(ញូវយ៉ក, អាមេរិក)៖ សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការពារជាតិ បានព្រមានថា កងយោធពលខេមរភូមិន្ទ មិនអនុញ្ញាតឱ្យមានការតវ៉ាណាមួយ ដែលមានរបៀបវារៈទាមទារ ទម្លាក់រាជរដ្ឋាភិបាលស្របច្បាប់ជាដាច់ខាត ដែលការតវ៉ាបែបនេះ គឺជាអំពើខុសច្បាប់។

សម្តេចពិជ័យសេនា ទៀ បាញ់ បានអះអាងបែបនេះ ក្នុងកិច្ចសម្ភាសមួយជាមួយវិទ្យុសំឡេងសហរដ្ឋអាមេរិក (VOA) អំឡុងពេលដែលសម្តេចដឹកនាំគណៈប្រតិភូយោធាកម្ពុជា ទៅចូលរួមកិច្ច ប្រជុំថ្នាក់រដ្ឋមន្ត្រីការពារជាតិ ស្តីពីកិច្ចការ រក្សាសន្តិភាពអង្គការសហប្រជាជាតិ (អ.ស.ប) នៅទីក្រុងញូវយ៉ក សហរដ្ឋអាមេរិក នាថ្មីៗនេះ។

សម្តេចពិជ័យសេនា ទៀ បាញ់ បានបញ្ជាក់យ៉ាងដូច្នេះថា៖ «ការសម្តែងមតិ ឬក៏ការទាមទារអ្វីមួយ វាសុទ្ធសឹងតែមានបទដ្ឋានរបស់វាច្បាស់លាស់ តែយើងត្រូវតែប្រុងប្រយ័ត្នលើការទាមទារឱ្យផ្តួលរំលំ អាហ្នឹងគឺមិនអាចធ្វើទៅកើតទេ មិនអនុញ្ញាតឱ្យធ្វើទៀត»

កម្ពុជាអនុញ្ញាតឱ្យមានការតវ៉ា ដែលក្នុងនោះមានដូចជា ការទាមទារដំឡើងប្រាក់ខែ ការទាមទារក្នុងរឿងទំនាស់ដីធ្លីជាដើម ប៉ុន្តែការតវ៉ាណាដែលមានរបៀបវារៈផ្តួលរំលំ គឺមិនអនុញ្ញាតទេ។ នេះបើតាមការបញ្ជាក់បន្ថែមរបស់ រដ្ឋមន្រ្តីក្រសួងការពារជាតិកម្ពុជា។

ការព្រមានរបស់សម្តេចពិជ័យសេនា ទៀ បាញ់ រដ្ឋមន្រ្តីក្រសួងការពារជាតិកម្ពុជា បានធ្វើឡើងស្របពេលដែលក្រុមទុច្ចរឹតមួយចំនួន បានបន្តញុះញង់ឱ្យប្រជារាស្រ្ត និងកងកម្លាំងប្រដាប់អាវុធប្រឆាំង រាជរដ្ឋាភិបាលស្របច្បាប់។

សម្តេច ទៀ បាញ់ បានបញ្ជាក់បន្ថែមទៀតថា «កម្ពុជាមានដំណើរការបោះឆ្នោតត្រឹមត្រូវ ហើយអនុវត្តតាមផ្លូវច្បាប់ទាំងអស់។ ចំណែកកងកម្លាំងកងទ័ពដែល (គេ)ចង់អំពាវនាវឱ្យទៅផ្តួលរំលំ រដ្ឋាភិបាលដែលស្របច្បាប់ហ្នឹង គឺខ្ញុំចាត់ទុកថា ជារឿងខុសឆ្គងធំណាស់ គឺជាការងារមួយដែលមិនអាចទទួលយកបានទេ ហើយអាចមានទោសថែមទៀត»

ទោះជាយ៉ាងណា សម្តេចពិជ័យសេនា បានបញ្ជាក់បន្ថែមទៀតថា កងយោធពលខេមរភូមិន្ទ នៅតែប្រកាសជំហរស្របគ្នាថា ដាច់ខាតត្រូវតែការពាររដ្ឋាភិបាលស្របច្បាប់ ការពាររដ្ឋធម្មនុញ្ញ ការពាររបបរាជានិយមអាស្រ័យរដ្ឋធម្មនុញ្ញ៕