(ពោធិ៍សាត់)៖ លោក កែវ រតនៈ រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី អគ្គនាយកអគ្គិសនីកម្ពុជា និងជាប្រធានក្រុមការងារចុះជួយស្រុកកណ្តៀង និងស្រុកក្រគរនាថ្ងៃទី០៦ ខែមេសា ឆ្នាំ២០១៩ បានដឹកនាំប្រតិភូ ចុះសួរសុខទុក្ខកងកម្លាំង ដែលឈរជើងការពារនៅតាមខ្សែបន្ទាត់ព្រំដែនកម្ពុជា-ថៃ របស់វរសេនាតូចលេខ១ ក្នុងភូមិសាស្ត្រឃុំថ្មដា ស្រុកវាលវែង ខេត្តពោធិ៍សាត់ ក្នុងឱកាសទទួលអំណរសាទរបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ដែលនឹងចូលមកដល់នៅថ្ងៃខាងមុខ។
លោក កែវ រតនៈ បានថ្លែងថា ក្នុងដំណើរចុះសំណេះសំណាល និងសួរសុខទុក្ខ កងកម្លាំងវរសេនាតូចលេខ១ គឺត្រូវតែអនុវត្តឲ្យមានប្រសិទ្ធិភាពខ្ពស់បំផុត ស្របតាមអនុសាសន៍ដ៏មានតម្លៃរបស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលបានបំផុសឲ្យមានចលនាចងសម្ព័ន្ធមេត្រីភាព រវាងសមរភូមិក្រោយ ជាមួយសមរភូមិមុខ ក្នុងកាលៈទេសៈមួយ ដូចដែលពាក្យស្លោកពោលថា ធ្វើស្រែនឹងទឹក ធ្វើសឹកនឹងបាយ ដើម្បីពង្រឹងខឿនការពារឲ្យមានប្រសិទ្ធិភាពខ្ពស់តាមខ្សែបន្ទាត់ព្រំដែន។
លោកបានជម្រាបជូនដែរថា ក្នុងបណ្តាឆ្នាំកន្លងមក ក៏ដូចឆ្នាំនេះអគ្គិសនីកម្ពុជា តែងតែបានរៀបចំគណៈប្រតិភូ ដោយផ្អែកទៅលើគោលជំហរ និងជាទម្លាប់ផងនោះ ទោះជាមានការងារមមាញឹក យ៉ាងណាក៏ដោយ ត្រូវតែចុះសួរសុខទុក្ខដល់កងកម្លាំងប្រដាប់អាវុធ ដែលឈរជើងជួរមុខ ការពារខ្សែបន្ទាត់ព្រំដែនឲ្យខានតែបាន ក្នុងគោលបំណងផ្សារភ្ជាប់រវាងសមរភូមិក្រោយ និងសមរភូមិមុខ បង្កើននូវការទំនាក់ទំនងគ្នាឲ្យកាន់តែល្អ ក្នុងការទ្រទ្រង់នូវជីវភាព និងភាពចាំបាច់របស់កងទ័ព និងគ្រួសារពិសេសអង្គភាពវរសេនាតូចការពារព្រំដែនលេខ១ ដែលជាអង្គភាពសម្ព័ន្ធមេត្រីភាព ជាមួយអគ្គិសនីកម្ពុជា។
លោកបានសម្តែងនូវការគោរពកោតសរសើរ ដឹងគុណចំពោះវីរភាព ការលះបង់ ការតស៊ូ និងការធ្វើពលីកម្មគ្រប់បែបយ៉ាង ដើម្បីបុព្វហេតុការពារបូរណភាពទឹកដី និងប្រជាជនរបស់កងទ័ពយើង។ លោកក៏បានផ្តាំផ្ញើដល់កងកម្លាំងគ្រប់កងឯកភាព ត្រូវបន្តកិច្ចសហប្រតិបត្តិការ ទំនាក់ទំនងគ្នាឲ្យបានល្អ ជាមួយកងកម្លាំងជួរមុខរបស់កម្ពុជា-ថៃ ត្រូវចេះថែរក្សាសុខភាពឲ្យបានជាប្រចាំ ព្រោះរដូវនេះជារដូវប្រាំង និងឈានចូលដល់រដូវវស្សាខាងមុខនេះទៀតផង។
ក្នុងឱកាសនោះ លោកប្រធានគណៈប្រតិភូ បានឧបត្ថម្ភរថយន្ត Fort Ranger ដល់វរសេនាតូចលេខ១ ចំនួន ០១គ្រឿង និងផ្តល់ជូនគ្រឿងឧបភោគមួយចំនួនដូចជា ស្រាបៀរកម្ពុជា មី ត្រីខកំប៉ុង ទឹកត្រី ទឹកស៊ីអ៊ីវ សាច់ក្រក និងត្រីងៀត។ ជូនថវិការដល់វរសេនាតូចលេខ១ ដើម្បីដោះស្រាយថ្លៃទឹកភ្លើង ចំនួន១ពាន់ដុល្លារ និងចែកជូនកងកម្លាំងក្នុងវរៈ ម្នាក់ៗទទួលបាន ថវិកា១០០ដុល្លារ ព្រមទាំងបាយសាមគ្គីជុំគ្នា អបអរពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរ ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ដែលឈានចូលមកដល់ នាពេលឆាប់ៗខាងមុខផងដែរ៕