសំណូមពររបស់ក្រសួងសុខាភិបាលកម្ពុជាលើប្រធានបទនេះ។
អង្គប្រជុំបានដំណើរការតាមការគ្រោងទុក ដោយមានការពិភាក្សាគ្នាយកចិត្តទុកដាក់ ផ្តោតសំខាន់លើកិច្ចការនៃក្រុមការងារសុខាភិបាលអាស៊ាន (Health Clusters) ទាំង៤ គឺ១៖ ការលើកកម្ពស់ការរស់នៅមានសុខភាពល្អ (Promoting Healthy Life Style), ២៖ការឆ្លើយតបទៅនឹងគ្រោះមហន្តរាយ និងការគំរាមកំហែង ដែលកំពុងកើតមានឡើងទាំងអស់ (Responding to all Hazards and Emerging Threats), ៣៖ ការពង្រឹងប្រព័ន្ធសុខភាព និងការទទួលបាននូវការថែទាំ (Strengthening Health System and Access to Care) និង ៤៖ ការធានាសុវត្ថិភាពចំណីអាហារ (Ensuring Food Safety)។
សូមអានព័ត៌លម្អិតនៃកិច្ចប្រជុំដែលមានដូចខាងក្រោមនេះ៖