(ពោធិ៍សាត់)៖ លោក អេង គន្ធា អគ្គនាយករងអគ្គិសនីកម្ពុជា និងជាប្រធានក្រុមការងារចុះជួយឃុំស្រែស្តុក ស្រុកកណ្តៀង និងឃុំអន្សាចំបក់ ស្រុកក្រគរ នាថ្ងៃទី០៦ ខែមេសា ឆ្នាំ២០១៩ នៅបរិវេណវត្តក្តីឧត្តម ហៅវត្តក្តីឃ្វិត បានជួបសំណេះសំណាលជាមួយចាស់ព្រឹទ្ធាចារ្យ លោកតា លោកយាយ ចាប់ពីអាយុ៦៥ឆ្នាំ ឡើងទៅចំនួន ៦៤៥នាក់ មកពី១៧ភូមិ ក្នុងឃុំស្រែស្តុក ស្រុកកណ្តៀង ខេត្តពោធិ៍សាត់ ដើម្បីបង្កើតឱ្យមានកម្មវិធីសប្បាយៗ និងពិសានំបាញ់ហយរួមគ្នាមួយពេល ក្នុងឱកាសពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរ ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ដែលឈានចូលមកដល់ នាពេលឆាប់ៗខាងមុខ។
លោក អេង គន្ធា បានថ្លែងអំណរគុណចំពោះរដ្ឋបាលស្រុក ឃុំ ភូមិ ជាពិសេសយុវជន យុវនារី នៅក្នុងឃុំស្រែស្តុកទាំងមូលបាន ដែលបានចូលរួមសហការ ក្នុងការអញ្ជើញចាស់ព្រឹទ្ធាចារ្យ លោកតា លោកយាយ ចាប់ពីអាយុ៦៥ឆ្នាំ ឡើងទៅចំនួន ៦៤៥នាក់ មកពី១៧ភូមិ បានមកជូបជុំធ្វើការសំណេះសំណាលសាកសួរសុខទុក្ខនាពេលនេះ។
លោកបានបញ្ជាក់ថា នេះមិនមែនជាលើកទី១នោះទេ សម្រាប់រូបលោក និងលោកស្រី ព្រមទាំងក្រុមការងារ តែងតែបានបង្កើតឲ្យមានកម្មវិធីមួយនេះឡើង ដើម្បីឲ្យចាស់ព្រឹទ្ធាចារ្យ លោកតា លោកយាយ មកពីបណ្តាភូមិផ្សេងៗ បានឃើញគ្នា ស្គាល់គ្នា និងប្រាស្រ័យទាក់ទង សំណេះសំណាលគ្នា និងលែងល្បែងប្រជាប្រិយ ប្រពៃណីជាតិខ្មែរយើង ក្នុងគោលបំណងបង្កើតនូវបរិយាកាស សប្បាយរីករាយ និងមានភាពស្និទ្ធិស្នាលក្រៃលែងព្រមទាំងសាទរ នៃឱកាសពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរ ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ដែលឈានចូលមកដល់ នាពេលឆាប់ៗខាងមុខ។
លោកបានថ្លែងទៀតថា ប្រជាពលរដ្ឋយើងមានវប្បធម៌ អរិយធម៌ខ្ពង់ខ្ពស់ជាមួយនឹងការអភិវឌ្ឍ និងបន្តរក្សាការពារនូវកេរ្តិ៍ដំណែលជាតិខ្មែរ ឱ្យបានថ្កើងថ្កាន តាមរយៈការអប់រំ ផ្សព្វផ្សាយវប្បធម៌ អរិយធម៌ខ្មែរ ជូនដល់យុវជន យុវនារី និងសិស្សានុសិស្សជំនាន់ក្រោយ។ កម្មវិធីនេះបានរៀបចំឡើង