(ស្រីលង្កា)៖ លោកស្រី ឃួន សុដារី សមាជិកគណៈកម្មាធិការអចិន្រ្តៃយ៍នៃគណបក្សប្រជាជនកម្ពុជា និងជាអនុប្រធានគណៈកម្មាធិការអចិន្ត្រៃយ៍អាយកាប់ (ICAPP) សហប្រធានវេទិកានយោបាយអាស៊ី-អឺរ៉ុប (AEPF) និងជាប្រធានក្រុមប្រឹក្សាវប្បធម៌អាស៊ី (ACC) នៅក្នុងកិច្ចប្រចុំកិច្ចប្រជុំគណៈកម្មាធិការអចិន្រ្តៃយ៍អង្គការ ICAPP លើកទី៣២ ទីក្រុងកូឡុំបូ សាធារណរដ្ឋសង្គមប្រជាធិបត្យស្រីលង្កា បានជម្រាបកិច្ចប្រជុំពីជោគជ័យនៃការរៀបចំកម្មវិធីប្រកាសជាផ្លូវការ នៃក្រុមប្រឹក្សាអាស៊ី ដែលហៅកាត់ថា (ACC) នៅលើទឹកអង្គរកម្ពុជា កាលពីដើមខែ មករា ឆ្នាំ២០១៩ កន្លងមកនេះ។
កិច្ចប្រជុំគណៈកម្មាធិការអចិន្រ្តៃយ៍លើកទី៣២ របស់ ICAPP (32nd Meeting of the ICAPP Standing Committee) រៀបចំធ្វើឡើង នៅក្នុងទីក្រុងកូឡុំបូ សាធារណរដ្ឋសង្គមប្រជាធិបត្យស្រីលង្កា កាលពីព្រឹកថ្ងៃទី០៦ ខែមេសា ឆ្នាំ២០១៩ ដែលនាពេលនោះលោកស្រី បានឡើងថ្លែងបទអន្តរាគមន៍ទៅកាន់កិច្ចប្រជុំ។
លោកស្រី ឃួន សុដារី បាននាំនូវបណ្តាំសាកសួរសុខទុក្ខយ៉ាងកក់ក្តៅពី សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃកម្ពុជា និងជាប្រធានគណបក្សប្រជាជនកម្ពុជា ជូនគណៈកម្មាធិការអចិន្រ្តៃយ៍អង្គការ ICAPP។ ឆ្លៀតឱកាសនោះ លោកស្រីបានជម្រាបកិច្ចប្រជុំពីលទ្ធផលនៃការប្រកាសជាផ្លូវការនៃក្រុមប្រឹក្សាវប្បធម៌ឤស៊ី(ACC) កាលពីខែមករា ឆ្នាំ ២០១៩ ដែលប្រារព្វធ្វើនៅខេត្តសៀមរាប ដែលជាទឹកដីប្រវត្តិសាស្រ្ត និងវប្បធម៌របស់ប្រទេសកម្ពុជា និងជាទីតាំងនៃបេតិកភណ្ឌមួយក្នុងចំណោមបេតិកណ្ឌទាំងអស់ក្នុងពិភពលោក។
លោកស្រី ឃួន សុដារី បានលើកឡើងថា ក្នុងរយៈពេលមិនដល់១ឆ្នាំបន្ទាប់ពីកិច្ចប្រជុំ AEPF លើកទីពីរ នៅទីក្រុងឡុងដ៍ កាលពីខែឧសភា ឆ្នាំ២០១៨ និយាយាពីតួនាទីក្រុមប្រឹក្សាវប្បធម៌ឤស៊ី(ACC)។ ក្រុមប្រឹក្សាវប្បធម៌អាស៊ី (ACC) ដែលជាបុត្រសម្ព័ន្ធរបស់អង្គការអាយកាប់ (ICAPP) ដែលបង្កើតឡើង ដើម្បីជំរុញការរៀបចំភាពជាដៃគូជាមួយអង្គការយូណេស្កូនោះ បានរៀបចំពីប្រកាសបង្កើតជាផ្លូវការនៅលើទឹកអង្គរ របស់កម្ពុជាដែលមានអ្នកចូលរួមជាង ៧០០នាក់ រួមមាន ប្រមុខរដ្ឋប្រតិភូ និងតំណាងមកពីប្រទេសជាសមាជិកអង្គការអាយកាប់ (ICAPP) ប្រទេសជាសមាជិកនៃវេទិកាសភាអាស៊ីប៉ាស៊ីហ្វិក (APPF) និងអ្នកជំនាញអន្តរជាតិ រួមទាំងភ្ញៀវអន្តរជាតិជាច្រើនរូបទៀត។ ជាលទ្ធផលសំខាន់នៅក្នុងព្រឹត្តិការណ៍ជាប្រវត្តិសាស្រ្តនាពេលនោះ គឺការចេញប្រកាសនូវសេចក្តីថ្លែងការណ៍ក្រុងសៀមរាប (Siem Reap Declaration) នៃក្រុមប្រឹក្សាវប្បធម៌អាស៊ី (ACC) ។
លោកស្រី ឃួន សុដារី បានលើកឡើងថា សេចក្តីថ្លែងការណ៍(ACC)នោះ បានផ្តោតសំខាន់លើការផ្សារភ្ជាប់វប្បធម៌ និងសន្តិភាព, វប្បធម៌ និងការអភិវឌ្ឍន៍ដោយចីរភាព, វប្បធម៌ និងការតភ្ជាប់មនុស្សជាតិ, វប្បធម៌ និងនវានុវត្ត ដោយផ្អែកលើមូលដ្ឋាននៃការគោរពឱ្យតម្លៃ និងការយោគយល់គ្នាទៅវិញទៅមក។ សេចក្តីថ្លែងការណ៍ក្រុងសៀមរាបនេះ បានទទួលការគាំទ្រយ៉ាងខ្លាំងនៅក្នុងកិច្ចប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍សង្គមកិច្ច និងកិច្ចការវប្បធម៌នៃសភាតំបន់អាស៊ី (Asian Parliamentary Assembly Standing Committee on Social and Cultural Affairs) នៅទីក្រុងបាងកក កាលពីខែកុម្ភៈ ឆ្នាំ ២០១៩ ។
លោកស្រី ឃួន សុដារី បានមានប្រសាសន៍ថា «ឥឡូវនេះយើងកំពុងដំណើរការចុះបញ្ជី ក្រុមប្រឹក្សាវប្បធម៌អាស៊ី (ACC) ជាអង្គការអន្តរជាតិមួយជាមួយក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិនៃព្រះរាជាណាចក្រកម្ពុជា»។
សូមជម្រាបថា សន្និសីទអន្តរជាតិ នៃគណបក្សនយោបាយនៅអាស៊ី ដែលហៅកាត់ ICAPP មានគណបក្សនយោបាយចំនួន៣៥២ ជាសមាជិកមកពី៥២ ប្រទេសនៅអាស៊ី។ ICAPP មានគោលបំណងជំរុញកិច្ចពិភាក្សា ដើម្បីសន្តិភាព និងកិច្ចសហប្រតិបត្តិការក្នុងតំបន់តាមរយៈបណ្តាគណបក្សនយោបាយ។ គណបក្សប្រជាជនកម្ពុជា គឺជាសមាជិកដ៏សកម្មរបស់អង្គការ ICAPP ចាប់ពីឆ្នាំ២០០៥ មក។ ICAPP បានរួមមតិគ្នាបង្កើតក្រុមប្រឹក្សាវប្បធម៌អាស៊ី (ACC) ឡើង ដោយពេលនេះ លោកស្រី ឃួន សុដារី ជាប្រធានក្រុមប្រឹក្សាវប្បធម៌អាស៊ី (ACC)នេះ។
