(ភ្នំពេញ)៖ ក្រោមការយកចិត្តទុកដាក់ពីអភិបាលរាជធានីភ្នំពេញ ឲ្យមានការរៀបចំសង្ក្រានឆ្នាំថ្មីតាមអង្គភាពស្ថាប័ន ដើម្បីបង្កលក្ខណៈសប្បាយដល់បងប្អូននោះ សម្រាប់ «មជ្ឈមណ្ឌលឱកាសខ្ញុំ» នាថ្ងៃទី០៦ ខែមេសា ឆ្នាំ២០១៩នេះ ក៏បានរៀបចំសង្ក្រាននេះជូនដល់ក្មេងៗ ដែលកំពុងទទួលការព្យាបាលគ្រឿងញៀន បានសប្បាយរីករាយផងដែរ។
ពិធីនេះក៏មានលោកស្រីជាអគ្គលេខាធិការរងគ្រឿងញៀន និងប្រតិភូអមដំណើរចូលរួមផងដែរ ដើម្បីមកផ្តល់ការសំណេះសំណាល ក៏ដូចជា សួរសុខទុកដល់ក្មួយៗ ប្អូនៗ ដែលកំពុងស្តារនីតិសម្បទា ព្យាបាលនៅក្នុង «មណ្ឌលឱកាសខ្ញុំ»។
លោកស្រីបន្តថា ពេញមួយថ្ងៃមជ្ឈមណ្ឌល ក៏បាននិមន្តព្រះសង្ឃសូត្រមន្តប្រោះព្រំលើករាសីដល់ក្មួយៗ ប្អូនៗ និងមន្ត្រីរបស់មណ្ឌល និងមានការចូលរួមពីអាណាព្យាបាល ឪពុកម្តាយ នាឱកាសនេះផងដែរ។ ក្នុងនោះ ក៏មានល្បែងប្រជាប្រិយសម្រាប់កំសាន្តជាច្រើន ដូចជា វាយក្អម លោតបាវ ញាំប៉ិគក់ប្រណាំងគ្នា ប្រណាំងក្អែប ចោលឈូង បោះអង្គុញ រួមនឹងតន្ត្រីរាំកំសាន្ត ពិសេសក៏មានផ្តល់កាដូរអនុស្សាវរីយ៍ជូនដល់ក្មួយៗ ប្អូនៗ ក្នុងលេងល្បែងដណ្តើមជ័យលាភីផងដែរ។
លោកស្រី មុំ ចាន់ដានី ប្រធានមន្ទីរសង្គមកិច្ច រាជធានីភ្នំពេញ ជំនួសមុខឲ្យក្មួយៗ មន្ត្រីរាជការទាំងអស់ និងអនាព្យាបាលក្មួយៗ ដែលរងគ្រោះដោយសារគ្រឿងញៀន សូមគោរពថ្លែងអំណរគុណ ដល់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ថ្នាក់ដឹកនាំរាជធានី ឥស្សរជនជាន់ខ្ពស់ អាជ្ញាធរប្រយុទ្ឋប្រឆាំងគ្រឿងញៀន និងក្រសួងសង្គមកិច្ច ទាំងអស់ ដែលបានយកចិត្តទុកដាក់ក្នុងការផ្តល់ឱកាសព្យាបាល ផ្តល់ឱកាសស្តារនីតិសម្បទាដល់ក្មួយៗទាំងអស់។
លោកស្រីថា ដោយសារតែការដឹកនាំប្រកបដោយគតិបណ្ឌិតសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នាំឲ្យប្រទេសជាតិមានសុខសន្តិភាព និងមានការលូតលាស់គ្រប់វិស័យ៕