(ភ្នំពេញ)៖ លោក ត្រាំ អ៉ីវតឹក រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ បានជំរុញឲ្យប្រៃសណីយ៍កម្ពុជា ខិតខំពង្រាយសាខារបស់ខ្លួនឲ្យបានកាន់តែច្រើន នៅតាមទីប្រជុំជន ឬការដាក់បញ្ជរនៅទីតាំងអគារទំនិញធំៗ ធ្វើយ៉ាងណាបង្ខិតសេវាប្រៃសណីយ៍ ឲ្យនៅជិតប្រជាពលរដ្ឋ។
ការជំរុញរបស់លោករដ្ឋមន្ត្រីធ្វើឡើងក្នុងឱកាសលោក អញ្ជើញក្នុងពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០១៨ និងទិសដៅឆ្នាំ២០១៩ របស់ប្រៃសណីយ៍កម្ពុជា។
លោករដ្ឋមន្ត្រីបានលើកឡើងយ៉ាងដូច្នេះថា «ពង្រាយសាខាឲ្យបានកាន់តែច្រើន នៅតាមទីប្រជុំជន ឬការដាក់បញ្ជរនៅទីតាំងអគារទំនិញធំៗ ធ្វើយ៉ាងណាបង្ខិតសេវាប្រៃសណីយ៍ឲ្យនៅជិត និងនៅរួមជាមួយទីតាំងផ្តល់សេវាផ្សេងៗ និងត្រូវបន្តការគិតគូរ តាមរយៈការធ្វើពិពិធកម្ម អាជីវកម្ម សេវាកម្មរបស់ខ្លួនឲ្យកាន់តែសម្បូរបែប ដោយទាញយកបច្ចេកវិទ្យាគមនាគមន៍និងព័ត៌មាន (ICT) បញ្ចូលគ្នាជាមួយកត្តាមនុស្ស សំដៅឆ្លើយតបទៅនឹងសេចក្តីត្រូវការនាពេលបច្ចុប្បន្នក៏ដូចជាអនាគត»។
លោកបានថ្លែងទៀតថា ក្នុងបរិការណ៍នៃការប្រែប្រួលយ៉ាងឆាប់រហ័ស របស់បច្ចេកវិទ្យា សេដ្ឋកិច្ច សង្គម និងការប្រែប្រួលថ្មីនៃឥរិយាបថរបស់អ្នកប្រើប្រាស់ សេវាប្រៃសណីយ៍បែបទំនើប ទាមទារឲ្យប្រៃសណីយ៍កម្ពុជា ត្រូវមានការសម្រេចចិត្តឲ្យបានលឿន ឆាប់រហ័សទាន់ពេលវេលា រាល់ការវិនិយោគទាំងឡាយ និងត្រូវមានការប្រែប្រួលទាំងក្នុងការដឹកនាំ ការគ្រប់គ្រងធនធានមនុស្ស ក៏ដូចខ្សែសង្វាក់អាជីវកម្មរបស់ខ្លួន ពិសេសគិតគូរលើការបំពាក់បច្ចេកវិទ្យាថ្មីៗ និងសមស្របទៅនឹងសេចក្តីត្រូវការ ក្នុងអាជីវកម្មជំរុញដល់ដំណើរការពាណិជ្ជកម្មអេឡិចត្រូនិច (E-commerce) ដើម្បីបង្កើនចំណូលរបស់ខ្លួន ស្របទៅតាមគោលនយោបាយសេដ្ឋកិច្ចឌីជីថល របស់រាជរដ្ឋាភិបាលនាសម័យកាលឆ្លាតវៃជំនាន់ ៤.០។
សូមជម្រាបថា ប្រាក់ចំណូលរបស់ប្រៃសណីយ៍កម្ពុជា ទទួលបានជាង១៣លានដុល្លារអាមេរិក នៅឆ្នាំ២០១៨ កើនឡើងជាង៥០ភាគរយ បើធៀបនឹងឆ្នាំ២០១៧៕