(ភ្នំពេញ)៖ កម្មវិធីកម្សាន្តសប្បាយៗ ការលេងល្បែងរបាំប្រជាប្រិយ និងការបង្ហាញនូវទម្រង់សិល្បៈទាំងបុរាណ និងសម័យជាច្រើនទម្រង់ កំពុងប្រព្រឹត្តទៅយ៉ាងអធិកអធមនៅវិទ្យាល័យជាស៊ីមបឹងកេងកងរយៈពេល៣យប់ ៣ថ្ងៃ ដើម្បីនាំមកនូវភាពសប្បាយរីករាយជូនប្រជាពលរដ្ឋក្នុងរាជធានីភ្នំពេញមុនពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិឈានចូលមកដល់។
កម្មវិធីកម្សាន្តសប្បាយទាំងអស់នេះ ត្រូវបានរៀបចំធ្វើឡើងដោយសហភាពសហព័ន្ធយុវជនកម្ពុជា រាជធានីភ្នំពេញ (ស.ស.យ.ក) ហើយគេបានប្រសិទ្ធនាមកម្មវិធីកម្សាន្តសប្បាយនេះថា «វេលាដ៏អស្ចារ្យ»។
កម្មវិធីកម្សាន្តសប្បាយដែលធ្វើឡើងចាប់ពីថ្ងៃទី០៦ ដល់ថ្ងៃទី០៨ ខែមេសា ឆ្នាំ២០១៩នេះ នឹងមានការបង្ហាញនូវផ្ទាំងទស្សនីយភាពសិល្បៈ និងការលេងរបាំប្រជាប្រិយជាច្រើនដូចជា៖ ការលេងល្បែងប្រជាប្រិយខ្មែរនានា, ការបោះអង្គញ់, ទាញព្រ័ត្រ, លោតបាវ, ការសម្តែងរបាំត្រុដិ, ការសម្តែងរបាំដាំស្រូវ និងការសម្តែងល្ខោនខោលជាដើម។ លើសពីនេះនៅពេលរាត្រីវិញ មានការរាំលេងកម្សាន្ត (EDM), ការសម្តែងចម្រៀង, ការបង្ហាញម៉ូដ និងការកម្មវិធីកម្សាន្តសប្បាយៗជាច្រើនទៀត។
ក្រៅពីការសម្តែងសិល្បៈ ការលេងល្បែងរបាំប្រជាប្រិយរបស់ខ្មែរហើយនោះ ក្នុងកម្មវិធីនេះ ក៏មានការលក់ម្ហូបអាហារ ចំណីចំណុក សម្លៀកបំពាក់ និងវត្ថុអនុស្សាវរីយ៍ជាច្រើនផ្សេងទៀត។
លោក សំហេង បូរ៉ា ប្រធានក្រុមការងារប្រតិបត្តិព្រឹត្តិការណ៍ «វេលាដ៏អស្ចារ្យ» បានឱ្យដឹងថា ព្រឹត្តិការណ៍នេះបង្កើតឡើងក្នុងគោលបំណងរួបរួមគ្នា ដើម្បីលើកកម្ពស់នូវវប្បធម៌ ប្រពៃណីទំនៀមទម្លាប់ដ៏ផូរផង់របស់បុព្វបុរសខ្មែរ ព្រមទាំងផ្សារភ្ជាប់ទំនៀមទម្លាប់ ទៅនឹងសហគ្រិនភាពដើម្បីបណ្តុះគំនិតច្នៃប្រឌិត ក្នុងការបង្កើតធុរៈកិច្ចដែលគោរពតាមប្រពៃណីជាតិ និងជួយបង្កើនចំណូលដល់ប្រជាជនក្នុងតំបន់ ហើយបង្កើតឱ្យមានភាពស្និទ្ធិស្នាលប្រកបដោយស្នាមញញឹម។ មិនត្រឹមតែប៉ុណ្ណោះ ក៏នឹងបង្ហាញពីចំណងដ៏រឹងមាំរបស់ប្រជាពលរដ្ឋខ្មែរ ក្នុងការថែរក្សា អភិវឌ្ឍប្រពៃណី ទំនៀមទម្លាប់ខ្មែរក៏ដូចជា ផ្តល់នូវបរិយាកាសទាក់ទាញភ្ងៀវជាតិ និងអន្តរជាតិដើម្បីកម្សាន្ត និងស្វែងយល់ពីកម្ពុជាឱ្យបានស៉ីជម្រៅផងដែរ។
លោកបន្ត សំហេង បូរ៉ា បានគូសបញ្ជាក់ថា ចំណុចជាគោលដែលកម្មវិធីចង់រំលេច គឺការរស់នៅសាមគ្គីគ្នាជាធ្លុងតាមរយៈចម្រៀង និងរបាំ។
ព្រឹត្តិការណ៍កម្សាន្តសប្បាយមុនឈានមកដល់នៃពិធីបុណ្យចូលឆ្នាំថ្មីដែលរៀបចំជាលើកដំបូងក្នុងរាជធានីភ្នំពេញនេះ ត្រូវបានលោក សំហេង បូរ៉ា បង្ហាញក្តីរំពឹងថា នឹងមានអ្នកចូលរួមលេងកម្សាន្តរហូតដល់ទៅជាង ៥ម៉ឺននាក់។
