(កំពង់ចាម)៖ ស្នងការនគរបាលខេត្តកំពង់ចាម លោកឧត្ដមសេនីយ៍ទោ ឯម កុសល នៅថ្ងៃទី០៦ ខែមេសា ឆ្នាំ២០១៩នេះ បានដាក់បទបញ្ជាដល់កម្លាំងនគរបាល ត្រូវត្រៀមទាំងសម្ភារ និងមធ្យោបាយ ដើម្បីចេញប្រតិបត្តិការការពារសន្ដិសុខ សណ្ដាប់ធ្នាប់ ជូនប្រជាពលរដ្ឋក្នុងមូលដ្ឋាន នាឱកាសបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរ ដែលនឹងឈានចូលមកដល់មុនពេលឆាប់ៗនេះ។
លើសពីនេះ លោកឧត្តមសេនីយ៍ស្នងការ ណែនាំឲ្យបែងចែកវេនប្រចាំការ ប្រចាំបញ្ជាដើម្បីត្រៀមទាំងមធ្យោបាយ ទាំងកងកម្លាំងអន្ដរាគមន៍ កម្លាំងសណ្ដាប់ធ្នាប់ដើម្បីរៀបចំនៅទីកន្លែងកម្សាន្ដនានា ក្នុងភូមិសាស្ដ្រខេត្តកំពង់ចាម និងត្រៀមជួយអន្ដរាគមន៍ទៅតាមបណ្ដាស្រុកដែលមានការពាក់ព័ន្ធ នឹងការកកស្ទះចរាចរណ៍តាមដងផ្លូវជាដើម។
ថ្លែងណែនាំ និងក្រើនរំលឹករបស់លោកឧត្តមសេនីយ៍ទោ ឯម កុសល ត្រូវបានធ្វើឡើងនៅរសៀលថ្ងៃទី០៦ ខែមេសា ឆ្នាំ២០១៩នេះ ក្នុងឱកាស ដឹកនាំកិច្ចប្រជុំ ការងារត្រៀមក្នុងពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ
នាពេលខាងមុខ ដោយការចូលរួមពី លោក ស្នងការរងទទួលផែនសេនាធិការ លោកស្នងការរង ទទួលផែនការងារភស្តុភា និងហិរញ្ញវត្ថុ លោក-លោកស្រី នាយការិយាល័យគ្រប់រូប ។
ទន្ទឹមនឹងការដាស់តឿនដល់កងកម្លាំងនេះ លោកស្នងការខេត្តកំពង់ចាម ក៏បានអំពាវនាវដល់ប្រជាពលរដ្ឋខ្លួនឯង ក៏ត្រូវតែបង្កើនការប្រុងប្រយ័ត្នខ្ពស់បន្ថែមទៀត ចំពោះគ្រោះថ្នាក់អគ្គិភ័យដោយហេតុថា ខែនេះជាខែក្ដៅខ្លាំង ហើយអគ្គិភ័យក៏ងាយនឹងកើតមានឡើង ដូច្នេះមុនធ្វើដំណើរចេញពីគេហដ្ឋាន ត្រូវពិនិត្យឲ្យបានគ្រប់ជ្រុងជ្រោយ ទៅលើភ្លើងចង្ក្រាន និងត្រូវបិទកន្លែងណាដែលមានចរន្ដអគ្គិសនី។
បន្ថែមពីនេះ ប្រសិនបើមានហេតុការណ៍អ្វីកើតឡើង ត្រូវតែរាយការណ៍ជូនសមត្ថកិច្ចដែលនៅក្បែរខ្លួនជាបន្ទាន់ភ្លាមៗ ដើម្បីមានវិធានការអន្ដរាគមន៍ ជួយសង្គ្រោះ ឬក៏ត្រូវទាក់ទងមកភ្លាមនូវប្រចាំបញ្ជា២៤ម៉ោង លើ២៤ម៉ោង របស់ស្នងការដ្ឋាននគរបាលខេត្តកំពង់ចាម។
បន្ទាប់មកលោកឧត្តមសេនីយ៍ស្នងការ បានដឹកនាំកិច្ចពិភាក្សាណែនាំ ដល់មន្រ្តីក្រោមឱវាទឲ្យធ្វើការតុបតែង សំអាត តាមការិយាល័យ
នីមួយៗឲ្យបានស្អាត និងរៀបចំពិធីសូត្រមន្ត នៅក្នុងស្នងការដ្ឋាននគរបាលខេត្តកំពង់ចាម នៅថ្ងៃទី ០៨ ខែមេសា ឆ្នាំ២០១៩ នាពេលខាងមុខ៕