(កំពត)៖ ទន្ទឹមនឹងកិច្ចខិតខំរបស់អាជ្ញាធរខេត្តកំពត និងគណៈបញ្ជាការឯកភាពខេត្ត ក៏មានករណីលួចចាក់ដីចូលឆ្នេរសមុទ្រពីសំណាក់អ្នកមានអំណាច និងជនខិលខូចមួយចំនួនទៀតដែរ ដូច្នេះហើយបានអភិបាលខេត្តកំពត លោក ជាវ តាយ ដែលលោកក៏ជាប្រធានគណៈបញ្ជាការឯកភាពខេត្តផងនោះ បានបញ្ជាឱ្យមន្ត្រីក្រោមឱវាទ និងកម្លាំងសមត្ថកិច្ចពាក់ព័ន្ធ ត្រូវចាត់ការបញ្ហានេះឱ្យមានប្រសិទ្ធភាព។
ការណែនាំយ៉ាងតឹងរឹងនេះ ត្រូវបានធ្វើឡើងក្នុងកិច្ចប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តកំពត ដើម្បីបូកសរុបលទ្ធផលត្រីមាសទី១ ឆ្នាំ២០១៩ នារសៀលថ្ងៃទី០៥ ខែមេសា នៅសាលាខេត្តកំពត។
នៅក្នុងកិច្ចប្រជុំបានផ្ដោតលើការងារពាក់ព័ន្ធសំខាន់ៗមួយចំនួន ពិសេសរបាយការណ៍បូកសរុបលទ្ធផលការងារ របស់គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត ប្រចាំត្រីមាសទី១ ក្នុងនោះបានបង្ហាញឲ្យឃើញថា នៅក្នុងភូមិសាស្ត្រខេត្តកំពត នៅក្នុងត្រីមាសទី១ ឆ្នាំ២០១៩នេះ ពាក់ព័ន្ធលើសភាពការណ៍សន្តិសុខ សុវត្ថិភាព និងសណ្ដាប់ធ្នាប់សាធារណៈមានលក្ខណៈល្អប្រសើរ ទាំងនៅក្នុងភូមិសាស្ត្រខេត្ត ក៏ដូចនៅតាមខ្សែបន្ទាត់ព្រំដែនជាមួយខេត្តគៀងយ៉ាង (វៀតណាម)។
ផ្ដើមចេញពីសភាពការណ៍ល្អប្រសើរខាងលើនេះ បានធ្វើឲ្យប្រជាពលរដ្ឋមានភាពកក់ក្ដៅ និងជំនឿទុកចិត្តលើរាជរដ្ឋាភិបាល និងបានធ្វើឲ្យអាជ្ញាធរដែនដី និងសមត្ថកិច្ចជំនាញគ្រប់ផ្នែកគ្រប់ថ្នាក់ មានឱកាសជំរុញល្បឿននៃការអនុវត្តការងារជំនាញ សម្រេចទទួលបានលទ្ធផលរីកចម្រើនគួរឲ្យប្រសើរ។
ទន្ទឹមនឹងការទទួលបានលទ្ធផលសម្រេចបានខាងលើនេះ ក្នុងរបាយការណ៍ក៏បានបង្ហាញពីបញ្ហាប្រឈម ដែលត្រូវបន្តរួមគ្នាដោះស្រាយថែមទៀត រួមមាន៖ ការងារ អនុវត្តគោលនយោបាយ និងសកម្មភាពរបស់ប្រជាការពារមិនទាន់ស្រុះគ្នា ការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោកមិនទាន់បានគ្រប់ជ្រុងជ្រោយគោលដៅត្រួតពិនិត្យមានតិច និងមិនញឹកញាប់ ប្រជាពលរដ្ឋខ្លាចការផាកពិន័យរបស់មន្ត្រីមានសមត្ថកិច្ចជាជាងគោរពច្បាប់ ករណីជួញដូរគ្រឿងញៀន និងការប្រើប្រាស់គ្រឿងញៀញក្នុងស្រទាប់យុវវ័យនៅតែកើតមាន បង្កកង្វល់ដល់សហគមន៍ និងប៉ះពាល់ដល់ការអនុវត្តគោលនយោបាយភូមិ-ឃុំមានសុវត្ថិភាព ករណីចោរលួចរថយន្ត និងម៉ូតូកើតមានថ្មីៗ ការរំលោភ ការទន្ទ្រាន ការកាប់រានដីព្រៃខុសច្បាប់ ការលួចរំកិលបង្គោលព្រំដីព្រៃសហគមន៍ ព្រមទាំងបញ្ហានានាមួយចំនួនទៀត ពិសេសបញ្ហាដីធ្លីដែលតម្រូវឲ្យកិច្ចប្រជុំទាំងអាជ្ញាធរ និងជំនាញរួមគ្នាផ្ដល់ជាមតិយោបល់ ដើម្បីជំរុញការអនុវត្ត និងការដោះស្រាយបន្ថែមទៀតឲ្យទទួលបាននូវប្រសិទ្ធភាព។
ជាមួយគ្នានោះ ក៏មានការលួចចាក់ដីចូលឆ្នេរសមុទ្រពីសំណាក់បុគ្គលមានអំណាច និងជនខិលខូចមួយចំនួន ដើម្បីយកធ្វើកម្មសិទ្ធិនៅក្នុងភូមិសាស្ត្រខេត្តកំពតផងដែរ ដែលចំណុចនេះលោកអភិបាលខេត្តបានបញ្ជាយ៉ាងដាច់ណាត់ឱ្យមន្ត្រីរាជការក្រោមឱវាទ និងកម្លាំងសមត្ថកិច្ចពាក់ព័ន្ធ ត្រូវរួមគ្នាចាត់វិធានការឱ្យមានប្រសិទ្ធភាព។
មានមតិក្នុងកិច្ចប្រជុំ លោក ជាវ តាយ បានរំលឹកថា កិច្ចប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត នាពេលនេះ គឺជាលើកទី១៦ ហើយកិច្ចប្រជុំពិតជាសំខាន់ដើម្បីឆ្លុះបញ្ចាំងពីភាពរីកចម្រើន និងភាពវិជ្ជមាន អវិជ្ជមាន ដើម្បីរួមគ្នាគិត រួមគ្នាធ្វើ រួមគ្នាដោះស្រាយ សំដៅបម្រើឲ្យការអភិវឌ្ឍ និងបម្រើសេវាជូនប្រជាពលរដ្ឋ ក្នុងមូលដ្ឋានដោយភាពទន់ភ្លន់តែម៉ឺងម៉ាត់ចំពោះច្បាប់៕