(បាត់ដំបង)៖ លោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក បានថ្លែងទៅកាន់កងទ័ព ត្រូវរក្សាភាពស្មោះត្រង់ដាច់ខាត ចំពោះជាតិ សាសនា ព្រះមហាក្សត្រ និងលើកកម្ពស់មនសិការស្នេហាជាតិ។ ជាមួយគ្នានេះ កងទ័ពទាំងអស់ត្រូវគោរពឲ្យបានម៉ឺងម៉ាត់នូវរាល់តួនាទី និងភារកិច្ចរបស់កងទ័ពក្នុងការពង្រឹងខឿន ការពារជាតិ ការពារឯករាជ្យ អធិបតេយ្យ បូរណភាពទឹកដី និងសន្តិភាព តាមរយៈការអនុវត្តឲ្យបានជោគជ័យរាល់បទបញ្ជារបស់រាជរដ្ឋាភិបាល ក្រសួងការពារជាតិ អគ្គបញ្ជាការដ្ឋាន និងបញ្ជាការដ្ឋានកងទ័ពជើងគោកដែលប្រគល់ជូន។
លោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត នៅថ្ងៃទី៦ ខែមេសា ឆ្នាំ២០១៩នេះ បានចុះសួរសុខទុក្ខ យោធិន គ្រួសារយោធិន យោធិនពិការ គ្រួសារយោធិនពលី និងនិវត្តន៍ជន ក្នុងឱកាស បុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦២-២៥៦៣ នៅទីបញ្ជាការកងពលតូចថ្មើរជើងលេខ៥៣។
នៅចំពោះមុខកងទ័ពទាំងអស់ លោកមេបញ្ជាការ បានថ្លែងអំណរគុណចំពោះអគ្គនាយកដ្ឋានរតនាគារជាតិ ដែលជាសម្ព័ន្ធភាពដ៏ល្អរបស់កងពលតូចថ្មើរជើងលេខ៥៣ ដែលជួយដោះស្រាយការងារ ការលំបាកផ្សេងៗទៀតដល់កងទ័ព គ្រួសារកងទ័ពរបស់យើង។ សូមអបអរសាទរចំពោះសមិទ្ធផលថ្មីៗរបស់អង្គភាពដូចជាផ្លូវចាក់កៅស៊ូជាង១០០០ម៉ែត្រ អាគារកងអនុសេនាធំចំនួន២ខ្នង និងសមិទ្ធផលផ្សេងៗទៀត។ ពីឆ្នាំទៅមួយឆ្នាំយើងបានសុខសប្បាយ ត្រជាក់ត្រជុំ មិនថាទាហាន មិនថា ស៊ីវិល មិនថាគ្រួសារទ័ព មិនថាគ្រួសារប្រជាពលរដ្ឋនោះទេ គឺយើងចង់បានអញ្ចឹង ចូលឆ្នាំម្ដងៗប្រកបទៅដោយភាពសប្បាយរីករាយ សន្តិសុខ និងឈានឆ្ពោះទៅមើលឆ្នាំថ្មីសុខសប្បាយរីករាយជាជាងឆ្នាំដែលវឹកវរដោយសារសង្គ្រាម ដោយសារអសន្តិសុខសង្គម។ ឆ្នាំ២០១៨-២០១៩ នេះគឺយើងនៅតែបន្តស្ថិរភាពក្រោមការដឹកនាំរបស់សម្ដេចតេជោនាយករដ្ឋមន្ត្រី និងថ្នាក់ដឹកនាំនៃរាជរដ្ឋាភិបាល។
យោងតាមសុន្ទរកថាស្វាគមន៍របស់មេបញ្ជាការកងពលតូចថ្មើរជើងលេខ៥៣ គិតមកទល់ពេលនេះ កងពលបានចងសម្ព័ន្ធមេត្រីភាពជាមួយអគ្គនាយកដ្ឋានរតនាគារជាតិ និងធនាគារវឌ្ឍនៈ អស់រយៈពេល ១៤ឆ្នាំមកហើយ ដែលនេះគឺជាការអនុវត្តតាមអនុសាសន៍ដ៏ថ្លៃថ្លារបស់សម្តេចតេជោនាយករដ្ឋមន្ត្រី ក្នុងការបំផុសចលនាសម្ព័ន្ធមេត្រីភាពរវាងស្ថាប័ន-អង្គភាពស៊ីវិល ជាមួយកងឯកភាពនៃកងយោធពលខេមរភូមិន្ទ ដើម្បីពង្រឹងប្រៀបការពារជាតិ។ ក្នុងនោះ កងពលបានទទួលជំនួយឧបត្ថម្ភជាច្រើន រួមមាន៖ សម្ភារ បរិក្ខារ និងគ្រឿងឧបភោគបរិភោគ ក៏ដូចជាការកសាងហេដ្ឋារចនាសម្ព័ន្ធរូបវ័ន្តផ្សេងៗ បម្រើឱ្យសេចក្តីត្រូវការរបស់អង្គភាព និងគ្រួសារយោធិន។
