(ស្វាយរៀង)៖ លោកស្រីកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្នមន្ត្រី និងជារដ្នមន្ត្រីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា ព្រឹទ្ធសភា និងអធិការកិច្ច បានជំរុញដល់កងកម្លាំងប្រដាប់អាវុធ និងអាជ្ញាធរទូទាំងខេត្ត ត្រូវអនុវត្តន៍ការងារការពារសន្តិសុខសណ្តាប់ធ្នាប់សង្គម ឲ្យល្អក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរ ធ្វើយ៉ាងណាឲ្យប្រជាពលរដ្នបានសប្បាយរីករាយ និងត្រៀមក្នុងការជួយសង្គ្រោះបន្ទាន់នានា ដូចជាបញ្ហាគ្រោះថ្នាក់ចរាចរណ៍ និងគ្រោះអគ្គិភ័យជាដើម។
ការថ្លែងជំរុញខាងលើនេះ បានធ្វើឡើងពេលលោកស្រីអញ្ជើញជាគណៈអធីបតីក្នុងពិធីជូនពរឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ឆ្នាំកុរ ឯកស័ក ព.ស. ២៥៦៣ គ.ស. ២០១៩ ដែលមានទេវតាព្រះនាម ទុង្សទេវី។ នៅក្នុងពិធីនេះក៏មានការចូលរួមពីមន្ត្រីរាជការស្រុកក្រុងទាំងអស់ ព្រមទាំងការចូលរួមពីតាមមន្ទីរនានាជុំវិញខេត្ត ភ្ញៀវវៀតណាមដែលមានខេត្តជាប់ព្រំដែនខេត្តស្វាយរៀង គឺខេត្តទ្បុងអាន និងខេត្តតៃនីញ នាព្រឹកថ្ងៃទី៦ ខែមេសា ឆ្នាំ២០១៩នេះ នៅសាលាខេត្តស្វាយរៀង។
លោកស្រីកិត្តិសង្គហបណ្ឌិត ម៉ែន សំអន បានផ្ដាំផ្ញើការសាកសួរសុខទុក្ខពីសំណាក់សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ក្នុងបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ជូនដល់មន្ត្រីរាជការ ប្រជាពលរដ្ឋនៅទូទាំងខេត្តស្វាយរៀង និងភ្ញៀវជាតិ អន្តរជាតិដែលបានចូលរួមជូនពរឆ្នាំថ្មីនេះផងដែរ។
លោកស្រីបានបន្តទៀតថា ក្នុងរយៈពេលមួយឆ្នាំនេះ ថ្នាក់ដឹកនាំខេត្តក៏ដូចជា មន្ត្រីរាជការជុំវិញខេត្តស្វាយរៀង បានខិតខំបំពេញកិច្ចការងារដែលរាជរដ្ឋាភិបាល បានដាក់ចេញទទួលបានជោគជ័យ មួយកម្រិត និងត្រូវខិតខំបន្តទៀតនៅឆ្នាំ២០១៩ ធានាបានសេដ្ឋកិច្ចកាន់តែល្អប្រសើរ គិតគូរសុខទុក្ខប្រជាពលរដ្ឋមន្ត្រីរាជការឲ្យមានជីវភាពសមរម្យ។
លោកស្រីបានបញ្ជាក់ថាការជួបជុំគ្នានៅពេលនេះ ស្របពេលដែលប្រទេសជាតិមានសុខសន្តិភាព និងការអភិវឌ្ឍរីកចម្រើនលើគ្រប់វិស័យ ហើយការជួបជុំជូនពរក្នុងកម្មវិធីចូលឆ្នាំថ្មីនេះ ជាប្រពៃណីដ៏យូរមកហើយរវាងខេត្តស្វាយរៀង ឡុងអាន តៃនិញ ក្នុងការជូនពរចូលឆ្នាំថ្មីគ្នាទៅវិញទៅមក ហើយមិនត្រឹម បានញាំងឲ្យមានបរិយាកាសមានភាពអធិកអធ័មប៉ុណ្ណោះទេ ប៉ុន្តែក៏បានបង្ហាញឲ្យឃើញពីការរីកចម្រើនទៅមុខជាលំដាប់នូវទំនាក់ទំនងជាមិត្តភាព ប្រកបដោយសាមគ្គីភាព ភាតរភាព រវាងប្រទេសទាំងពីរ កម្ពុជា-វៀតណាម ហើយបានជួយគ្នាទៅវិញទៅមកទាំងវិស័យសេដ្ឋកិច្ច និងសហប្រតិបត្តិយ៉ាងល្អនាពេលកន្លងមក។
លោកស្រី ម៉ែន សំអន បានលើកឡើងទៀតថា «រាជរដ្ឋាភិបាល បានកៀគរអ្នកវិនិយោគក្នុង និងក្រៅប្រទេសមកបណ្តាក់ទន់រកស៊ី ដូចជា ខេត្តស្វាយរៀងនេះ មានរោងចក្រ សហគ្រាសជាច្រើនកន្លែង អាចស្រូបយកកម្មករ និយោជិកបានជាច្រើនម៉ឺននាក់ និងបានកាត់បន្ថយភាពក្រីក្រ ជូនប្រជាពលរដ្ឋហើយក៏បានកាត់បន្ថយការធ្វើចំណាកស្រុកដោយខុសច្បាប់ផងដែរ»។
លោកស្រី ម៉ែន សំអន បានអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ចូលរួមសប្បាយរីករាយក្នុងកម្មវិធីសង្ក្រាន្តស្វាយរៀង ឲ្យបានច្រើនកុះករហើយត្រូវប្រុងប្រយត្ន័ភ្លើងអគ្គិភ័យដែលកើតឡើង ជាយថាហេតុ និងត្រូវនាំគ្នាគោរពច្បាប់ចរាចរណ៍ទាំងអស់គ្នា ត្រូវនិយាយថាទេចំពោះគ្រឿងញៀនគ្រប់ប្រភេទ៕