Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ក្រោយផ្ទុះជំងឺប៉េស្តជ្រូកអាហ្វ្រិក នៅខេត្តរតនគិរី, កម្លាំងសមត្ថកិច្ចចម្រុះប្រចាំច្រកទ្វារព្រំដែនអន្តរជាតិត្រពាំងផ្លុង ខេត្តត្បូងឃ្មុំ ចុះបង្ក្រាបការនាំចូលជ្រូកខុសច្បាប់ពីវៀតណាម

06-04-2019 14:09

(ត្បូងឃ្មុំ)៖ ក្រោមការចង្អុលចាត់វិធានការយ៉ាងម៉ឺងម៉ាត់របស់លោក ជាម ច័ន្ទសោភ័ណ អភិបាលខេត្តត្បូងឃ្មុំ និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត ឲ្យធ្វើការទប់ស្កាត់ និងបង្ក្រាបឲ្យខានតែបាន រាល់ការនាំចូលជ្រូកដោយខុសច្បាប់ ពីប្រទេសជិតខាងជាប់ព្រំដែន ជាពិសេសវិធានការទប់ស្កាត់ ការឆ្លងជំងឺប៉េសជ្រូកអាហ្វ្រិកចូលមកកម្ពុជានោះ, តាំងពីថ្ងៃម្សិលមិញ និងរហូតមកដល់ថ្ងៃទី៦ ខែមេសា ឆ្នាំ២០១៩នេះ កម្លាំងសមត្ថកិច្ចចម្រុះខេត្តត្បូងឃ្មុំ បានសហការគ្នាបន្តបង្ក្រាប និងឃាត់ម៉ូតូចំនួន០៥គ្រឿង ជ្រូក០៨ក្បាល និងមនុស្សចំនួន០៥នាក់ ដែលដឹកជ្រូកខុសច្បាប់នៅចំណុចកោះអណ្តែត ត្រង់បង្គោលលេខ ១១៧/២ ពីប្រទេសវៀតណាម ចូលមកកម្ពុជា ក្នុងភូមិសាស្ត្រជិតច្រកទ្វារព្រំដែនអន្តរជាតិត្រពាំងផ្លុង ក្នុងភូមិត្រពាំងផ្លុង ឃុំត្រពាំងផ្លុង ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ។

កម្លាំងសមត្ថកិច្ចរួមមាន៖ នគរបាលអន្តោប្រវេសន៍ប្រចាំច្រកទ្វារអន្តរជាតិត្រពាំងផ្លុង មេច្រក កម្លាំងយោធា សាខាគយ និងរដ្ឋាករច្រកអន្ដរជាតិត្រពាំងផ្លុង និងសមត្ថកិច្ចជំនាញបសុព្យាបាលសត្វ នៃមន្ទីរកសិកម្មខេត្តត្បូងឃ្មុំ។

មន្រ្តីនគរបាលអន្តោប្រវេសន៍ប្រចាំច្រកទ្វារអន្តរជាតិត្រពាំងផ្លុង បានឲ្យដឹងថា កាលពីព្រឹកព្រលឹមថ្ងៃទី០៥ ខែមេសា ឆ្នាំ២០១៩ មន្ត្រីអន្តោរប្រវេសន៍ច្រកត្រពាំងផ្លុង បានឈរជើងនៅតាមតំបន់ ច្រករបៀង នៅត្រង់បង្គោលលេខ១១៧/២ ក្នុងដែនសមត្ថកិច្ចច្រកត្រពាំងផ្លុង ក៏ប្រទះឃើញក្រុមឈ្មួយដឹកជ្រូកពីវៀតណាម ពិនិត្យឃើញថា គ្មានលិខិតអនុញ្ញាតនាំចូលនោះ ក៏បានឃាត់ខ្លួនក្រុមទាំងនោះភ្លាមៗតែម្តង។

បន្ទាប់ពីពិនិត្យឃើញថា គ្មានលិខិតអនុញ្ញាត ដែលខុសច្បាប់នោះ សមត្ថកិច្ចបានប្រគល់មនុស្ស និងវត្ថុតាងទៅឲ្យជំនាញបសុពេទ្យ នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តត្បូងឃ្មុំ ដើម្បីចាត់ការបន្ដតាមនីតិវិធី។

សូមបញ្ជាក់ថា ជំងឺប៉េស្តជ្រូកអាហ្វ្រិក ដែលបានកើតឡើងនៅប្រទេសវៀតណាម និងបានសម្លាប់សត្វជ្រូករាប់សិបក្បាល បានរីករាលដាលមកដល់ប្រទេសកម្ពុជាហើយ ដោយជំងឺនេះ ត្រូវបានមន្ត្រីរកឃើញកើតមានឡើង នៅក្នុងភូមិមួយរបស់ស្រុកអូរយ៉ាដាវ ខេត្តរតនគិរី ជាប់ព្រំដែនប្រទេសវៀតណាម តាំងពីថ្ងៃទី២២ ខែមីនា ឆ្នាំ២០១៩ ដោយបានសម្លាប់សត្វជ្រូកប្រមាណ៤០០ក្បាល។

យ៉ាងណាក៏ដោយ មន្ដ្រីជាន់ខ្ពស់ក្រសួងសុខាភិបាល និងជាអ្នកនាំពាក្យ លោក លី សុវណ្ណ បានអះអាងថា ជំងឺនេះមិនប៉ះពាល់ និងឆ្លងដល់មនុស្សនោះឡើយ ដូច្នេះសូមអំពាវនាវ ដល់ប្រជាពលរដ្ឋទាំងអស់ កុំឲ្យមានការព្រួយបារម្ភ។

ទន្ទឹមនឹងចំណាត់ការនៃការទប់ស្កាត់ជំងឺមួយនេះ កាលពីថ្ងៃទី០២ ខែមេសា ឆ្នាំ២០១៩ រដ្ឋមន្ដ្រីក្រសួងកសិកម្ម លោក វេង សាខុន ក៏បានចេញសេចក្ដីប្រកាស ពីការកំណត់តំបន់ផ្ទុះជំងឺប៉េស្តជ្រូក អាហ្វ្រិក នៅក្នុងភូមិសោមកានិញផងដែរ និងបានប្រមូលសត្វជ្រូកដែលសង្ស័យកើតជំងឺនេះ យកទៅបំផ្លាញចោលផងដែរ៕