(បន្ទាយមានជ័យ)៖ ក្រោមការបញ្ជាផ្ទាល់ពីស្នងការនគរបាលខេត្តបន្ទាយមានជ័យ លោកឧត្តមសេនីយ៍ទោ អាត់ ខែម ក្រុមមន្ត្រីនគរបាលការិយាល័យជំនាញអគ្គិភ័យ នៃស្នងការដ្ឋាននគរបាល ខេត្តបន្ទាយមានជ័យ បានផ្សព្វផ្សាយ និងបង្ហាត់បង្រៀនរបៀបវិធីការបង្ការ ពន្លត់អគ្គិភ័យ របៀបសង្រ្កោះបឋម និងរំដោះខ្លួនចេញពីកន្លែងអគ្គិភ័យដល់ប្រជាពលរដ្ឋ និងអាជីវករជាង ២០០នាក់។
ការចុះផ្សព្វផ្សាយនេះធ្វើឡើងថ្ងៃទី៥ ខែមេសា ឆ្នាំ២០១៩ នៅផ្សារចំការគរ ហៅផ្សារថ្មី ដែលធ្លាប់រងការឆាបឆេះតូបលក់សម្ភារគ្រឿងជ័រសម្រាប់ក្មេងលេង ១តូប ខូចខាតទាំងស្រុង បង្កដោយឆ្លងចរន្តអគ្គិសនីកាលពីកន្លងទៅថ្មីៗនេះ ស្ថិតនៅក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ បណ្តាលឱ្យបាត់បង់ទ្រព្យសម្បត្តិគិតជាទឹកប្រាក់ប្រមាណ ២ម៉ឺនដូល្លា។
ស្នងការរងទទួលផែនការងារគ្រប់គ្រងអាវុធគ្រឿងផ្ទុះ និងអគ្គិភ័យ លោកវរសេនីយ៍ឯក ប៊ុន ផេង បានប្រាប់ឱ្យដឹងថា កិច្ចការងារបង្ហាត់បង្រៀនរបៀបបង្ការ និងសង្រ្គោះគ្រោះអគ្គិភ័យជាបឋម គឺដើម្បីការពារទប់ស្កាត់គ្រោះអគ្គិភ័យឱ្យមានប្រសិទ្ធភាព។
លោកស្នងការរងបានបន្តថា ការបង្ហាត់បង្ហាញ គឺមន្រ្តីនគរបាលជំនាញអនុវត្តជាក់ស្តែងបានប្រើប្រាស់ឧបករណ៍ ក្នុងករណីធុងហ្គាសលិចធ្លាយបង្កឆេះជាអណ្តាតភ្លើងនោះភ្លាម អាចមានវិធានការទប់ស្កាត់កុំតក់ស្លត់ ដោយយកក្រណាត់ រឺបាវជ្រលក់ទឹកឱ្យសើម ហើយយកទៅក្របសង្កត់ទៅលើធុងហ្គាសនោះភ្លើងអាចរលត់បាន។
លោកថា វិធានការមួយទៀតក្នុងករណីអគ្គិភ័យបង្កឡើងដោយប្រេងសាំង គឺរបៀបបង្ការទប់ស្កាត់ មន្រ្តីនគរបាលជំនាញបានចាក់សាំងនៅក្នុងធុងសាំង និងបាញ់ហ្គាស់បញ្ចូល ដើម្បីបញ្ឆេះជាភ្លើងឆេះយ៉ាងសន្ធោសន្ធៅ។
លោកស្នងការរងបានបញ្ជាក់ថា «បញ្ហាអគ្គិភ័យឆេះបែបនេះ មន្រ្តីនគរបាលជំនាញណែនាំ និងបង្ហាត់បង្រៀនមិនឱ្យប្រើប្រាស់ទឹកចាក់ទៅលើភ្លើងនោះបានឡើយ។ អគ្គិភ័យបង្កដោយប្រេងសាំង គឺប្រើប្រាស់ឧបករណ៍បំពង់ឧស័ន្មបាញ់ពន្លត់អគ្គីភ័យ ទើបអាចឱ្យភ្លើងនោះរលត់បានទាន់ពេលវេលា»។
លោកស្នងការរងបានបន្តទៀតថា ការចុះមកផ្សព្វផ្សាយ និងបង្ហាត់បង្រៀនវិធានការបង្ការ និងសង្រ្គោះអគ្គីភ័យ គឺកម្លាំងនគរបាលការិយាល័យជំនាញ អនុវត្តតាមសេចក្តីអំពាវនាវរបស់ក្រសួងមហាផ្ទៃ លេខ៦៤០ និងសេចក្តីណែនាំរបស់អគ្គស្នងការដ្ឋាននគរបាលជាតិ លេខ០០៣ ដែលតម្រូវឱ្យមន្រ្តីជំនាញចុះផ្សព្វផ្សាយអប់រំ និងឱ្យប្រជាពលរដ្ឋមានការប្រុងប្រយ័ត្ន នៃគ្រោះអគ្គិភ័យនៅឆ្នាំនេះ ដែលមានអាកាសធាតុក្តៅហួតហែងងាយបង្កគ្រោះអគ្គីភ័យកើតឡើង។
បើយោងតាមរបាយការណ៍របស់ការិយាល័យបង្ការគ្រោះអគ្គិភ័យ បានឱ្យដឹងថា ក្នុងរយៈពេល៣ខែ ឆ្នាំ២០១៩នេះ ខេត្តបន្ទាយមានជ័យ បានកើតឡើងគ្រោះអគ្គិភ័យចំនួន ១៤លើក ឆេះផ្ទះ៥ខ្នង និង៥ល្វែង បាត់បង់ប្រាក់ខ្មែរជាង ២លានកន្លះ និងប្រាក់បាតថៃជាង ៣សែនបាត និងខូចខាតបាត់បង់ទ្រព្យសម្បត្តិប្រើប្រាស់ជាច្រើនទៀត។
ពាក់ព័ន្ធនឹងគ្រោះអគ្គីភ័យនេះដែរ ស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ ក៏បានអំពាវនាវឱ្យប្រជាពលរដ្ឋត្រូវមានការប្រុយប្រយ័ត្នខ្ពស់ ជាពិសេសនៅក្នុងឱកាសថ្ងៃបុណ្យចូលឆ្នាំប្រពៃណីជាតិ ខ្មែរ ខាងមុខនេះ បើប្រជាពលរដ្ឋចេញពីផ្ទះធ្វើដំណើរកម្សាន្ត ដែលចាក់សោរផ្ទះចោលសូមបិទគូបភ្លើង ត្រួតពិនិត្យភ្លើងចង្រ្កាន ភ្លើងទាន ភ្លើងធូប ឱ្យគ្រប់ជ្រុងជ្រោយនោះសិន ចៀសវាងអគ្គីភ័យអាចបង្កឱ្យ កើតឡើង ផ្តើមចេញពីការធ្វេសប្រហែសបែបនោះរបស់ខ្លួន៕