(កំពង់ធំ)៖ នៅក្នុងឱកាសអញ្ជើញជាអធិបតី ក្នុងពិធីសម្ពោធឆ្លងឧបដ្ឋានសាលា ដែលជាសមិទ្ធផលថ្មី និងស្រោចស្រពព្រះសុគន្ធវារី ប្រគេនព្រះគ្រូចៅអធិការ វត្តសែនសិរី ហៅវត្ត ក្តីសែន ស្ថិតក្នុងសង្កាត់ស្រយ៉ូវ ក្រុងស្ទឹងសែន ខេត្តកំពង់ធំ លោកបណ្ឌិត ងួន ញ៉ិល អនុប្រធានទី១នៃរដ្ឋសភា បានលើកឡើងថា វត្តអារាមមិនគ្រាន់តែជាទីសក្ការៈសម្រាប់គោរពបូជា តាមផ្លូវជំនឿសាសនា ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាថ្នាលបណ្តុះបណ្តាលនូវចំណេះដឹង សីលធម៌ និងសាមគ្គីភាពរឹងមាំតាមផ្លូវពុទ្ធចក្រ និងអាណាចក្រទៀតផង។
ក្នុងពិធីនៅព្រឹកថ្ងៃទី០៦ ខែមេសា ឆ្នាំ២០១៩នេះ លោក ម៉ាក់ ប៊ុនហុង អភិបាលក្រុងស្ទឹងសែន បានអញ្ជើញអានសុន្ទរកថាស្វាគមន៍ និងរបាយការណ៍សាងសង់បានឲ្យដឹងថា វត្តសែនសិរី ហៅវត្តក្តីសែន នេះមានអាយុកាល១០២ឆ្នាំមកហើយ ហើយឧបដ្ឋានសាលា ដែលកំពុងធ្វើពិធីសម្ភោធឆ្លងនៅពេលនះ បានចំណាយថវិកាសាងសង់អស់សរុបចំនួន២១២,៥៣៨ ដុល្លារ ក្រោមការជួយឧបត្ថម្ភរបស់លោកបណ្ឌិត ងួន ញ៉ិល និងសប្បុរសជនទាំងអស់។
ថ្លែងក្នុងឱកាសនោះ លោកបណ្ឌិត ងួន ញ៉ិល បានបញ្ជាក់អំពីសារសំខាន់ នៃសុខសន្តិភាព និងស្ថេរភាពរបស់ប្រទេសជាតិ ដើម្បីបម្រើឲ្យកាអភិវឌ្ឍលើគ្រប់វិស័យ ដូចក្នុងពេលបច្ចុប្បន្ននេះ និងបាន លើកឡើងពីគុណតម្លៃ នៃសុខសន្តិភាព ហើយថា សមិទ្ធផលដែលបានកសាងឡើង និងដាក់សម្ពោធនាពេលនេះ គឺកើតឡើងដោយសារប្រទេសមានសុខសន្តិភាព ក្រោមនយោបាយឈ្នះ-ឈ្នះ របស់សម្តេចតេជា ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា។
អនុប្រធានទី១ នៃរដ្ឋសភារូបនេះ បានសង្កត់ធ្ងន់ថា គោលនយោបាយរបស់រាជរដ្ឋាភិបាល ក៏ដូចជា ថ្នាក់ដឹកនាំ គ្រប់ជាន់ថ្នាក់ បានខិតខំណាស់ ក្នុងការបម្រើប្រជាពលរដ្ឋ។ ចំពោះប្រព័ន្ធអនុគ្រោះពន្ធ EBA របស់សហគមន៍អ៊ឺរ៉ុប លោកបានបញ្ជាក់អំពីប្រសាសន៍របស់សម្តេចតេជោ ហ៊ុន សែន ទោះកម្ពុជាមាន ឬមិនមានប្រព័ន្ធអនុគ្រោះពន្ធ EBA ក៏កម្ពុជាមិនស្លាប់ដែរ។
ឆ្លៀតក្នុងឱកាសនេះ លោកបណ្ឌិត ងួន ញ៉ិល ក៏បាននាំនូវបច្ច័យចំនួន២០លានរៀល ប្រគេនព្រះគ្រូចៅអធិការវត្តសែនសិរសិ ហៅវត្តក្តីសែន ដើម្បីរួមចំណែក ដោះស្រាយការចំណាយនានា ក្នុងការកសាងសមិទ្ធផលផ្សេងៗ នៅក្នុងវត្ត។ ប្រគេនព្រះមេគណខេត្តកំពង់ធំ ទេយ្យទាន១ប្រអប់ បច្ច័យ៤០ម៉ឺនរៀល។
ប្រគេនព្រះអនុគុណ ក្រុងស្ទឹងសែនទេយ្យទាន១ប្រអប់ បច្ច័យ២០ម៉ឺនរៀល, ប្រគេនព្រះចៅអធិការវត្ត ៥អង្គ ក្នុងមួយអង្គទេយ្យទាន១ប្រអប់ បច្ច័យ ១០ម៉ឺនរៀល, ជូនលោកយាយ លោកតា ១០០នាក់ ក្នុងម្នាក់ទទួលបានក្រណាត់ស១ដុំ និងថវិកា១ម៉ឺនរៀល, ប្រជាពលរដ្ឋ១៥០០នាក់ ម្នាក់ទទួលបានសារ៉ុង១, លោកគ្រូ អ្នកគ្រូ ២១០នាក់ ម្នាក់ថវិកា២ម៉ឺនរៀល , យុវជនកាយរិទ្ធិ-យុវជនកាកបាទក្រហម ៥០នាក់ ទទួលបានថវិកាម្នាក់១ម៉ឺនរៀល និងសិស្សានុសិស្ស ចំនួន៧៦៦នាក់ ទទួលបានក្នុងម្នាក់សៀវភៅ១ក្បាល ប៊ិច១ដើម និងថវិកាចំនួន៥ពាន់រៀល៕ ;