(ត្បូងឃ្មុំ)៖ ឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានលើកឡើងថា ការរីកចម្រើនវិស័យពុទ្ធចក្រ និងអាណាចក្រ ត្រូវពឹងផ្អែកលើកត្តាសន្តិសុខ ស្ថិរភាពនយោបាយ និងសុវត្ថិភាពសង្គមចាំបាច់ជាចម្បង ដែលមិនអាចខ្វះបាន។
ការលើកឡើងបែបនេះរបស់ឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា ត្រូវធ្វើឡើងក្នុងឱកាសលោកអញ្ជើញក្នុងពិធីបញ្ចុះខណ្ឌសីមា និងសម្ពោធឆ្លងដាក់ឲ្យប្រើប្រាស់សមិទ្ធផលនានា ដែលមានតម្លៃជាង ២៣ម៉ឺនដុល្លារអាមេរិក នៅវត្តបុទុមរង្សី ហៅវត្តពើក ស្ថិតក្នុងឃុំថ្មពេជ្រ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ នាថ្ងៃទី០៥ ខែមេសា ឆ្នាំ២០១៩។
លោកឧបនាយករដ្ឋមន្ត្រី បានឱ្យដឹងថា បើសិនប្រទេសអសន្តិសុខ អ្វីៗក៏មិនអាចកើតឡើងបាននោះដែរ តែបើស្រុកទេសសុខសប្បាយ សន្តិសុខសុវត្ថិភាពពេញលេញ មានស្ថិរភាពនយោបាយ ច្បាស់ណាស់ប្រជាពលរដ្ឋមានសិទ្ធិសេរីភាពប្រកបរបរបានដោយសេរី មានជីវភាពធូរធា ប្រទេសជាតិមានការអភិវឌ្ឍរីកចម្រើនលើគ្រប់វិស័យ ដូចកម្ពុជាសព្វថ្ងៃនេះ។
លោកបានគូសបញ្ជាក់ថា កត្តាដែលប្រទេសជាតិមានសុខសន្តិភាព គឺពិតជាមិនអាចខ្វះបាននូវធនធានមនុស្ស ដែលមានចិត្តធម៌សប្បុរស យោគយល់អធ្យាស្រ័យគ្នា ក្នុងនោះវិស័យព្រះពុទ្ធសាសនា បានចូលរួមចំណែកយ៉ាងធំធេង ជាថ្នាលបណ្តុះធម៌អហិង្សា សីលធម៌ ចំណេះដឹងទូទៅ ធ្វើឲ្យចិត្តជ្រះថ្លា ជាដើមទុននៃគ្រឹះសុខសន្តិភាពក្នុងផ្លូវចិត្ត ដែលមានឥទ្ធិពលលើសង្គមជាតិទាំងមូល។
លោកឧបនាយករដ្ឋមន្ត្រីបានរំលឹកថា កូនខ្មែរគ្រប់រូប ទាំងជំនាន់មុន ជំនាន់នេះ ជំនាន់ក្រោយតទៅអនាគត ត្រូវនាំគ្នាលើកតម្កើងកិត្តិយសជាតិ តាមរយៈការរួមគ្នាថែរក្សាសុខសន្តិភាព ស្ថិរភាពនយោបាយឲ្យរឹងមាំ។
លោកក៏បានអំពាវនាវឲ្យប្រជាពលរដ្ឋខ្មែរទាំងអស់ ត្រូវមានជំនឿលើខ្លួនឯង ជឿលើរាជរដ្ឋាភិបាលខ្លួនឯង ជឿលើគោលនយោបាយ ការដឹកនាំរបស់រាជរដ្ឋាភិបាលកម្ពុជា របសគណបក្សប្រជាជនកម្ពុជា ដើម្បីរួមគ្នាបន្តដំណើរលើនាវាកម្ពុជា ឆ្ពោះទៅកាន់ត្រើយសុខសន្តិភាព និងការអភិវឌ្ឍប្រទេសជាបន្តទៀត ជាពិសេសនៅតែគោរពបូជា សាសនាតែមួយគត់ គឺព្រះពុទ្ធសាសនា ដែលជាសាសនារបស់រដ្ឋ។
បើតាមលោក សេង សុខឿន អភិបាលស្តីទីស្រុកត្បូងឃ្មុំ ឲ្យដឹងថា សមិទ្ធផលនានាជាច្រើនក្នុងវត្ត មានជាអាទិ៍ ឧបដ្ឋានសាលា កុដិថ្ម រាជរថ ផ្លូវ របង ដងទង់ ក្លោងទ្វារ និងព្រះវិហារ ដែលត្រូវបញ្ចុះខណ្ឌសីមា និងសម្ពោធដាក់ឲ្យប្រើប្រាស់នាពេលនេះ ចំណាយថវិការសាងសង់សរុបអស់ ២៣៤,៩៤៤ដុល្លារ ក្នុងនោះលោកឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា ចូលរួមបច្ច័យសាងសង់ចំនួន ២២,០០០ដុល្លារផងដែរ៕