(ភ្នំពេញ)៖ នាយឧត្តមសេនីយ៍សន្ដិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ បានផ្ញើសារលិខិតជូនកងកម្លាំងនគរបាលជាតិនៅទូទាំងប្រទេស ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ដែលនឹងឈានចូលមកដល់នាពេលខាងមុខនេះ។ នេះបើតាមលិខិតជូនពររបស់នាយឧត្តមសេនីយ៍ នេត សាវឿន ដែលអង្គភាព Fresh News ទទួលបាននៅព្រឹកថ្ងៃទី០៦ ខែមេសា ឆ្នាំ២០១៩។
នាយឧត្តមសេនីយ៍សន្ដិបណ្ឌិត នេត សាវឿន បានបញ្ជាក់ថា រយៈពេលមួយឆ្នាំកន្លងទៅ ក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាល និងក្រសួងមហាផ្ទៃ កងកម្លាំងនគរបាលជាតិ គ្រប់ជាន់ថ្នាក់ បានធ្វើពលិកម្មទាំងកម្លាំងកាយចិត្ត អាយុជីវិតពុះពារគ្រប់ឧបសគ្គ បំពេញកាតព្វកិច្ចរបស់ខ្លួនដោយ សម្រេចបាននូវ សមិទ្ធផល និងស្នាដៃធំៗយ៉ាងច្រើនក្នុងការធានាថែរក្សាខឿនសន្តិភាព ឯករាជ្យ អធិបតេយ្យភាពជាតិ និងបូរណភាពទឹកដី ដោយបានទប់ស្កាត់ ប្រកបដោយប្រសិទ្ធភាពនូវអំពើភេរវកម្ម និងឧក្រិដ្ឋកម្មឆ្លងដែន ទប់ស្កាត់បានទាន់ពេលវេលានូវឧបាយកលសកម្មភាព នៃបដិវត្តន៍ពណ៌របស់ក្រុមប្រឆាំងក្រៅច្បាប់ ដែលតែងតែប៉ុនប៉ងផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់។
ឆ្នាំចាស់កន្លងផុតទៅ បានឆ្លងកាត់នូវបរិយាកាសដ៏ល្អប្រសើរ ដោយកម្ពុជាធានាបាននូវស្ថិរភាព សន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គម ដែលជាកត្តាអាទិភាព និងជាបុព្វបទស្នាល សម្រាប់ការកសាងប្រទេស ឆ្ពោះទៅការអភិវឌ្ឍ។
នៅក្នុងឱកាសដ៏ឧត្តុង្គឧត្តមថ្លៃថ្លានេះ នាយឧត្តមសេនីយ៍ នេត សាវឿន សូមបួងសួងដល់វត្ថុស័ក្តិសិទ្ធិក្នុងលោក ព្រមទាំងទេវតាឆ្នាំថ្មីព្រះនាម ទុង្សាទេ សូមជួយប្រោះព្រំបីបាច់ថែរក្សា និងប្រសិទ្ធពរជ័យ សិរីមង្គល វិបុលសុខគ្រប់ប្រការជូនដល់កងកម្លាំងនគរបាលទាំងអស់ ព្រមទាំងក្រុមគ្រួសារ សូមមានសុខភាពល្អ សុភមង្គល ចម្រុងចម្រើន សម្បូរសប្បាយ ជានិច្ចនិរន្តរ៍ និងសូមជូនពរដល់មន្ត្រីនគរបាលជាតិដែលមានរបួស ឬមានបញ្ហាសុខភាព ហើយកំពុងសម្រាកព្យាបាល នៅមន្ទីរពេទ្យ ឬតាមគេហដ្ឋាន ឆាប់បានជាសះស្បើយ មានសុខភាពល្អ កម្លាំងពលំមាំមួនដើម្បី វិលត្រឡប់មកបំពេញការងារជូនអង្គភាពវិញ៕