(កំពង់ស្ពឺ)៖ នាយឧត្តមសេនីយ៍ ហ៊ីង ប៊ុនហៀង អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ តំណាងអគ្គមេបញ្ជាការនៃ ខ.ភ.ម នៅព្រឹកថ្ងៃទី០៦ ខែមេសា ឆ្នាំ២០១៩នេះ បានប្រាប់ទៅកាន់កងទ័ពថា ត្រូវមានភាពស្មោះត្រង់ឆន្ទៈស្នេហាជាតិ សាសនា ព្រះមហាក្សត្រ ការពាររាជរដ្ឋាភិបាលស្របច្បាប់ និងប្រឆាំងដាច់ខាតនូវរាល់បដិវត្តពណ៌។
ការថ្លែងបែបនេះរបស់នាយឧត្តមសេនីយ៍ ហ៊ីង ប៊ុនហៀង បានធ្វើឡើងក្នុងឱកាស នាំយកអំណោយសម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត អញ្ជើញសួរសុខទុក្ខនាយនាវី ពលនាវិក និងក្រុមគ្រួសារយោធិន បញ្ហាការដ្ឋានការពារ កោះឆ្នេរ កងទ័ពជើងទឹក នៅស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ ក្នុងឱកាសអបអរសាទរបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ។
ក្នុងសុន្ទរកថាស្វាគមន៍របស់លោក ឧត្តមសេនីយ៍ឯក ស៊្រុន សារឿន មេបញ្ជាការបញ្ហាការដ្ឋានការពារ កោះឆ្នេរ កងទ័ពជើងទឹក បានថ្លែងនូវសារធុការពរជ័យ ជូនដល់សម្ដេចតេជោ ហ៊ុន សែន ក្នុងឱកាសខួបចម្រើនជន្មាយុគម្រប់ ៦៨ឆ្នាំ ឈានចូល៦៩ឆ្នាំ។ លោកបានចាត់ទុកថា មានតែសម្តេចតេជោ និងមានតែថ្នាក់ដឹកនាំគ្រប់ ជាន់ថ្នាក់ ដឹកនាំបញ្ជា បានជួយកសាងកន្លែងស្នាក់នៅ ជីកអណ្ដូងទឹក បន្ថែមរបបហូប៣០០០រៀលម្នាក់ក្នុង១ថ្ងៃ, បានរៀបចំអង្គភាពសម្ព័ន្ធមេត្រីភាព ឲ្យតាមជួយថែរក្សា និងមានប្រាក់បៀវត្សសមរម្យទៀត។
ក្នុងនាមសម្តេចពិជ័យសេនា ទៀ បាញ់ និងនាយឧត្តមសេនីយ៍ វង្ស ពិសេន, នាយឧត្តមសេនីយ៍ ហ៊ីង ប៊ុនហៀង បានសម្តែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះមេបញ្ជាការ មេបញ្ជាការរង នាយនាវី នាយនាវីរង និងពលនាវិក នៃបញ្ហាការដ្ឋានការពារកោះឆ្នេរទាំងអស់ ដែលកន្លងមកបានខិតខំប្រឹងប្រែងយ៉ាងសកម្ម ក្នុងការបំពេញភារកិច្ច ការពារឯករាជ្យ អធិបតេយ្យ និងបូរណភាពទឹកដី នៃកម្ពុជា ក៏ដូចជាការចូលរួមថែរក្សាសន្តិភាព សន្តិសុខ និងសណ្តាប់ធ្នាប់សាធារណៈ សម្រេចបានលទ្ធផល និងស្នាដៃល្អប្រសើរជូនជាតិមាតុភូមិ។
នាយឧត្តមសេនីយ៍ ហ៊ីង ប៊ុនហៀង បានថ្លែងថា រាជរដ្ឋាភិបាលដែលដឹកនាំដោយសម្តេចតេជោ ហ៊ុន សែន បានដឹកនាំប្រទេសប្រកបដោយគតិបណ្ឌិត និងសក្តានុពល ធ្វើឲ្យប្រទេសជាតិ មានសន្តិភាព សន្តិសុខ ស្ថេរភាពសង្គម និងការអភិវឌ្ឍន៍ជាតិរីកចម្រើនលើគ្រប់វិស័យ។ ជានិច្ចកាលសម្ដេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ជាអគ្គភស្តុភារជាន់ខ្ពស់ តែងតែរួមសុខទុក្ខ ជាមួយកងទ័ព គិតគូរអំពីជីវភាពរស់នៅ និងបានឧបត្ថម្ភដោះស្រាយនូវរាល់ការខ្វះខាត។
ជាក់ស្តែង ខែរងារបើកអាវរងារ ខែភ្លៀងបើកអាវភ្លៀង និងបានតម្លើងប្រាក់បៀវត្សរៀងរាល់ឆ្នាំ ធ្វើឲ្យកងយោធពលខេមរភូមិន្ទ មានការវិវឌ្ឍន៍រីកចម្រើន លើគ្រប់វិស័យ និងមានសមត្ថភាពគ្រប់គ្រាន់ ក្នុងការបំពេញភារកិច្ចការពារ បូរណភាពទឹកដី ជាតិមាតុភូមិ។
នាយឧត្តមសេនីយ៍ ហ៊ីង ប៊ុនហៀង បានសំណូមពរ និងលើកទឹកចិត្ត ត្រូវមានភាពស្មោះត្រង់ឆន្ទៈស្នេហាជាតិ សាសនា ព្រះមហាក្សត្រ ការពាររាជរដ្ឋាភិបាលស្របច្បាប់ និងប្រឆាំងដាច់ខាតនូវ រាល់បដិវត្តពណ៌។ មានការខិតខំប្រឹងប្រែងបន្ថែមទៀត បំពេញតួនាទីភារកិច្ចប្រសិទ្ធភាពការងារ ឲ្យបានកាន់តែប្រសើរទៅមុខ ចូលរួមសហការការពារធានាសន្តិសុខ សុវត្ថិភាពសង្គម និងសម្ភារគ្រឿងបំពាក់ឲ្យបានល្អប្រសើរហ្វឹកហ្វឺនរៀនសូត្រ សំដៅលើកកម្ពស់ការកសាងធនធានមនុស្សក្នុងជួរកងយោធពលខេមរភូមិន្ទ ឲ្យមានសមត្ថភាពគ្រប់គ្រាន់ក្នុងការបំពេញភារកិច្ច ទាំងក្នុងដំណាក់កាលបច្ចុប្បន្ន ក៏ដូចជាទៅអនាគត។
ក្នុងពិធីនោះ នាយឧត្តមសេនីយ៍បានយកអំណោយរបស់សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ឧបត្ថម្ភដល់បញ្ជាការដ្ឋានការពារកោះឆ្នេរ មានអង្ករ ១០តោន, មី២០០កេស, ត្រីខ ១០កេស, ទឹកក្រូច១០០កេស, ទឹកសុទ្ធ២០០កេស, ស្រាបៀរ ២០០កេស, ស៊ីម៉ង់ត៍២០តោន និងថវិកា ១ម៉ឺនដុល្លា។ ឧបត្ថម្ភដល់ បញ្ជាការដ្ឋានរថក្រោះ ស៊ីម៉ង់ត៍១០តោន និងថវិកា ៣ពាន់ដុល្លារ ព្រមទាំងចែកជូនដល់នាយនាវី ពលនាវិក និងក្រុមគ្រួសារយោធិនជាច្រើនទៀត៕