(ភ្នំពេញ)៖ នាព្រឹកថ្ងៃទី០៦ ខែមេសា ឆ្នាំ២០១៩នេះ ក្រុមគ្រួសារអម្រឹតដែលមានទីស្នាក់ការកណ្តាល រួមនិងសាខាទាំង១៥៦កន្លែង បានរួមគ្នាប្រារព្ធពិធីសូត្រមន្តលើករាសីសម្រាប់ឆ្នាំថ្មី ឆ្នាំកុរ ឯកស័ក ពុទ្ធ សករាជ ២៥៦៣ គ.ស.២០១៩។
ពិធីសូត្រមន្តលើករាសីសម្រាប់ឆ្នាំថ្មី ឆ្នាំកុរ ពុទ្ធ សករាជ២៥៦៣ គ.ស.២០១៩នេះ ដែលបង្កើតឡើង ដើម្បីអបអរចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ដែលនឹងឈានមកដល់នៅពេលខាងមុខនេះ ហើយក៏ដើម្បីប្រោសព្រំដល់បុគ្គិលគ្រប់ជាន់ថ្នាក់ឲ្យជួបតែសំណាងល្អ និងរួមគ្នាបន្តខិតខំធ្វើការងារ ឲ្យមានប្រសិទ្ធភាពខ្ពស់ជាងឆ្នាំមុន។
លោក ដុស ឌីន អគ្គនាយកអម្រឹត បានបញ្ជាក់ថា «នាថ្ងៃនេះផងដែរ អម្រឹតដែលមានទាំង១៥៦សាខា បានប្រារព្ធពិធីសូត្រមន្តលើករាសីសម្រាប់ឆ្នាំថ្មី ក្នុងគោលបំណងទី១៖ គឺដើម្បីថ្លែងអំណរគុណ ដល់ការខិតខំប្រឹងប្រែងរបស់បុគ្គលិក ក្នុងរយៈពេល១ឆ្នាំកន្លងមក និងទី២៖ គឺដើម្បីចូលរួមអបអរសាទរបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរ ដោយសារតែយើងជាអ្នកកាន់សាសនាព្រះពុទ្ធ ហើយការដែលសូត្រមន្តលើករាសីនេះ នឹងជួយលើកកម្លាំងចិត្តបន្ថែមទៀត ដល់បុគ្គលិកទាំងអស់របស់អម្រឹត ក៏ដើម្បីឲ្យពួកគាត់ សុខសប្បាយ និងមានសុខភាពល្អ»។
លោក ដុស ឌីន ក៏បានបួងសួងដល់ទេវតាឆ្នាំថ្មីព្រះនាង ទុង្សាទេវី សូមឲ្យពរឲ្យជ័យ សិរីសួស្តី និងជួយតាមថែរក្សាបីបាច់ដល់ថ្នាក់ដឹកនាំ បុគ្គលិកទាំងអស់ ឲ្យមានសុខភាពល្អ កម្លាំងពលំមាំមួន ដើម្បីចូលរួមបម្រើការងារឲ្យទទួលបានជោគជ័យជាងឆ្នាំមុនៗ។
ជាមួយគ្នានោះដែរ លោកអគ្គនាយកអម្រឹតរូបនោះ ក៏បានបង្ហាញពីសក្តានុពលរបស់អម្រឹតផងដែលថា «មកទល់នឹងពេលសព្វថ្ងៃនេះ ដែលគិតមកត្រឹមចុងខែមីនា ឆ្នាំ២០១៩ អម្រឹតមានសមតុល្យប្រាក់បញ្ញើប្រមាណជា៤៦០លានដុល្លារសហរដ្ឋអាមេរិក មានទ្រព្យសកម្មជិត១ពាន់លានដុល្លារសហរដ្ឋអាមេរិក និងកំពុងផ្តល់ ការងារដល់បុគ្គលិកប្រមាណជា៤ពាន់នាក់ ដែលបម្រើការងារនៅក្នុងសាខាចំនួន១៥៦កន្លែង នៅទូទាំងប្រទេសកម្ពុជា »។
នៅក្នុងពិធីសូត្រមន្តលើករាសីឆ្នាំថ្មី ឆ្នាំកុរ ពុទ្ធ សករាជ២៥៦៣ គ.ស.២០១៩ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុអម្រឹត ក៏បានអញ្ជើញក្រុមសម្តែងរបាំជូនពរ និងត្រុដិ មកសម្តែងដើម្បីបណ្តេញគ្រោះឧបទ្រពចង្រៃឆ្នាំចាស់ និងលើករាសីសម្រាប់ឆ្នាំថ្មី៕