(ឧត្តរមានជ័យ)៖ ផ្ទះដែលជាអំណោយរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ចំនួន៨ខ្នងទៀតហើយ ត្រូវបានប្រគល់ជូនអតីតយុទ្ធជនមានជីវភាពខ្វះខាតនៅក្នុងឃុំចុងកាល់ ស្រុកចុងកាល់ ខេត្តឧត្តរមានជ័យ។
ផ្ទះទាំង៨ខ្នងនេះត្រូវបានលោកទេសរដ្ឋមន្ត្រី គន់ គីម អគ្គលេខាធិការសមាគមអតីតយុទ្ធជនចុះទៅប្រគល់ជូនអតីតយុទ្ធជនទាំង៨គ្រួសារនៅព្រឹកថ្ងៃសៅរ៍ ទី០៦ ខែមេសា ឆ្នាំ២០១៩នេះ។
ក្នុងឱកាសប្រគល់ផ្ទះទាំង៨ខ្នងនេះ លោក គន់ គីម បាននាំយកនូវការផ្តាំផ្ញើសួរសុខទុក្ខដោយក្តីនឹករលឹកពីសំណាក់សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត។
ក្រៅពីនោះលោកទេសរដ្ឋមន្ត្រី គន់ គីម បានអំពាវនាវដល់អតីតយុទ្ធជនទាំងអស់ ត្រូវចេះរួបរួមសាមគ្គីគ្នា ស្រឡាញ់គ្នា ចេះជួយគ្នាទៅវិញទៅមកនៅពេលមានជួយនូវបញ្ហាផ្សេង។ លោកក៏បានរំលឹកដល់អតីតយុទ្ធជនត្រូវជឿជាក់ ស្មោះស្ម័គ្រ គាំទ្រចំពោះការដឹកនាំរបស់សម្តេចតេជោ ប្រធានសមាគមអតីតយុទ្ធជនកម្ពុជា ហើយត្រូវរួមគ្នាការពារឱ្យបានគង់វង្សនូវមរតកសន្តិភាព។
ជាមួយគ្នានេះលោកអគ្គលេខាធិការ ក៏បានណែនាំដល់ថ្នាក់ដឹកនាំសមាគមក្នុងខេត្តត្រូវធ្វេីជាសេនាធិការឱ្យអភិបាលខេត្ត ដែលជាប្រធាន កិត្តិយសសមាគម ពិនិត្យដោះស្រាយដីបង្កបង្កេីនផលជូនគ្រួសារអតីតយុទ្ធជនទាំងអស់ដែលកំពុងរស់នៅទីនេះ និងចលនាឱ្យតាមន្ទីរការិយាល័យជុំវិញខេត្ត ជួយថវិការគាស់រានដីជូនពួកគាត់ ដេីម្បីគាត់មានលទ្ធភាពបង្កបង្កេីនផលបានទាន់ពេលវេលា។
ក្នុងទឹកមុខសប្បាយរីករាយលោក ហ៊ាន សុខុម អតីតយោធិនពិការមានជីវភាពទ័លក្រ បានសម្តែងការដឹងគុណយ៉ាងជ្រាលជ្រៅ ចំពោះ សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ដែលគិតគូរដល់ពួកគាត់ឱ្យបានទទួលផ្ទះ ទទួលដីបង្កបង្កេីលផល ធ្វេីឱ្យជីវិតចុងក្រោយរបស់គាត់មានលំនឹង៕