(ភ្នំពេញ)៖ សៀវភៅស្តីពីប្រវត្តិជីវិត ការតស៊ូ គ្រួសារ និងកិច្ចការនយោបាយដឹកនាំប្រទេសរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា រួមនិងព្រឹត្តិការណ៍ផ្សេងៗទៀត ដែលកើតមានក្នុងប្រទេសជាង ៤០ឆ្នាំមកនេះ ត្រូវបានចេញផ្សាយជាលើកទី៣ហើយ ដែលមានរហូតដល់ទៅជាង ៧០០ទំព័រ។
សៀវភៅដែលមានចំណងជើងថា «ហ៊ុន សែន-នយោបាយ និងអំណាចក្នុងប្រវត្តិសាស្រ្តខ្មែរជាង៤០ឆ្នាំ» ត្រូវបានចេញផ្សាយជាលើកទី៣ នៅថ្ងៃទី០៤ មេសា ឆ្នាំ២០១៩ ដែលមានរហូតដល់ទៅ ៣០,០០០ (៣ម៉ឺនច្បាប់)។
លោក ឆាយ សុផល អ្នកចងក្រងសៀវភៅនេះ បានប្រាប់សារព័ត៌មាន Fresh News ឲ្យដឹងថា ដោយស្ថានភាពវិវត្តន៍ថ្មីៗជាច្រើន ទើបលោកសម្រេចធ្វើបច្ចុប្បន្នភាពសៀវភៅនេះ ចាប់ពីឆ្នាំ ២០១៧មក។ លោកបានបញ្ជាក់ថា សៀវភៅចេញផ្សាយលើកទី១ មានជាង ៣០០ទំព័រ បោះពុម្ពនៅចុងឆ្នាំ២០១១ ចេញផ្សាយលើកទី២ មានជាង ៤០០ទំព័រ បោះពុម្ពនៅដើមឆ្នាំ២០១៦ ហើយលើកទី៣នេះ មានដល់ទៅជាង ៧០០ទំព័រ ចេញផ្សាយនៅដើមខែមេសា ឆ្នាំ២០១៩។
បើតាមការអះអាងពីលោក ឆាយ សុផល សៀវភៅលើកទី៣នេះ ត្រូវបានលោកកែសម្រួលខ្លះនៅផ្នែកមុនៗ ហើយក៏បន្ថែមខ្លឹមសារជាច្រើន ដែលកើតមាននៅចន្លោះឆ្នាំ២០១៦ មកត្រឹមខែមីនា ឆ្នាំ២០១៩ រួមទាំងខ្លឹមសារដែលលោកបានសម្ភាសសម្តេចតេជោផង ពិសេសទាក់ទិនចំណង់ចំណូលចិត្តរបស់លោកនៅក្នុងជីវិត។
បើតាមការរៀបរាប់របស់អតីតអ្នកព័ត៌មាន និងជាសាស្ត្រចារ្យបង្រៀនផ្នែកសារព័ត៌មានរូបនេះ បានបន្ថែមថា សៀវភៅនេះមិនមែនផ្តោតតែពីប្រវត្តិសម្តេចតេជោនោះទេ តែក៏បានបង្ហាញពីនយោបាយជាតិ និងអន្តរជាតិប្រទាក់ក្រឡាគ្នាទាក់ទិននឹងកម្ពុជាផងដែរ។ លោកបន្តថា សៀវភៅកម្រាស់ជាង ៧០០ទំព័រនេះ ពិតជាមានសារប្រយោជន៍ជាពុទ្ធិជំនួយស្មារតី ដើម្បីស្វែងយល់ខ្លះៗពីប្រទេសកម្ពុជា ចាប់ពីមុនឆ្នាំ១៩៧០ រហូតមកត្រឹមខែមីនា ឆ្នាំ២០១៩។
សៀវភៅថ្មីនេះមានដាក់លក់នៅតាមបណ្ណាគារ នៅ Monument Book ទាំងសាខាមហាវិថីព្រះនរោត្តម នៅសាខាផ្សារអ៉ីអន នៅសាខាអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ និងសៀមរាប ព្រមទាំងមានចែកជូនតាមបណ្ណាល័យជាតិ និងតាមបណ្ណាល័យនៃសាកលវិទ្យាល័យនានា។ លោក ឆាយ សុផល បានអំពាវនាវថា «បើចង់លើកស្ទួយអ្នកនិពន្ធ និងការសរសេរសៀវភៅ សូមកុំសុំសៀវភៅ និងសូមកុំជាវសៀវភៅថតចម្លង»។
សូមបញ្ជាក់ថា មកដល់ពេលនេះ លោក ឆាយ សុផល បានសរសេរសៀវភៅចំនួន១០ប្រភេទហើយ។ ថ្មីៗនេះ លោកក៏បានបើក «មជ្ឈមណ្ឌលរូបថតកម្ពុជា» ដោយដាក់តាំងរូបថត និងរូបវីដេអូឃ្លីបស្តីពីប្រវត្តិព្រឹត្តិការណ៍ខ្លះៗ នៅក្នុងប្រទេសកម្ពុជាក្នុងរយៈពេល ៦ជំនាន់ ដែលគិតចាប់ពីមុនឆ្នាំ១៩៧០ មកដល់ប្ចុប្បន្ន។ មជ្ឈមណ្ឌលរូបថតកម្ពុជា ដែលចំណាយទឹកប្រាក់ប្រមាណជាង ២៣ម៉ឺនដុល្លារអាមេរិក ត្រូវបានបើកឲ្យសាធារណជនចូលទស្សនាដោយឥតគិតថ្លៃ ដែលស្ថិតនៅក្នុងបុរីមហាសែនសុខ ខណ្ឌសែនសុខ ខាងជើងអាកាសយានដ្ឋានអន្តរជាតិភ្នំពេញប្រមាណ ២,០០០ម៉ែត្រ៕