(មណ្ឌលគិរី)៖ ដោយមានការព្រួយបារម្ភពីសុខភាពសត្វ ក្រោយមានការផ្ទុះជំងឺប៉េសជ្រូកអាហ្រ្វិកនៅខេត្តរតនគិរី ដែលជាខេត្តជាប់ជាមួយខេត្តមណ្ឌលគិរីមក, លោក ស្វាយ សំអ៊ាង អភិបាលខេត្ត បានដាក់ចេញនូវបទបញ្ជាជាបន្ទាន់មួយ និងយ៉ាងម៉ឺងម៉ាត់ដល់មន្រ្តីសមត្ថកិច្ចចំរុះ ដែលឈរជើងនៅតាមច្រកទ្វាទ្វេរភាគីទាំងអស់ នៅខេត្តមណ្ឌលគិរី និងមន្រ្តីទាំងអស់ឈរជើងតាម ច្រករបៀងការពារព្រំដែន សូមរួមគ្នាទប់ស្កាត់ឲ្យបានជាដាច់ខាត នូវការនាំជ្រូកខុសច្បាប់ពីប្រទេសវៀតណាមរបស់ឈ្មួញ។
អភិបាលខេត្តមណ្ឌលគិរី និងជាប្រធានគណៈបញ្ជាការឯកភាពខេត្ត បានជម្រុញសមត្ថកិច្ចធ្វើការទប់ស្កាត់ និងបង្ក្រាបឲ្យខានតែបានរាល់ការនាំចូលជ្រូកដោយខុសច្បាប់ ពីប្រទេសជិត ខាងជាប់ព្រំដែន ជាពិសេសត្រូវមានវិធានការទប់ស្កាត់ ការឆ្លងជំងឺប៉េសជ្រូកអាហ្វ្រិកចូលមកកម្ពុជានោះ តាំងពីថ្ងៃទទួលបានព័ត៌មានមក និងរហូតមកដល់ថ្ងៃទី៦ ខែមេសា ឆ្នាំ២០១៩នេះ កម្លាំងសមត្ថកិច្ចចម្រុះខេត្តមណ្ឌលគិរី បានសហការគ្នាបន្តបង្កា បង្ក្រាប និងទប់ស្កាត់មិនអនុញ្ញាតឲ្យមានការនាំជ្រូកចូលដោយខុសច្បាប់ពីប្រទេសជិតខាងនោះឡើយ តាមច្រកទ្វាទ្វេរភាគី ឬតាមរបៀងការពារព្រំដែនទូទាំងខេត្តឲ្យមានប្រសិទ្ធភាព។
សូមបញ្ជាក់ថា ជំងឺប៉េស្តជ្រូកអាហ្វ្រិក ដែលបានកើតឡើងនៅប្រទេសវៀតណាម និងបានសម្លាប់សត្វជ្រូករាប់សិបក្បាល បានរីករាលដាលមកដល់ប្រទេសកម្ពុជាហើយ ដោយជំងឺនេះ ត្រូវបានមន្ត្រីរកឃើញកើតមានឡើង នៅក្នុងភូមិមួយរបស់ស្រុកអូរយ៉ាដាវ ខេត្តរតនគិរី ជាប់ព្រំដែនប្រទេសវៀតណាម តាំងពីថ្ងៃទី២២ ខែមីនា ឆ្នាំ២០១៩ ដោយបានសម្លាប់សត្វជ្រូកប្រមាណ ៤០០ក្បាល។
យ៉ាងណាក៏ដោយ មន្ដ្រីជាន់ខ្ពស់ក្រសួងសុខាភិបាល និងជាអ្នកនាំពាក្យលោក លី សុវណ្ណ បានអះអាងថា ជំងឺនេះមិនប៉ះពាល់ និងឆ្លងដល់មនុស្សនោះឡើយ ដូច្នេះសូមអំពាវនាវ ដល់ប្រជាពលរដ្ឋទាំងអស់ កុំឲ្យមានការព្រួយបារម្ភ។
ទន្ទឹមនឹងចំណាត់ការនៃការទប់ស្កាត់ជំងឺមួយនេះ កាលពីថ្ងៃទី០២ ខែមេសា ឆ្នាំ២០១៩ រដ្ឋមន្ដ្រីក្រសួងកសិកម្ម លោក វេង សាខុន ក៏បានចេញសេចក្ដីប្រកាស ពីការកំណត់តំបន់ផ្ទុះជំងឺប៉េស្តជ្រូក អាហ្វ្រិក នៅក្នុងភូមិសោមកានិញផងដែរ និងបានប្រមូលសត្វជ្រូកដែលសង្ស័យកើតជំងឺនេះ យកទៅបំផ្លាញចោលផងដែរ៕