(ភ្នំពេញ)៖ ក្រសួងទេសចរណ៍កម្ពុជា និងក្រសួងទេសចរណ៍ឥណ្ឌូនេស៊ី បានប្រកាសប្តេជ្ញារួមគ្នាជំរុញឱ្យមានកញ្ចប់ខ្សែទស្សនកិច្ចរវាងខេត្តព្រះសីហនុ និងកោះបាលី និងកញ្ចប់ខ្សែទស្សនកិច្ចបែបធម្មយាត្រា រួមគ្នារវាងប្រាសាទអង្គរវត្ត និងប្រាសាទប៊ូរ៉ូប៊ូឌូ របស់ប្រទេសឥណ្ឌូនេស៊ី។ នេះបើតាមលោក គុជ បញ្ញាសា អនុរដ្ឋលេខាធិការក្រសួងទេសចរណ៍។
ការឱ្យដឹងពីសំណាក់លោក គុជ បញ្ញាសា យ៉ាងដូច្នេះ បន្ទាប់ពីលោកបានអញ្ជើញចូលរួមក្នុងកម្មវិធីផ្សព្វផ្សាយទេសចរណ៍ឥណ្ឌូនេស៊ី (Tourism Sales Mission) នៅសណ្ឋាគារ Raffles Hotel Le Royal នាថ្ងៃទី០៥ ខែមេសា ឆ្នាំ២០១៩។
ព្រឹត្តិការនេះសហការរៀបចំដោយស្ថានទូតសាធារណរដ្ឋឥណ្ឌូនេស៊ីប្រចាំនៅកម្ពុជា និងក្រសួងទេសចរណ៍ឥណ្តូណេស៊ី ដោយមានការអញ្ជើញចូលរួមពីលោក Sudirman Haseng ឯកអគ្គរដ្ឋទូតឥណ្តូណេស៊ីប្រចាំនៅកម្ពុជា លោកស្រី Dessy Ruhati នាយកទីផ្សារប្រចាំកោះស៊ូម៉ាត្រា សិង្ហបុរី ថៃ វៀតណាម កម្ពុជា មីយ៉ាន់ម៉ា និងឡាវ អ្នកនាង ឡេង កញ្ចនា អ្នកគ្រប់គ្រងការិយាល័យរបស់សមាគមទីភ្នាក់ងារទេសចរណ៍កម្ពុជា (CATA) ប្រតិបត្តិករទេសចរណ៍ និងភាគីពាក់ព័ន្ធជាច្រើនទៀត។
គោលបំណងចម្បងនៃព្រឹត្តការណ៍នេះ គឺការបង្កើនទំនាក់ទំនងរវាងប្រជាជន និងប្រជាជននៃប្រទេសទាំងពីរ ពិសេសក្នុងវិស័យទេសចរណ៍ ការផ្តល់ឱកាសធុរកិច្ច ការពង្រឹងបណ្តាញរវាងទីភ្នាក់ងារ និងប្រតិបត្តិករទេសចរណ៍។
ក្នុងឱកាសនោះ លោកអនុរដ្ឋលេខាធិការបានជម្រាបជូនអង្គពិធីទាំងមូលអំពីសុខសន្តិភាព និងស្ថិរភាពនយោបាយល្អប្រសើរសម្រាប់វិនិយោគិន និងកិច្ចសហប្រតិបត្តិការណ៍ល្អរវាងប្រជាជាតិ និងប្រជាជននៃប្រទេសទាំងពីរ ជាពិសេសក្នុងវិស័យទេសចរណ៍។
លោក បញ្ញាសា បានបន្តថា ទោះបីជាកម្ពុជាទទួលបានទេសចរឥណ្ឌូនេស៊ីតែ ៥៥,៧៥៣នាក់ និងទេសចរកម្ពុជាទៅទស្សនាឥណ្ឌូនេស៊ីមានតែ ៨,៨១៩នាក់ កើន ៣១% ក៏ដោយ ប៉ុន្តែលោកអនុរដ្ឋលេខាធិការមានសុទិដ្ឋិនិយមថា ក្រោយពីមានការហោះហើរត្រង់រវាងទីក្រុងហ្សាកាតា និងភ្នំពេញ នៅពាក់កណ្តាលឆ្នាំនេះ លំហូរទេសចរនៃប្រទេសទាំងពីរនឹងមានការកើនខ្ពស់។
ក្នុងឱកាសនោះ លោកឯកអគ្គរដ្ឋទូតឥណ្ឌូនេស៊ី ក៏បានថ្លែងអំណរគុណដល់ក្រសួងទេសចរណ៍កម្ពុជា ដែលតែងតែអញ្ជើញ និងគាំទ្រភាគីឥណ្តូណេស៊ីចូលរួមក្នុងព្រឹត្តការណ៍សំខាន់ៗ ដូចជា ពិព័រណ៍ទេសចរណ៍កម្ពុជាអន្តរជាតិ ពិធីបុណ្យសមុទ្រ និងបុណ្យទន្លេជាដើម។
បើតាមលោក គុជ បញ្ញាសា «លោកឯកអគ្គរដ្ឋទូតក៏បានប្តេជ្ញាជំរុញឱ្យមានកញ្ចប់ខ្សែទស្សនកិច្ចរួមគ្នារវាងខេត្តព្រះសីហនុ និងកោះបាលី ក៏ដូចជាកញ្ចប់ខ្សែទស្សនកិច្ចបែបធម្មយាត្រារួមគ្នារវាងប្រាសាទបុត្រសម្ព័ន្ធ (Sister Temples) គឺប្រាសាទអង្គរវត្ត និងប្រាសាទប៊ូរ៉ូប៊ូឌូរបស់ប្រទេសឥណ្ឌូនេស៊ី»៕