ក្នុងកិច្ចសម្ភាសជាមួយលោក កែវ ពិសិដ្ឋ អ្នកយកព័ត៌មានរបស់ Fresh News នៅថ្ងៃទី០៦ ខែមេសា ឆ្នាំ២០១៩ ដែលជាថ្ងៃចាប់ផ្តើមប្រារព្ធកម្មវិធីនោះ ប្រធានក្រុមប្រតិបត្តិវ័យក្មេងរូបនេះ បានបញ្ជាក់យ៉ាងដូច្នេះថា «ទាក់ទងនឹងសំណួរថា តើរំពឹងទុកថានឹងមានមនុស្សប៉ុន្មាននាក់ចូលរួម បើខ្ញុំឆ្លើយពេលព្រឹកអាចនឹងខុស តែពេលនេះមានច្រើនណាស់។ បើយើងគិតដំណើរជើងវិញ គឺនឹងអាចយ៉ាងតិចណាស់ ក៏១ម៉ឺនទៅ២ម៉ឺននាក់ដែរ ហើយពេលនេះផ្ទាល់ទៅមនុស្សប្រហែល ២ទៅ៣ពាន់នាក់ហើយ។ ខ្ញុំមិនដឹងថាល្ងាចនេះនឹងមានច្រើនដល់កម្រិតណាទេ យើងរង់ចាំគន់មើលសិន ហើយរយៈពេល៣ថ្ងៃនេះ បើយើងគិតចូលគ្នាខ្ញុំគិតថាអាចចូលដល់ជាង ៥ម៉ឺននាក់»។
លើសពីនេះទៅទៀត អនុរដ្ឋលេខាធិការក្រសួងពាណិជ្ជកម្មរូបនេះ ក៏បានថ្លែងអំណរគុណដល់លោក ហ៊ុន ម៉ានី ប្រធាន ស.ស.យ.ក និងលោក សាយ សំអាល់ ប្រធាន ស.ស.យ.ក រាជធានីភ្នំពេញ ដែលបានឯកភាពឲ្យបង្កើតមានព្រឹត្តិការណ៍នេះឡើង។ លោក សំហេង បូរ៉ា បានសង្ឃឹមថា បន្ទាប់ពីកម្មវិធីនេះត្រូវបានបញ្ចប់ទៅ នឹងធ្វើឲ្យយុវជន ស.ស.យ.ក កាន់តែមានសមត្ថភាពសកម្មចំពោះការងារស្ម័គ្រចិត្ត ដើម្បីចូលរួមជាមួយរាជរដ្ឋាភិបាល ក្នុងការអភិវឌ្ឍប្រទេសជាតិផងដែរ។
សូមបញ្ជាក់ថា ព្រឹត្តិការណ៍ «វេលាដ៏អស្ចារ្យ» ជាកម្មវិធីស្នូលដែលមានលក្ខណៈពិសេសដោយកំណត់ទីតាំងធំៗ ក្រោមប្រធានបទផ្សេងៗគ្នា។ ក្នុងនោះមាន៦តំបន់ ដែលមានគោលគំនិតទាក់ទង នឹងបទចម្រៀងប្រពៃណីខ្មែរ រួមមាន៖
១៖ តំបន់អនុស្សាវរីយ៍អង្គរ មានរៀបចំជាការតុបតែងបែបអង្គរសង្ក្រាន្ត ដើម្បីគាស់រម្លឹកពីភាពស្រស់ស្អាតរបស់កម្មវិធីអង្គរសង្ក្រាន្តកន្លងមក ហើយក៏បានបង្ហាញពីការគោរពស្រឡាញ់ដល់ស្នាដៃរៀមច្បងនានា ដែលបានបង្កើតកម្មវិធីដ៏អស្ចារ្យមួយនេះឡើងមក។
២៖ តំបន់ណាំណាវ ជាតំបន់ចម្រុះជនជាតិដោយមានចម្រៀង និងការរាំលេងកម្សាន្ត គួរឱ្យចាប់អារម្មណ៍។
៣៖ តំបន់ផាមួងកទា ឆ្លុះបញ្ចាំងតាមសម័យកាលដែលជនជាតិខ្មែរជាជនជាតិស៉ីវិល័យ និងមានរសនិយមខ្ពស់លើសម្លៀកបំពាក់។ តំបន់នេះផ្តោតសំខាន់លើស្នាដៃទេពកោសល្យ របស់អ្នកច្នៃម៉ូតនានា ដែលចង់បង្ហាញពីភាពអស្ចារ្យនៃវប្បធម៌ តាមរយៈសម្លៀកបំពាក់របស់ខ្លួន ក៏ដូចជាលើកតម្កើងនូវវប្បធម៌ដ៏ស្រស់ស្អាត របស់បណ្ដាប្រទេសនានាផងដែរ។
៤៖ តំបន់ភិសវង់ ជាតំបន់ដែលផ្តោតលើការរាំកម្សាន្ត ដែលញ៉ាំងកម្មវិធីនេះឱ្យមានភាពមហោឡារិក។ តំបន់នេះមានការរៀបចំជាបទចម្រៀងចង្វាក់ប្រពៃណីខ្មែរនានា ចង្វាក់រាំវង់ រាំក្បាច់ សារ៉ាវ៉ាន់ ឡាំលាវ ចូលកំពឹសជាដើម។
៥៖ តំបន់ចាហួយសង់ខ្យា ជាតំបន់ដែលពោរពេញទៅដោយការប្រកបរបរអាជីវកម្ម របស់ប្រជាពលរដ្ឋខ្មែរនៅជុំវិញទីតាំងប្រារព្ធកម្មវិធី ក៏ដូចជាក្នុងផ្សាយផ្ទាល់ ហើយកម្មវិធីក៏បានផ្ដួចផ្ដើមគំនិតលើកស្ទួយនូវសហគ្រិនភាព របស់ពួកគាត់តាមរយៈការបង្កើតស្តង់ម្ហូបអាហារសម្រាប់អាជីវករ។
៦៖ តំបន់ជិះទូកតាមគង្គា ជាតំបន់ដែលយកទឹកជាគោលក្នុងការអបអរកម្មវិធីវេលាដ៏អស្ចារ្យ៕