(កំពង់ចាម)៖ លោក ប៉ាន សូរស័ក្តិ អនុប្រធានក្រុមការងារគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា ចុះជួយខេត្តកំពង់ចាម និងជាប្រធានក្រុមការងារថ្នាក់កណ្តាលចុះជួយស្រុកព្រៃឈរ និងស្រុកបាធាយ បានអំពាវនាវដល់សមាជិក សមាជិកា បន្តយកចិត្តទុកដាក់ពង្រឹងចលនាយុវជន នៅក្នុងរចនាសម្ព័ន្ធរបស់គណបក្សគ្រប់ថ្នាក់ ពិសេសនៅតាមមូលដ្ឋានឃុំ/ភូមិ ដោយចាត់ទុកកម្លាំងយុវជនជាសំឡេងដ៏មានសក្តានុពល ក្នុងការគាំទ្រគណបក្ស ប្រកបដោយចីរភាពរយៈពេលវែង។
លោក ប៉ាន សូរស័ក្តិ បានអំពាវនាវដូច្នេះ នាឱកាសចូលរួមពិធីប្រកាសទទួលភារកិច្ចផ្លូវការ ជាប្រធានក្រុមការងារថ្នាក់កណ្តាលចុះជួយស្រុកបាធាយ បន្ថែមលើស្រុកព្រៃឈរ ដែលរៀបចំឡើងកាលពីព្រឹកថ្ងៃសៅរ៍ ទី០៦ ខែមេសា ឆ្នាំ២០១៩ ក្រោមអធិបតីភាព លោកឧបនាយករដ្ឋមន្ត្រី យឹម ឆៃលី សមាជិកអចិន្ត្រៃយ៍គណៈកម្មាធិកាកណ្តាលគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមកាងារថ្នាក់កណ្តាលចុះជួយខេត្តកំពង់ចាម ដោយមានការចូលរួមពីសមាជិក សមាជិកានៃក្រុមការងារថ្នាក់កណ្តាល និងមូលដ្ឋានប្រមាណជាង ២០០នាក់។
បន្ថែមលើនេះ លោក ប៉ាន សូរស័ក្តិ ក៏បានសំណូមពរដល់សមាជិក សមាជិកាទាំងអស់ ធ្វើការប្រកាន់ខ្ជាប់គោលជំហរមុតមាំ ក្នុងការអនុវត្តកម្មវិធីនយោបាយរបស់គណបក្ស និងកម្មវិធីនយោបាយរបស់រដ្ឋាភិបាល ឱ្យកាន់តែល្អ និងមានប្រសិទ្ធភាពខ្ពស់ សំដៅបង្កើនប្រជាប្រិយភាពរបស់គណបក្ស ដើម្បីរក្សា និងបង្កើនប្រៀបឈ្នះ ក្នុងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា និងការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នៅបណ្តាឆ្នាំខាងមុខ។
«ខ្ញុំសង្ឃឹមថាក្រុមការងារយើងនៅស្រុកបាធាយនេះ ទាំងថ្នាក់កណ្តាល ថ្នាក់ស្រុក ថ្នាក់ឃុំ និងថ្នាក់ភូមិ នឹងរួបរួមសាមគ្គីសហការគ្នាយ៉ាងជិតស្និទ្ធ អនុវត្តន៍បានល្អនូវរាល់ភារកិច្ចដែលគណបក្សប្រគល់ជូន ដើម្បីបុព្វហេតុជាតិ និងប្រជាជនកម្ពុជាយើង»។ លោក ប៉ាន សូរស័ក្តិ មានប្រសាសន៍បន្ថែម។
នៅក្នុងឱកាសនោះដែរ លោកឧបនាយករដ្ឋមន្ត្រី យឹម ឆៃលី បានសម្តែងការអបអរសាទរចំពោះការចូលកាន់មុខតំណែងរបស់លោក ប៉ាន សូរស័ក្តិ និង លោក ផេន សុផល ប្រធានគណបក្សស្រុកបាធាយ និងបានផ្តែផ្តាំដល់ក្រុមការងារថ្នាក់កណ្តាល និងសមាជិក សមាជិកាទាំងអស់ គោរពតាមលក្ខន្តិកៈ រចនាសម្ព័ន្ឋ និងសេចក្តីសម្រេចរបស់មហាសន្និបាតគណបក្សប្រជាជនកម្ពុជា ដូចជាខិតខំពង្រឹង និងពង្រីកសមាជិកបក្សទាំងបរិមាណ និងគុណភាព ក្តាប់ឱ្យបាននូវឧបាយកល និងចលនាបំផ្លិចបំផ្លាញរបស់ក្រុមអមិត្ត ពិសេសការធ្វើបដិវត្តពណ៌។
លោកឧបនាយករដ្ឋមន្ត្រី ក៏បានលើកឡើងពីគុណបំណាច់របស់រាជរដ្ឋាភិបាល ដឹកនាំដោយគណបក្សប្រជាជនកម្ពុជា ដែលបានបង្កលក្ខណៈសម្រាប់ការអភិវឌ្ឍលើគ្រប់វិស័យ និងមានភាពម្ចាស់ការខ្ពស់ ក្នុងការទប់ស្កាត់ដោយ ជោគជ័យនូវរាល់ឧបាយកលដ៏ខ្មៅកខ្វក់របស់ក្រុមក្បត់ជាតិ ដែលបានឱនក្បាលបម្រើបរទេស។
«គណបក្សប្រជាជនកម្ពុជា កើតចេញពីប្រជាជន ដើម្បីប្រជាជន និងរួមសុខ រួមទុក្ខជាមួយប្រជាជន!»។ លោកឧបនាយករដ្ឋមន្ត្រី យឹម ឆៃលី បានគូសបញ្ជាក់។
យោងតាមរបាយការណ៍គណៈពង្រឹងមូលដ្ឋាន ស្រុកបាធាយមានផ្ទៃដីចំនួន ៥៨,៦៥៨ ម៉ែត្រក្រឡា និងមានប្រជាជនរស់នៅសរុប ២៧,៧១២គ្រួសារ ស្មើនឹង ១២២,៩២២នាក់ ព្រមទាំងមានសមាជិក សមាជិកាបក្ស ៤៩,២២៨នាក់។ បច្ចុប្បន្ន គណបក្សប្រជាជនស្រុកបាធាយ បានខិតខំយកចិត្តទុកដាក់អភិវឌ្ឍន៍មូលដ្ឋាន និងដោះស្រាយនូវបញ្ហាប្រឈម សំដៅឆ្លើយតបបំណងប្រាថ្នាដ៏ពិសិដ្ឋរបស់ប្រជាពលរដ្ឋម្ចាស់ឆ្នោត ព្រមទាំងខិតខំពង្រឹងការអនុវត្តយុទ្ធសាស្ត្រ និងគោលនយោបាយរបស់គណបក្សប្រជាជនកម្ពុជា ឆ្ពោះទៅរកការបោះឆ្នោតសកល ឆ្នាំ២០២៣៕