លោកស្រី បានជម្រាបកិច្ចប្រជុំគណៈកម្មាធិការអចិន្រ្តៃយ៍អង្គការ ICAPP លើកទី៣២ បន្ថែមថា ជាមួយសុឆន្ទៈ ACC កំពុងឈានទៅមុខ ដើម្បីបំពេញនូវអាណត្តិរបស់ខ្លួន។ ACC កំពុងធ្វើការយ៉ាងជិតស្និទ្ធជាមួយលេខាធិការដ្ឋាន ICAPP ដើម្បីលើកកម្ពស់របៀបវារៈរបស់ខ្លួន និងកសាងភាពជាដៃគូក្នុងតំបន់អាស៊ី។ លោកស្រី ឃួន សុដារី បានមានប្រសាសន៍ថា ដោយមានកិច្ចសហការណ៍ជាមួយវិទ្យាស្ថាន AVI (Asian Vision Institute) ដែលជាស្ថាប័នគិតគូរឯករាជ្យថ្មីមួយដែលបានបង្កើតឡើងនៅកម្ពុជា ACC កំពុងធ្វើការជាមួយអង្គការយូណេស្កូលើគំនិតផ្តួចផ្តើមមួយ ដើម្បីលើកកម្ពស់ការផ្លាស់ប្តូរវប្បធម៌តាមរយះការបង្កើតនូវឯកសារគោលនយោបាយគ្រប់ជ្រុងជ្រោយ និងផែនការសកម្មភាពសម្រាប់គម្រោងភូមិគំរូ ១០០ (100 Model Village Project) ។
លោកស្រីប្រធាន ACC បានគូសបញ្ជាក់ថា ក្នុងន័យជាក់ស្តែង គម្រោងភូមិគម្រូ ១០០ ត្រូវបានយកចិត្តទុកដាក់ ដោយក្រុមប្រឹក្សាវប្បធម៌អាស៊ី (ACC) បានចាប់ផ្តើមអនុវត្តគម្រោងសាកល្បងក្នុងភូមិចំនួន៤ ក្នុងខេត្តព្រះវិហារ ហើយយើងមានសុទិដ្ឋិនិយមយ៉ាងមុតមាំថា នៅមុនដំណាច់ឆ្នាំនេះ យើងនឹងអាចកំណត់បាន នូវលទ្ធផលជាក់ច្បាស់ ហើយនឹងបន្តចាប់ផ្តើមពង្រីកគម្រោងនេះ ទៅខេត្តដទៃទូទាំងប្រទេសកម្ពុជា។ ស្របពេលជាមួយគ្នានេះផងដែរ យើងកំពុងតែធ្វើការយ៉ាងជិតស្និទ្ធជាមួយប្រទេសជាសមាជិកអាយកាប់ដទៃលើការផ្លាស់ប្តូរបទពិសោធន៍ក្នុងការអភិវឌ្ឍន៍ភូមិ ឃុំ។
សូមជម្រាបថា នៅក្នុងបទអន្តរាគមន៍របស់លោកស្រី ឃួន សុដារី នៅក្នុងកិច្ចប្រជុំ កិច្ចប្រជុំគណៈកម្មាធិការអចិន្រ្តៃយ៍លើកទី៣២ របស់ ICAPP នេះដែរ លោកស្រី បានសង្កត់ធ្ងន់ថា គណបក្សប្រជាជនបានប្តេជ្ញាចិត្តយ៉ាងពេញលេញ ចំពោះចក្ខុវិស័យនិងបេសកកម្មរបស់ ICAPP ក្នុងការលើកកម្ពស់សន្តិភាព និងស្ថិរភាព វិបុលភាព និងសុខដុមនីយកម្មក្នុងតំបន់ និងពិភពលោក របស់ ICAPP៕