(បាត់ដំបង)៖ ក្រុមហ៊ុនមកពីប្រទេសចិនមួយ មានគោលបំណងវិនិយោគទុនតាមរយៈការសាងសង់រោងចក្រកែច្នៃផ្លែឈើស្រស់ ទៅជាដំណាប់មានការវេចខ្ចប់ត្រឹមត្រូវ មានអនាម័យល្អ នៅក្នុងខេត្តបាត់ដំបង សម្រាប់លក់ក្នុងស្រុក និងនាំចេញទៅលក់នៅក្រៅប្រទេស។
ការបង្ហាញគម្រោងបែបនេះ បានកើតមានឡើង ខណៈដែលលោក ងួន រតន: អភិបាលខេត្តបាត់ដំបង កាលពីថ្ងៃទី៥ ខែមេសា ឆ្នាំ២០១៩ បានអនុញ្ញាតឲ្យក្រុមហ៊ុនចិន Gungxi six Brother import and export Trade Co.LTD ចូលជួបសម្តែងការគួសម និងជម្រាបអំពីគោលបំណងការវិនិយោគធ្វើរោងចក្រកែច្នៃផ្លែឈើនៅសាលប្រជុំសាលាខេត្តបាត់ដំបង។
លោក ថាន ហឺ (Tan He) អ្នកគ្រប់គ្រងក្រុមហ៊ុនមកពីខេត្ត Gungxi ប្រទេសចិន បានជម្រាបលោកអភិបាលខេត្តថា ក្រុមហ៊ុនរបស់លោកមានគោលបំណងវិនិយោគទុន តាមរយ:ការសាងសង់រោងចក្រកែច្នៃផ្លែឈើស្រស់ ទៅជាដំណាប់មានការវេចខ្ចប់ត្រឹមត្រូវមានអនាម័យល្អ សម្រាប់លក់ក្នុងស្រុកនិងនាំចេញទៅលក់នៅក្រៅប្រទេស។
លោក ថាន ហឺ បានសុំឲ្យអាជ្ញាធរខេត្តជួយគាំទ្រផ្នែកច្បាប់ និងដោះស្រាយបញ្ហាផ្សេងៗចាប់ពីពេលដំបូង រហូតដល់រោងចក្របានដំណើរការ។ រោងចក្រនេះមានទីតាំងស្ថិតក្នុងស្រុករតនៈមណ្ឌល ខេត្តបាត់ដំបង សាងសង់លើផ្ទៃដីទំហំ៥ហិកតា ពេលដំណើរការរោងចក្ររបស់លោកហើយ រោងចក្រត្រូវការកម្លាំងកម្មករពី ៤០០ ទៅ៥០០នាក់ ធ្វើការប្រចាំនៅក្នុងរោងចក្រ ដោយមិនគិតកម្មករចល័តផ្សេងទៀត សម្រាប់ដើរបេះផ្លែឈើផង។
លោកបានបន្តទៀតថា រោងចក្រនេះជារោងចក្រផលិតដំណាប់ចេញពីផ្លែឈើស្រស់ ដូចជា៖ ផ្លែស្វាយ ម្នាស់ ល្ហុង ស្វាយចន្ទី និងមានឡសម្ងួតផ្លែតាងែនទៀត។ ក្រោយរោងចក្របាននិងកំពុង ដំណើរការហើយ រោងចក្រមានសមត្ថភាពផលិតជាភេសជ្ជៈបន្ថែមទៀតផង។
លោក ងួន រតន: បានសម្តែងនូវការស្វាគមន៍ និងគាំទ្រទាំងស្រុងដែលក្រុមហ៊ុននេះ បានវិនិយោគធ្វើរោងចក្របានត្រៀមសាងសង់រោងចក្រ រហូតដល់បានដំណើរការល្អ គឺបានចំណេញទាំងអស់គ្នា ក្រុមហ៊ុនបានចំណេញលុយ ឯខេត្តបាត់ដំបង បានចំណេញនោះគឺមានទីផ្សារខាងផ្លែឈើដល់អ្នកដាំនៅតាមចម្ការនានានិង ប្រជាពលរដ្ឋមានការងារធ្វើនៅជិតផ្ទះក្នុងស្រុកមានប្រាក់ចំណូល មានជីវភាពធូរធាផងដែរ។
លោកអភិបាលខេត្ត បានជម្រាបទៅក្រុមហ៊ុនឲ្យណែនាំអ្នកវិនិយោគក្រុមហ៊ុនផ្សេងទៀត មកវិនិយោគឲ្យបានច្រើននៅលើទឹកដីខេត្តបាត់ដំបងជាបន្តបន្ទាប់ទៀត នឹងនាំឲ្យមានការអភិវឌ្ឍន៍ខេត្តកាន់តែមានការរីកចំរើនខ្លាំងឡើង៕