(កំពង់ស្ពឺ)៖ គ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់នៅលើផ្លូវជាតិលេខ៤៤ ក្នុងខេត្តកំពង់ស្ពឺរវាងរថយន្តដឹកទំនិញ និងរថយន្តដឹកកម្មករ បណ្តាលឱ្យកម្មការិនីចំនួន១២នាក់រងរបួសធ្ងន់ស្រាល ក្នុងនោះ ៨នាក់របួសធ្ងន់ (ដាច់ដៃ៥នាក់) នៅថ្ងៃទី៦ ខែមេសា ឆ្នាំ២០១៩នេះ តុលាការខេត្តកំពង់ស្ពឺបានចេញដីកាបង្គាប់ឲ្យឃុំខ្លួនអ្នកបើករថយន្តដាក់ពន្ធនាគារហើយ។

យោងតាមដីកាបង្គាប់ឲ្យឃុំខ្លួនរបស់លោក ម៉ែន វណ្ណៈ ចៅក្រមស៊ើបសួរសាលាដំបូងខេត្តកំពង់ស្ពឺ ដែលអង្គភាពព័ត៌មាន Fresh News ទទួលបាននៅថ្ងៃនេះ បានបញ្ជាក់ថា អ្នកបើករថយន្តរូបនេះ មានឈ្មោះ សាម ចន្ធី អាយុ២៥ឆ្នាំ ត្រូវបានចោទប្រកាន់ពីបទ «បើកបរដោយធ្វេសប្រហែស បណ្តាលឲ្យមានរបួសដល់អ្នកដទៃ»។

សម្រាប់ជនរងគ្រោះដែលកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យ លោក វ៉ី សំណាង អភិបាលខេត្តកំពង់ស្ពឺ និងមន្រ្តីកាកបាទក្រហមកម្ពុជា បាននាំយកអំណោយ និងថវិកាមួយចំនួនទៅចែកជូន ផ្ទាល់ដៃផងដែរ។

សូមបញ្ជាក់ថា នៅព្រឹកថ្ងៃទី០៤ ខែមេសា ឆ្នាំ២០១៩នេះ មានករណីគ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់មួយកើតឡើង នៅលើផ្លូវជាតិលេខ៤៤ ចន្លោះគីឡូម៉ែត្រលេខ១៣៣-១៣៤ ស្ថិតនៅក្នុងឃុំវាលពុក ស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ រវាងរថយន្តដឹកកម្មករ និងរថយន្តដឹកទំនិញធុនធំ បណ្តាលឲ្យរងរបួសកម្មការនីចំនួន១២នាក់ ក្នុងនោះរបួសធ្ងន់៨នាក់ ហើយមានអ្នកដាច់ដៃចំនួន៥នាក់។

ស្នងការខេត្តកំពង់ស្ពឺ ឧត្តមសេនីយ៍ទោ សម សាមួន បានអំពាវនាវដល់កម្មករ ដែលជិះលើរថយន្តត្រូវតែមានការប្រុងប្រយ័ត្នខ្ពស់ ដោយមិនត្រូវដាក់ដៃចេញមកក្រៅរថយន្តនោះឡើយ ជៀសវាងមានបញ្ហាគ្រោះថ្នាក់ចរាចរណ៍ ដូចករណីខាងលើនេះ ដែលបណ្តាលឲ្យបាត់បង់ដៃរបស់ខ្លួន ដោយសារការធ្វេសប្រហែសនេះ៕