បានការជួយឧបត្ថម្ភគាំទ្រពីសំណាក់លោក កែវ រតនៈ រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី អគ្គនាយកអគ្គិសនីកម្ពុជា និងជាប្រធានក្រុមការងារចុះជួយស្រុកកណ្តៀង និងស្រុកក្រគរ ក្នុងគោលបំណង បានជួបសំណេះសំណាលផ្ទាល់ជាមួយចាស់ព្រឹទ្ធាចារ្យ លោកតា លោកយាយ នៅក្នុងឃុំ និងចំណេញក្នុងការបង្រៀនក្មួយៗ ជាយុវជន និងសិស្សានុសិស្សនៅក្នុងមូលដ្ឋាន បានស្គាល់ បានយល់ អំពីវប្បធម៌ អរិយធម៌ របស់ជាតិខ្លួនឯងពិត មិនចម្លងពីគេ និងចូលរួមថែរក្សា និងលើកស្ទួយ និងអភិរក្សវប្បធម៌ ទំនៀមទំលាប់ប្រពៃណីជាតិ បានគង់វង្សយូរអង្វែង។
លោកក៏បានជម្រាបជូនផងដែរថា រូបលោក និងក្រុមការងារ ទទួលខុសត្រូវទាំងស្រុង ក្នុងការចំណាយ ទាំងថវិកា និងសម្ភារៈ ចំពោះករណីស្ត្រីក្រីក្រសម្រាលកូន មិនទៅតាមធម្មជាតិ និងធ្វើការវៈកាត់ ត្រូវរាយការណ៍ជូនអាជ្ញាធរឃុំ ភូមិជាបន្ទាន់ ដើម្បីជួយសង្គ្រោះទាំងម្តាយ និងទារក ឲ្យបានទាន់ពេលវេលា។
ជាការពិតណាស់ថា ហេដ្ឋារចនាសម្ព័ន្ធ និងសមិទ្ធផលធំៗជាច្រើនទាំងវិស័យអាណាចក្រ និងពុទ្ធចក្រកើតមានបានសព្វថ្ងៃ គឺអាស្រ័យដោយសង្គមជាតិយើង ទទួលបានសុខសន្តិភាព ក្រោមគោលនយោបាយឈ្នះ-ឈ្នះរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា។ ដូច្ឆេះត្រូវរួមគ្នាថែរក្សាសន្តិភាពតទៅទៀត កុំជឿល្បិចកលជនខិលខូច បើមានបញ្ហាអ្វីកើតឡើងនោះ យើងមានលោក ម៉ៅ ធនិន អភិបាល នៃគណៈអភិបាលខេត្ត រួមជាមួយអាជ្ញាធរ ភូមិ ឃុំ ស្រុក និងមន្ត្រីនគរបាលរដ្ឋបាល ជាអ្នកដោះស្រាយជូនប្រជាពលរដ្ឋយើង ព្រោះថាកន្លងមក លោកអភិបាលខេត្ត តែងតែចាត់ទុកថាប្រជាពលរដ្ឋ គឺជាមហាគ្រួសារតែមួយ និងស្ថិតនៅក្រោមដំបូលតែមួយ។
បន្ទាប់ពីលេងល្បែងប្រជាប្រិយ វាយក្អម ទាញព្រាត់ រាំវង់ ក្រុមការងារបានរៀបចំនំបាញ់ហយពិសារួមគ្នាមួយពេល និងបានផ្តល់ជូនចាស់ព្រឹទ្ធាចារ្យ លោកតា លោកយាយ ចំនួន៦៤៥នាក់ ក្នុងម្នាក់ៗ ទទួលបានថវិកា ៥ពាន់រៀល។ ជាមួយគ្នានោះ ក្រុមការងារដែលដឹកនាំដោយលោក អេង គន្ធា ក៏បានរៀបចំកម្មវិធីដដែលនោះ នៅឃុំស្នាអន្សា ស្រុកក្រគរ សម្រាប់ថ្ងៃស្អែកផងដែរ៕