(តាកែវ)៖ ដើម្បីបង្កភាពសប្បាយរីករាយ ដល់បងប្អូនប្រជាពលរដ្ឋក្នុងខេត្តតាកែវ នៅក្នុងឱកាសប្រារព្ធពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិនាពេលខាងមុខ សហភាពសហព័ន្ធយុវជនកម្ពុជា សាខាខេត្តតាកែវ នៅថ្ងៃទី៦ ខែមេសា ឆ្នាំ២០១៩នេះ បានរៀបចំពិធីក្រុងពាលីរៀបចំព្រឹត្តិការណ៍តាកែវសង្ក្រាន្ត ឆ្នាំ២០១៩ នៅបរិវេណប្រាសាទតាព្រហ្មទន្លេបាទី ដែលស្ថិតនៅក្នុងឃុំក្រាំងធ្នង់ ស្រុកបាទី ខេត្តតាកែវ។
លោក សុខ ពុទ្ធិវុធ ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជាខេត្តតាកែវ បានថ្លែងថា នៅក្នុងឆ្នាំនេះខេត្តនីមួយៗ និងរៀបចំសង្រ្កានរៀងៗខ្លួន ដូច្នេះនៅក្នុងឱកាសបុណ្យចូលប្រពៃណីជាតិ ក្នុងឆ្នាំនេះសហភាពសហព័ន្ធយុវជនកម្ពុជាខេត្តតាកែវ បានរៀបចំព្រឹត្តិការណ៍សង្រ្កាន នៅរម្យណីយដ្ឋានប្រវត្តិសាស្រ្តទន្លេបាទី ព្រោះទីនេះមានប្រាសាទបុរាណ មានបឹងធម្មជាតិ ដែលនឹងទាក់ទាញដល់បងប្អូនប្រជាពលរដ្ឋ នៅគ្រប់ទីសទីចូលមកលេងកម្សាន្ត។
លោក សុខ ពុទ្ធិវុធ បានបន្តថា ព្រឹត្តិការណ៍សង្រ្កានដែលរៀបចំនៅរម្យណីយដ្ឋានប្រវត្តិសាស្រ្តទន្លេបាទីនេះ មានការចូលរួមរៀបចំពីក្រុមយុវជនស្ម័គ្រចិត្តរបស់ សហភាពសហព័ន្ធយុវជនខេត្តតាកែវ ចំនួន៥រយនាក់ ដើម្បីធ្វើយ៉ាងណាបង្កលក្ខណៈសប្បាយរីករាយដល់បងប្អូន ប្រជាពលរដ្ឋនៅក្នុងស្រុកបាទី ក៏ដូចជាបងប្អូនប្រជាពលរដ្ឋនៅតំបន់នានាដែលមកកម្សាន្តនៅទីនេះ ក្នុងនោះសហភាពសហព័ន្ធ នឹងរៀបចំលេងល្បែងកម្សាន្តប្រជាប្រីយប្រពៃណីខ្មែរ មានការតាំងពិរព័ណ៌ម្ហូបអាហារ ការតាំងពិរព័ណ៌បច្ចេកវិទ្យា មានការប្រគុំតន្រ្តី និងមានការសម្ដែងសិល្បៈបូរាណ ជូនបងប្អូនប្រជាពលរដ្ឋកម្សាន្តនៅពេលយប់ផងដែរ។
ប្រធានសហភាពសហព័ន្ធយុវជនខេត្តតាកែវ បានសំដែងនូវក្ដីសង្ឃឹមថា ព្រឹត្តិការណ៍សង្រ្កាននៅទន្លេបាទីដែលនឹងរៀបចំនៅក្នុងឱកាសបុណ្យចូលឆ្នាំប្រពៃណីយជាតិ ខាងមុខពិតជា និងទាក់ទាញភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិឲ្យមកចូលលេងកម្សាន្តនៅរម្យណីយទន្លេបាទី កាន់តែច្រើនឡើងថែមទៀតជាក់ជាពុំខាន ព្រោះមានសកម្មភាពកម្សាន្តសប្បាយជាច្រើន ដែលនឹងរៀបចំធ្វើឡើងនៅទីនេះ ជាពិសេសព្រឹត្តិការណ៍នេះ និងនាំឲ្យយុវជនយើងកាន់តែមានការយល់ដឹងពីសាសនា វប្បធម៌ អរីយ្យធម៌និងប្រពៃណីយដ៏ល្អផូផង់របស់ខ្មែរ ដែលដូនតា និងបុព្វបុរសខ្មែរបានបន្សល់ទុកឲ្យរហូតដល់បច្ចុប្បន្ន៕