(ព្រះសីហនុ)៖ នៅព្រឹកថ្ងៃសៅរ៍ទី៦ ខែមេសា ឆ្នាំ២០១៩ លោក យន្ត មីន អភិបាលខេត្តព្រះសីហនុ បានអញ្ជើញចែកអំណោយជូនប្រជាពលរដ្ឋទ័លក្រ ចាស់ជរាចំនួន ៦០០គ្រួសារ មកពីសង្កាត់ទាំង៤ ក្នុងក្រុងព្រះសីហនុ នៅបរិវេណមុខវេទិកាបុណ្យជាតិ ៧មករា ស្ថិតក្នុងសង្កាត់លេខ៣ ក្រុង ខេត្តព្រះសីហនុ។
លោក យន្ត មីន ពាំនាំនូវការសាកសួរសុខទុក្ខពីសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលតែងតែគិតគូរពីសុខទុក្ខ ប្រជាពលរដ្ឋនៅគ្រប់ទីកន្លែងនៅក្នុង ប្រទេសកម្ពុជា ដោយមិនប្រកាន់ ពណ៌សម្បុរ ជាតិសាសន៍ ឬនិន្នាការនយោបាយ។
លោក យន្ត មីន បានរំលឹកអាជ្ញាធរតាមមូលដ្ឋាន ត្រូវជួយមើលដោះស្រាយជីវភាពប្រជាពលរដ្ឋបានទាន់ពេល ព្រមទាំងអំពាវនាវដល់អ្នកស្ម័គ្រចិត្តសាខាកាកបាទក្រហមកម្ពុជានៅតាមឃុំ-សង្កាត់ ត្រូវចុះជាប្រចាំទៅដល់មូលដ្ឋានប្រជាពលរដ្ឋ ដើម្បីឈ្វេងយល់ពីសុខទុក្ខប្រជាពលរដ្ឋ និងដោះស្រាយបានទាន់ពេលវេលា ដោយមិនទុកឱ្យប្រជាពលរដ្ឋណាម្នាក់ស្លាប់ ដោយសារខ្វះខាតស្បៀងអាហារនោះទេ។
ជាមួយគ្នានេះ លោក យន្ត មីន ស្នើពលរដ្ឋទាំងអស់គ្នាត្រូវចូលរួមអនុវត្តគោលនយោបាយភូមិ-ឃុំ មានសុវត្ថិភាពឲ្យបានល្អ។ លោកក៏បានថ្លែងអំណរគុណចំពោះក្រុមហ៊ុនព្រីនស៍រៀល អ៊ែសស្តេត ដែលបានជួយពលរដ្ឋដែលកំពុងជួបការលំបាកក្នុងជីវភាពប្រចាំថ្ងៃ។
បើតាមលោក លី មីន អគ្គនាយកក្រុមហ៊ុនព្រីនស៍រៀល អ៊ែសស្តេត ឲ្យដឹងថា ក្រុមហ៊ុនលោកបានដំណើរការនៅកម្ពុជាចំនួន៤ឆ្នាំហើយ។ លោកបានសំដែងការគាំទ្រនិងវាយតម្លៃខ្ពស់ចំពោះវឌ្ឍនភាព របស់កម្ពុជា ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន។ លោកបន្ថែមថា ក្រុមហ៊ុនព្រីនស៍រៀល អ៊ែសស្តេតពេញចិត្តសហការជាមួយអាជ្ញាធរដែនដី ក្នុងការងារមនុស្សធម៌ជួយជនទ័លក្រកម្ពុជា។
គួរបញ្ជាក់ថា អំណោយដែលបានចែកជូនប្រជាពលរដ្ឋនាពេលនេះ ក្នុងមួយគ្រួសារទទួលបានកន្ទេល ០១ គ្រឿងឧបភោគ បរិភោគ និងថវិកាមួយចំនួន ដែលបានទទួលការឧបត្ថម្ភដោយក្រុមហ៊ុន ព្រីនស៍រៀល អ៊ែសស្តេត ដែលកំពុងធ្វើប្រតិបត្តិការវិនិយោគនៅកម្ពុជា ជាពិសេសនៅក្រុងព្រះសីហនុ៕