(កំពង់ស្ពឺ)៖ សម្តេចវិបុលសេនាភក្តី សាយ ឈុំ អនុប្រធានគណបក្សប្រជាជនកម្ពុជា នៅព្រឹកថ្ងៃទី០៦ ខែមេសា ឆ្នាំ២០១៩នេះ បានអញ្ជើញសម្ពោធដាក់ឲ្យដំណើរការ អគារប្រជុំថ្មី របស់គណៈកម្មាធិការគណប្រជាជនកម្ពុជាខេត្តកំពង់ស្ពឺ។
ក្នុងឱកាសនោះ សម្តេច សាយ ឈុំ បានលើកឡើងថា ការជួបជុំគ្នាក្នុងបរិយាកាសដ៏សប្បាយរីករាយនេះ ត្រូវបានធ្វើឡើងស្របពេលដែលគណបក្សប្រជាជនកម្ពុជា បានរៀបចំចាត់ចែង គោលនយោបាយ ដោយមានភាពរីកចម្រើនលើគ្រប់វិស័យ។ សម្តេចបានវាយតម្លៃខ្ពស់ ចំពោះការដឹកនាំរបស់លោក អ៊ូ សំអួន និងលោក វ៉ី សំណាង ដែលបានចំណាយកម្លាំកាយចិត្ត និងធនធានផ្ទាល់ខ្លួនក្នុងការសាងសង់អគានេះឡើង។
សម្តេចបានថ្លែងអំណរគុណដល់លោក ម៉ោញ កុសល់ ដែលជាអ្នកផ្តួចផ្តើមកសាងមន្ទីរគណបក្សនេះ។ សម្តេចក៏បានថ្លែងអរគុណចំពោះសប្បុរសជននានា ដែលបានបរិច្ចាគនូវធនធាន ក្នុងការកសាងអគាដ៏មានមោទកភាពបំផុត ក្នុងខេត្តកំពង់ស្ពឺ។
សម្តេចបន្តថា ឥឡូវនេះលោក ម៉ោញ កុសល់ មានសភាពចាស់ណាស់ទៅហើយ និងសូមឲ្យថ្នាក់ដឹកនាំខេត្ត បានទៅសួរសុខទុក្ខរបស់លោកដើម្បីជាការដឹងគុណ ព្រោះថាបើទទួលទានទឹក ត្រូវនឹកដល់ប្រភព បើបានហូបផ្លែឈើ ត្រូវនឹកដល់អ្នកដាំ។ លើសពីនេះ សម្តេចក៏បានសរសើរដល់មន្រ្តីទាំងអស់ ដែលបានខិតខំអនុវត្តន៍កម្មវិធីយុទ្ធសាស្រ្តរបស់គណបក្ស ដោយជោគជ័យជាបន្តបន្ទាប់។
សម្តេចចាត់ទុកថា អគារដ៏ថ្មីស្រឡាងរបស់គណបក្សប្រជាជនកម្ពុជានេះ បានបង្ហាញពីការរីកចម្រើនក្នុងការដឹកនាំខេត្ត ហើយការរីកចម្រើនទាំងនេះ បានមកពីការដឹកនាំដ៏មានភាពឈ្លាសវៃ របស់សម្តេច ហុ៑ន សែន ដែលបានការពារនូវបូរណភាពទឹកដី ស្ថិរភាពនយោបាយ សេដ្ឋកិច្ច និងលំនឹងម៉ាក្រូសេដ្ឋកិច្ច។
ក្នុងឱកាសនោះដែរ សម្ដេច សាយ ឈុំ បានដាក់ចេញនូវគោលការទាំង៦ ក្នុងការអនុវត្ត៖
*១៖ យកចិត្តទុកដាក់ក្នុងការពង្រឹងសន្តិសុខ ភូមិឃុំមានសុវត្ថិភាព
*២៖ ត្រូវយកចិត្តទុកដាក់ លើការផ្ដល់សេវារសាធារណៈ
*៣៖ ពង្រឹងសមាជិកបក្ស និងគោលជំហរទៅលើការបោះឆ្នោតនៅអាណត្តិក្រោយទៀត
*៤៖ ពង្រឹងជួរមន្រ្តីជារបស់បក្ស ឲ្យចេះផ្សាភ្ជាប់រវាងមន្រ្តី និងប្រជាជន។
*៥៖ ពង្រឹងក្រុមការងារបក្ស
*៦៖ ពង្រឹងមានសាមគ្គីភាព៕