លោកបានសម្តែងនូវការកោតសរសើរ និងថ្លែងអំណរគុណចំពោះអគ្គនាយកដ្ឋាន រតនាគារជាតិ ដែលបានខិតខំចូលរួមចំណែកជាមួយរាជរដ្ឋាភិបាលក្នុងការកសាង និងពង្រឹងកងយោធពល ខេមរភូមិន្ទ លើគ្រប់វិស័យ ជាក់ស្តែងបានអនុវត្តយ៉ាងសកម្មនូវកិច្ចការសម្ព័ន្ធមេត្រីភាពជាមួយកងពលតូចថ្មើរជើងលេខ៥៣ តាំងពីដើមរៀងមក រហូតកងពលមានការអភិវឌ្ឍរីកចម្រើនជាលំដាប់ និងពង្រឹងបាននូវសមត្ថភាពក្នុងការបំពេញភារកិច្ចការពារជាតិមាតុភូមិ ជាពិសេសការជួយទំនុកបម្រុងដល់បងប្អូនវីរយុទ្ធជន ដែលបានបំពេញភារកិច្ចអស់រយៈពេល ៤០ឆ្នាំ ដើម្បីបុព្វហេតុជាតិ មាតុភូមិ របស់យើង។ ការចងសម្ពន្ធភាព គឺជាការចូលរួមចំណែកពិតប្រាកដនិងទឹកចិត្តនៃការជួយដល់កងទ័ពដើម្បីជួយទៅដល់ខឿនការពារជាតិរបស់យើងទាំងអស់គ្នា។ នេះគឺជាការចែករំលែក របស់ថ្នាក់ដឹកនាំនិងមន្ត្រីអគ្គនាយកដ្ឋានរតនាគារជាតិ ដែលធ្វើឲ្យដំណើរការសម្ព័ន្ធមេត្រីភាពនៅទីនេះបានចូលរួម។ ហើយសង្ឃឹមថាសម្ព័ន្ធមេត្រីភាពនឹងបន្តជួយបន្ថែមទៀតទៅដល់អង្គភាព។
លោកឧត្តមសេនីយ៍ផ្កាយ៣ ហ៊ុន ម៉ាណែត បានផ្តាំផ្ញើដល់មេបញ្ជាការ មេបញ្ជាការរង នាយទាហាន នាយទាហានរង និងពលទាហាន ទាំងអស់ដូចខាងក្រោម៖
*ត្រូវគោរព និងអនុវត្តរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា ក៏ដូចជា ច្បាប់ស្តីពីលក្ខន្តិកៈទូទៅចំពោះយោធិន នៃកងយោធពលខេមរភូមិន្ទ និងច្បាប់រដ្ឋផ្សេងៗទៀត
*ត្រូវបន្តអនុវត្តផែនការយុទ្ធសាស្ត្រសំខាន់ៗ ជាអាទិ៍ កម្មវិធីនយោបាយរបស់រាជរដ្ឋាភិបាល នីតិកាលទី៦ យុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៤ ជាពិសេសគោលនយោបាយលើវិស័យការពារជាតិ រួមមានសៀវភៅ «ស» ការពារជាតិឆ្នាំ២០០៦ និងវិវេចនាយុទ្ធសាស្រ្តការពារជាតិឆ្នាំ២០១៣ ផែនការកែទម្រង់កងយោធពលខេមរភូមិន្ទរយៈពេល៥ឆ្នាំ (២០១៥-២០១៩) និងផែនការសកម្មភាពការងារយោធារបស់កងទ័ពជើងគោក ឆ្នាំ២០១៩
*ត្រូវចាត់តាំងផ្សព្វផ្សាយ និងរៀនសូត្រជាបន្ទាន់នូវសុន្ទរកថារបស់សម្តេចតេជោ ហ៊ុន សែន ថ្លែងក្នុងឱកាសខួប២០ឆ្នាំ ថ្ងៃបង្កើតបញ្ជាការដ្ឋានកងទ័ពជើងគោក ព្រមទាំងបាវចនា២ គឺ «កែទម្រង់ខាងក្នុង និងពង្រីកមិត្តខាងក្រៅលើមូលដ្ឋាននៃឯករាជ្យ និងអធិបតេយ្យជាតិ» ក៏ដូចជា អភិក្រមទាំង ៥ គឺ «ឆ្លុះកញ្ចក់, ងូតទឹក, ដុសក្អែល, ព្យាបាល, និងវះកាត់»
