(ភ្នំពេញ)៖ នៅក្នុងមជ្ឈមណ្ឌលពាណិជ្ជកម្ម វឌ្ឍនៈ កាពីតាល មានប្រារព្ធពិធីសម្ពោធដាក់ឲ្យដំណើរការជាផ្លូវការ នូវហាងផ្គត់ផ្គង់សម្ភារបន្ទប់គេងរបស់អ៊ីតាលីម៉ាក «FRETTE»។
កម្មវិធីនេះ បានផ្តល់កិត្តិយស អញ្ជើញចូលរួមកាត់ខ្សែបូរ ក្រោមអធិបតីភាពរបស់ លោកឧកញ៉ា សំអាង វឌ្ឍនៈ នាយកប្រតិបត្តិ នៃក្រុមហ៊ុន វឌ្ឍនៈ អ៊ីនវេសមេន លីមីតធីត និងលោក FILIPPO ARNABOLDI នាយកប្រតិបត្តិនៃក្រុមហ៊ុន FRETTE ព្រមទាំង មន្រ្តីរាជការដែលជាថ្នាក់ដឹកនាំសំខាន់ៗ មួយចំនួនទៀត។
នៅក្នុងកម្មវិធីដ៏អធិកអធមនេះ ក្រុមហ៊ុន វឌ្ឍនៈ អ៊ីនវេសមេន បានរៀបចំនូវការបង្ហាញម៉ូតសំលៀកបំពាក់គេងដ៏អស្ចារ្យ រួមជាមួយនឹងផលិតផលម៉ាក FRETTE ជូនដល់ភ្ញៀវកិត្តិយសបានទស្សនា អមជាមួយនឹងការទទួលទាន អាហារពេលល្ងាចនៅក្នុងសណ្ឋាគារ រ៉ូសវូដ ភ្នំពេញផងដែរ។
ក្រុមហ៊ុន FRETTE អាយុកាល១៥៩ឆ្នាំមកហើយ ដោយត្រូវបានបង្កើតឡើងតាំងពីឆ្នាំ១៨៦០មកម្ល៉េះ។ ក្រុមហ៊ុននេះ ទទួលបានភាពល្បីល្បាញ ដោយសារតែការររចនាល្អឥតខ្ចោះ ចេញពីសសៃសូត្រ កប្បាស រោមកញ្ច្រោងដ៏កំរ និងមានតំលៃបំផុត។
អាស្រ័យដូចនេះហើយ ទើបផលិតផលនេះ ទទួលស្គាល់ពីសំណាក់ រាជវង្សជាង៥០០ គ្រួសារនៅទ្វីបអ៊ឺរ៉ុប និងជាង១០០០ សណ្ឋាគារ ដែលក្នុងនោះ ក៏មានសណ្ឋគារ រ៉ូសវូដ ភ្នំពេញ ដែលក៏បានជ្រើសរើសប្រើប្រាស់ នូវសម្ភារដ៏ប្រណិតនេះ។
លោក FILIPPO ARNABOLDI នាយកប្រតិបត្តិ នៃក្រុមហ៊ុន FRETTE បានសម្តែងនូវក្តីសោមនស្សរីករាយបំផុត ក្នុងការពង្រីកវិសាលភាពរបស់ខ្លួនមកកាន់ទីផ្សារកម្ពុជា ដែលជាទីផ្សារមួយប្រកបសក្តានុពលភាព ខណៈសេដ្ឋកិច្ចប្រទេសកម្ពុជា កំពុងមានការរីកចម្រើនយ៉ាងឆាប់រហ័ស។
លោកថា ការនាំចូលម៉ាកដ៏ល្បី FRETTE មកកាន់មជ្ឈមណ្ឌលពាណិជ្ជកម្ម វឌ្ឍនៈ កាពីតាលគឺជាជម្រើសដែលល្អបំផុត ព្រោះមជ្ឈមណ្ឌលពាណិជ្ជកម្មដ៏ប្រណិតនេះ បានប្រមូលផ្តុំនូវទំនិញម៉ាកល្បីៗ ជាច្រើនដូចជា JIMMY CHOO, HUGO BOSS, BOTTEGA BENETA, STEFFANO RICCI, CANALI, SAVATORE FERRAGAMO, ROBERTO CAVALLI, BRIONI ដែលជាទិសដៅអតិថិជនរបស់ហាង FRETTE។
លោក FILIPPO សង្ឃឹមថា អតិថិជននឹងទទួលបាននូវបទពិសោធន៍ថ្មី លើផលិតផលដ៏ប្រណិតទាំងនេះ ហើយលោក ក៏បានពោលពាក្យមួយឃ្លាដ៏មានអត្ថន័យថា «ព្រះអាទិត្យរះ ឬ អស្តង្គត ផលិតផល FRETTE គឺនៅជាមួយអ្នក»។
សូមអញ្ជើញសាធារណជនទាំងអស់ ចូលរួមទទួលយកបទពិសោធន៍ថ្មីៗ និងទទួលយកនូវភាពស៊ីវីល័យ នៃការរស់នៅ ពីមជ្ឈមណ្ឌលពាណិជ្ជកម្មដ៏ប្រណិត វឌ្ឍនៈ កាពីតាល ដែលមានទីតាំងស្ថិត នៅមហាវិថីព្រះមុនី្នវង្ស សង្កាត់វត្តភ្នំ ខណ្ឌដូនពេញ រាជធានីភ្នំពេញ៕