(ប៉ៃលិន)៖ ក្នុងពិធីសម្ពោធក្លោងទ្វារសាលាឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន នាថ្ងៃទី០៦ ខែមេសា ឆ្នាំ២០១៩, លោក ផាន់ ចាន់ធុល អភិបាលខេត្តប៉ៃលិន បានជំរុញដល់អាជ្ញាធរ មូលដ្ឋានទាំងអស់ ជាពិសេសមេឃុំ/ចៅសង្កាត់ និងមេភូមិទាំងអស់ ដែលកៀកផ្ទាល់នឹងប្រជាជន ត្រូវខិតខំបំពេញការងាររបស់ខ្លួន ដោយការទទួលខុសត្រូវខ្ពស់ក្នុងការផ្តល់ សេវាសាធារណៈនានាជូនប្រជាពលរដ្ឋ និងត្រូវខិតខំដោះស្រាយបញ្ហាប្រឈមនានា ដែលកើតមានឡើងនៅមូលដ្ឋានឱ្យកាន់តែមានប្រសិទ្ធភាពខ្ពស់ និងឆាប់រហ័ស។
ក្នុងឱកាសនោះដែរ លោកអភិបាលខេត្ត ក៏បានណែនាំដល់អាជ្ញាធរគ្រប់លំដាប់ថ្នាក់ ត្រូវលើកកម្ពស់ការផ្តល់សេវាតាមច្រកចេញតែមួយជូនប្រជាពលរដ្ឋ និងត្រូវពង្រឹងសមត្ថភាពមន្ត្រីផ្តល់សេវា ឱ្យបានកាន់តែប្រសើរ ជាពិសេសត្រូវធ្វើរបាយការណ៍អំពីការដោះស្រាយបញ្ហាប្រឈមទៅថ្នាក់ក្រសួង និងត្រូវព្យាយាមក្នុងការដោះស្រាយបញ្ហាប្រឈមនានាប្រកបដោយតម្លាភាព។
លោក ផាន់ ចាន់ធុល បានបញ្ជាក់ថា មេឃុំ/ចៅសង្កាត់មានតួនាទីសំខាន់បំផុត នៅរដ្ឋបាលមូលដ្ឋាន ដែលធ្វើឲ្យដំណើរការនៃការផ្តល់សេវាជូនប្រជាពលរដ្ឋប្រកបដោយគុណភាព ប្រសិទ្ធភាព មានការអភិវឌ្ឍប្រកបដោយសមធម៌ និងចីរភាព ដោយរក្សាបាននូវសន្តិសុខសណ្តាប់ធ្នាប់សង្គម និងលើកស្ទួយកម្រិតជីវភាពរបស់ប្រជាពលរដ្ឋគ្រប់រូបនៅមូលដ្ឋាន។
សូមបញ្ជាក់ថា ក្លោងទ្វារសាលាឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន ដែលធ្វើពិធីសម្ពោធនាពេលនេះ គឺជាអំណោយផ្ទាល់របស់លោក ផាន់ ចាន់ធុល និងលោកស្រី ដោយចំណាយថវិកាអស់ប្រមាណ ៦,០០០ដុល្លារ។
ក្នុងឱកាសនោះដែរ លោកអភិបាលខេត្ត ក៏បានផ្តល់ជូនបន្ថែមទៀតនូវផ្លូវបេតុង ១ខ្សែ ចូលសាលាឃុំស្ទឹងកាច់ប្រវែង ១០០ម៉ែត្រ ទទឹង ៧ម៉ែត្រ ដើម្បីងាយស្រួលក្នុងការធ្វើដំណើរចេញ-ចូល ក្នុងការផ្តល់សេវាសាធារណៈនានាជូនប្រជាពលរដ្ឋ៕