*រក្សាភាពស្មោះត្រង់ដាច់ខាតចំពោះជាតិ សាសនា ព្រះមហាក្សត្រ និងលើកកម្ពស់មនសិការស្នេហាជាតិ គោរពឱ្យបានម៉ឺងម៉ាត់នូវរាល់តួនាទី និងភារកិច្ចរបស់កងទ័ពក្នុងការពង្រឹងខឿនការពារជាតិ ការពារឯករាជ្យ អធិបតេយ្យ បូរណភាពទឹកដី និងសន្តិភាព តាមរយៈ ការអនុវត្តឱ្យបានជោគជ័យនូវរាល់បទបញ្ជារបស់រាជរដ្ឋាភិបាល ក្រសួងការពារជាតិ អគ្គបញ្ជាការដ្ឋាន និងបញ្ជាការដ្ឋានកងទ័ពជើងគោកដែលប្រគល់ជូន
*ត្រូវផ្តោតការយកចិត្តទុកដាក់ជាចាំបាច់លើការងារអប់រំចិត្តសាស្ត្រ និងផ្សព្វផ្សាយអប់រំអំពីច្បាប់រដ្ឋ បទវិន័យកងទ័ព និងបទដ្ឋានគតិយុត្តផ្សេងៗ ដែលពាក់ព័ន្ធនឹងការអនុវត្តគោល នយោបាយនានារបស់រាជរដ្ឋាភិបាលចំពោះកងទ័ព
*ត្រូវបង្កើនការយកចិត្តទុកដាក់ហ្វឹកហ្វឺន និងសកម្មចូលរួមរៀនសូត្រឲ្យបានត្រឹមត្រូវ និងម៉ឺងម៉ាត់ដោយគោរពឲ្យបានខ្ជាប់ខ្ជួន និងយកអស់កម្លាំងកាយចិត្តហ្វឹកហាត់គ្រប់ជំនាញ
*យកចិត្តទុកដាក់ថែរក្សាការពារ គ្រប់គ្រង និងរក្សាទុកដាក់អាវុធ-គ្រាប់ ជាតិផ្ទុះឱ្យបានត្រឹមត្រូវតាមលក្ខណៈបច្ចេកទេស និងតាមច្បាប់របស់រដ្ឋ។ អាវុធ-គ្រាប់ទាំងអស់ត្រូវស្ថិតក្នុងកន្លែងមានសុវត្ថិភាព ដោយមិនឲ្យធ្លាក់ទៅដល់ដៃខ្មាំងសត្រូវឡើយ
*ត្រូវបន្តអនុវត្តកិច្ចសហប្រតិបត្តិការល្អ ជាមួយអាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ អង្គភាពសម្ព័ន្ធមេត្រី រួមជាមួយប្រជាជននៅតាមតំបន់នីមួយៗ ក្នុងគោលដៅពង្រឹងសាមគ្គីភាពជាតិ ការកសាងអង្គភាព និងទប់ស្កាត់ឲ្យបានទាន់ពេលវេលានូវរាល់បទល្មើសនានា ដែលធ្វើឲ្យមានអស្ថិរភាពក្នុងសង្គមជាតិ និងត្រៀមមធ្យោបាយ សម្ភារៈ ដើម្បីជួយសង្រ្គោះប្រជាពលរដ្ឋពីគ្រោះមហន្តរាយផ្សេងៗ ដែលកើតឡើងជាយថាហេតុ
*ត្រូវបន្តយកចិត្តទុកដាក់ឲ្យបានខ្លាំងក្លាក្នុងការបង្កបង្កើនផល ចិញ្ចឹមសត្វ រួមចំណែកក្នុងការលើកស្ទួយជីវភាពរស់នៅរបស់កងទ័ព និងខិតខំយកចិត្តទុកដាក់ថែរក្សាសុខភាពរបស់កងទ័ព ជាពិសេស ត្រូវរួមគ្នាបន្តថែរក្សា និងអនុវត្តនូវគោលនយោបាយខឿនការពារជាតិរបស់ប្រជាជនឱ្យបានជាប់លាប់
*ត្រូវសហការជាមួយកងកម្លាំងមានសមត្ថកិច្ចនានា ខិតខំប្រមូលផ្គុំបង្កើនវិធានការប្រមូល ព័ត៌មានដើម្បីវិភាគ និងវាយតម្លៃព័ត៌មាន ដែលទាក់ទងដល់សន្តិសុខជាតិ ឧបាយកលនានា ដែលប៉ុនប៉ងបំផ្លិចបំផ្លាញសន្តិភាព ស្ថិរភាពនយោយបាយ និងដំណើរឆ្ពោះទៅមុខ នៃការអភិវឌ្ឍប្រទេស សំដៅរួមគ្នាចាត់វិធានការប្រកបដោយប្រសិទ្ធភាពក្នុងការបង្ការ ទប់ស្កាត់ និងបង្ក្រាបស្របតាមច្បាប់ជាធរមាន៕