(កណ្ដាល)៖ រហូតមកដល់ថ្ងៃទី០៦ ខែមេសា ឆ្នាំ២០១៩នេះ ប្រជាពលរដ្ឋបានរាយការណ៍ថា ប្រឡាយយាយប៊ូរជាសម្បត្តិរបស់រដ្ឋ ស្ថិតក្នុងភូមិកំពង់ស្វាយ ឃុំកំពង់ស្វាយ ស្រុកកៀនស្វាយ ខេត្តកណ្តាល កំពុងរងការឈូសឆាយ និងវាទយកយ៉ាងកងរំពងពេញផ្ទៃបឹងជាថ្មីម្ដងទៀតហើយ ដោយឈ្មួញអ្នករកស៊ីដីធ្លី ហើយអ្នកខ្លះថា ឈ្មួញមានងារជាឧកញ៉ាថែមទៀតផង។
បើតាមប្រជាពលរដ្ឋបានបញ្ជាក់ថា កាលពីអំឡុងខែមីនា ឆ្នាំ២០១៩កន្លងទៅ អាជ្ញាធរ និងសមត្ថកិច្ចមូលដ្ឋានបានបញ្ឈប់សកម្មភាព ក្រុមឈ្មួញខាងលើម្ដងរួចមកហើយ ប៉ុន្ដែស្រាប់តែឥលូវនេះ ក៏លេចក្រុមដដែលចេញមកធ្វើសកម្មភាពឈូសឆាយព្រៃក្នុងបឹងនេះឡើងវិញ ដោយគេមិនដឹងថា មានការត្រូវរូវគ្នាយ៉ាងណានោះទេ ទើបក្រុមឈ្មូញអាចបន្ដសកម្មភាពបានបែបនេះ។
ពលរដ្ឋមូលដ្ឋាន បានអះអាងថា សកម្មភាពឈូសឆាយលើកនេះ មិនមានការដាក់គ្រឿងចក្រទ្រង់ទ្រាយធំដូចលើមុននោះទេ ពោលក្រុមឈ្មួញបានប្រើប្រាស់អាប៊ុល ដើម្បីឈូសបើកផ្លូវ ប៉ុន្ដែពួកគាត់សង្ស័យថា ករណីនេះអាចមានការឃុបឃិតគ្នាជាមួយអាជ្ញាធរណាម្នាក់ជាអ្នកបើកផ្លូវឲ្យធ្វើ។
កសិករដែលរំពឹងទឹកបន្ដិចបន្តួចនៅប្រឡាយយាយប៊ូរ បានបញ្ជាក់ថា កាលពីថ្ងៃទី១៩ ខែមីនា ឆ្នាំ២០១៩កន្លងទៅ ក៏គេធ្លាប់ឃើញមានគ្រឿងចក្រធុនធំ៤គ្រឿង ត្រូវបានគេយកដាក់នៅចំណុច ខាងលើ ដើម្បីធ្វើការឈួសឆាយ ដែលហើយអាចធ្វើឲ្យមានការប៉ះពាល់ដល់ប្រឡាយ និងបឹងដែលពួកគាត់ទប់ ដើម្បីយកទឹកធ្វើស្រែចំការគ្រាន់ចិញ្ចឹមក្រពះនោះ។
ក្រៅពីការព្រួយបារម្ភហើយ ប្រជាកសិករបានលើកឡើង ដោយសម្ដែងងឿងឆ្ងល់ថា មិនដឹងថា អាជ្ញាធរមូលដ្ឋាន ដឹងឬធ្វើមិនដឹងនោះទេលើបញ្ហានេះ ដែលបណ្ដែតបណ្ដោយឲ្យឈ្មួញ ឈួសឆាយតាមចិត្តយ៉ាងដូច្នេះ ព្រោះថា កន្លងមកមានការស្នើសុំដាក់គ្រឿងចក្រ ដើម្បីឈូយឆាយធ្វើព្រំដី របស់ម្ចាស់នៅតំបន់នោះ តែត្រូវបានអាជ្ញាធរហាមឃាត់ ប៉ុន្ដែលើកនេះបែរជាអនុញ្ញាត ឲ្យឈ្មួញធ្វើសកម្មភាពតាមចិត្តទៅវិញ។
សម្រាប់ករណីនេះ អភិបាលស្រុកកៀនស្វាយ លោក អ៊ូ ឈាង ធ្លាប់បាន ប្រាប់អង្គភាពព័ត៌មាន Fresh News ថា ជាការពិតគឺមានក្រុមហ៊ុនឯកជនមួយ បាននិងកំពុងយកគ្រឿងចក្រ មកឈូសឆាយមែន ប៉ុន្តែក្រុមហ៊ុនមានលិខិតអនុញ្ញាតពីក្រសួងរៀបចំដែនដី។ លោកធ្លាប់បញ្ជាក់ទៀតថា កន្លងទៅ ក្រុមមួយនេះមិនបានដាក់លិខិតមករដ្ឋបាលស្រុក ដើម្បីសុំកិច្ចសហការលើការ ឈូសឆាយតម្រង់ព្រំដី ដែលមានទំហំរហូតដល់៨៧០ហិកតានោះឡើយ។
យ៉ាងណាក៏ដោយ សម្រាប់ការចូលទន្ទ្រានជាថ្មីម្ដងទៀត ពីសំណាក់ឈ្មួញរកស៊ីដីនេះ Fresh News មិនទាន់អាចសុំការបំភ្លឺជាថ្មីពីលោក អ៊ូ ឈាង បាននៅឡើយទេ គិតត្រឹមថ្ងៃទី០៦ ខែមេសា ឆ្នាំ២០១៩នេះ ប៉ុន្ដែពលរដ្ឋមានចម្ងល់ថា កន្លងទៅសកម្មភាពនេះ ត្រូវបញ្ឈប់ម្ដងរួចមកហើយ តែហេតុអីពេលនេះក្រុមហ៊ុនអាចបន្ដសកម្មភាពបាន៕