(ភ្នំពេញ)៖ ក្រុមហ៊ុន ដូមីណូភីហ្សា បានរៀបចំការប្រកួតលំដាប់ថ្នាក់ពិភពលោក ប្រចាំឆ្នាំ២០១៩មួយ ដើម្បីស្វែងរកជើងខ្លាំងកំពូលអ្នកធ្វើភីហ្សាលឿនជាងគេនៅកម្ពុជា «Fastest Pizza Maker Competition» ដើម្បីតំណាងកម្ពុជាទៅចូលរួមប្រកួតក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិច។
ក្នុងនោះ បេក្ខជនទាំងពីរភេទបានបង្ហាញក្ដីសង្ឃឹម យ៉ាងខ្លាំងក្លាចំពោះការចូលរួមប្រកួត ធ្វើភីហ្សានៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិច។ កម្មវិធីប្រកួតលំដាប់ថ្នាក់ពិភពលោកស្វែងរកជើងខ្លាំង អ្នកធ្វើភីហ្សាលឿនជាងគេនៅកម្ពុជានេះ មានការចូលរួមប្រកួតពី បេក្ខជន-បេក្ខនារីចំនួន២២រូប។
ដើម្បីអាចទៅចូលរួមប្រកួតប្រជែងបាន បេក្ខជន-បេក្ខនារីទាំងអស់ត្រូវតែឆ្លងកាត់ ការប្រកួតប្រជែងនៅក្នុងប្រទេសជាមុនសិន ហើយសម្រាប់អ្នកទទួលបានជ័យលេខភីលេខ១ នឹងក្លាយជាម្ចាស់ពានអ្នកធ្វើភីហ្សាលឿនជាងគេនៅកម្ពុជា រួមជាមួយប្រាក់រង្វាន់ផ្សេងទៀត មិនតែប៉ុណ្ណោះគាត់នឹងក្លាយជាតំណាងកម្ពុជា ដើម្បីចូលរួមប្រកួតលំដាប់ថ្នាក់ពិភពលោក ជាមួយបណ្ដាប្រទេសជាច្រើន ក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិច។
លោក គួច សុខលី នាយកប្រតិបត្តិក្រុមហ៊ុន យីងកុង ឲ្យដឹងថា ការប្រកួតនេះនឹងមានការចូលរួម ពីប្រទេសផ្សេងៗជាង២០ ដោយការប្រកួតនឹងធ្វើឡើងក្នុងប្រទេសសាំងហ្គាពួ នៅខែក្រោយខាងនេះ។
ជាក់ស្ដែង បន្ទាប់ពីធ្វើការប្រកួតឡើងស្វិតស្វាញ ទីបំផុតបានរកឃើញម្ចាស់ជ័យលេខភី កំពូលអ្នកធ្វើភីហ្សាលឿនជាគេប្រចាំឆ្នាំ២០១៩ចំនួន២រូបរួមមាន៖ ជ័យលាភីលេខ១បានទៅលើបេក្ខជន ផន សំបូរ និងលេខ២បានទៅលើបេក្ខជន ជា ឃុំ។
សម្រាប់បេក្ខជនទទួលបានជ័យលេខភីលេខ១ និងតំណាងឲ្យកម្ពុជាចូលរួមប្រកួត ជាមួយបណ្ដាប្រទេសផ្សេងទៀត ក្នុងអាស៊ីប៉ាស៊ីហ្វិចនៅសិង្ហបុរីនៅថ្ងៃទី១៤-១៦ ខែឧសភា ឆ្នាំ២០១៩ខាងមុខនេះ។
បេក្ខជន ផន សំបូរ ឲ្យដឹងថា ការចូលរួមប្រកួតក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិចនេះ បញ្ជាក់ឲ្យឃើញពីភាពខ្លាំង និងភាពអស្ចារ្យរបស់ប្រទេសកម្ពុជាដែលមានសមត្ថភាព និងទេពកោសល្យធ្វើភីហ្សាមិនចាញ់ បណ្ដាប្រទេសដទៃផ្សេងលើពិភពលោកឡើយ។
បេក្ខជន ផន សំបូរ ឲ្យដឹងទៀតថា «សម្រាប់ការប្រកួតក្នុងថ្ងៃនេះខ្ញុំរំពឹង៩០ភាគរយ ក្នុងការជាប់តំណាងឲ្យកម្ពុជាទៅចូលរួមប្រកួត ធ្វើភីហ្សានៅតំបន់អាស៊ីប៉ាស៊ីហ្វិច»។
សូមបញ្ជាក់ថា កម្មវិធីប្រកួតកំពូលអ្នកធ្វើភីហ្សាលឿនជាងគេ លំដាប់ថ្នាក់ពិភពលោកនេះ បេក្ខជនដែលចូលរួមប្រកួតត្រូវធ្វើភីហ្សាចំនួន៣មានរសជាតិផ្សេងគ្នា ហើយត្រូវផ្ដោតសំខាន់មាន ៣ចំនុចរួមមាន៖ ការធ្វើភីហ្សាបានលឿនជាងគេ, ភាពស្អាតនៃការរៀបចំភីហ្សា និងបរិមាណនៃគ្រឿងផ្សំ៕