(កំពង់ចាម)៖ លោកឧត្តមសេនីយ៍ទោ ឯម កុសល ស្នងការនគរបាលខេត្តកំពង់ចាម នៅថ្ងៃទី០៥ ខែមេសា ឆ្នាំ២០១៩នេះ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ដល់ក្រុមហ៊ុន អាយ អេស អាយ ស្ទៀល (ISI STEEL) បាននាំយក នៅប៉ុស្តិ៍យាម ចល័ត ចំនួន៣គ្រឿង ឧបត្ថម្ភដល់ស្នងការដ្ឋាននគរបាលខេត្តកំពង់ចាម សម្រាប់ដាក់នៅចំណុចគោលដៅសំខាន់ៗ។

លោកឧត្តមសេនីយ៍ទោ ឯម កុសល បានចាត់ទុកថា ក្រុមហ៊ុនបានចូលរួមចំណែកយ៉ាងសំខាន់ ជាមួយរាជរដ្ឋាភិបាលនិយាយជារួម និងនិយាយឡែក ស្នងការដ្ឋាននគរបាលខេត្តកំពង់ចាមផ្ទាល់តែម្ដង ក្នុងការរក្សាសន្ដិសុខ សណ្ដាប់ធ្នាប់សាធារណៈនៅតាមមូលដ្ឋាន។ លោកស្នងការបញ្ជាក់ថា ប៉ុស្ដិ៍យាមចល័តនេះ ជាកន្លែងដែលសំខាន់សម្រាប់កងកម្លាំងស្នាក់អាស្រ័យ ដើម្បីការពារពលរដ្ឋក្នុងមូលដ្ឋាន។

លើសពីនេះ លោកឧត្តមសេនីយ៍ស្នងការ សង្ឃឹមយ៉ាងមុតមាំថា ក្រុមហ៊ុន អាយ អេស អាយ ស្ទៀល (ISI STEEL) នឹងបន្ដឧបត្ថម្ភដល់ស្នងការដ្ឋានជាបន្ដបន្ទាប់ ពិសេសទៅតាមតម្រូវការជាក់ស្ដែងរបស់កងកម្លាំង។

សូមជម្រាបថា ប៉ុស្ដិ៍យាមចល័តនេះត្រូវបានដាក់នៅស្រុកបាធាយ ចំនួន០១កន្លែង នៅចំណុចទំនប់កូរ៉េ ជាប់ផ្លូវជាតិលេខ៦១ ស្ថិតក្នុងភូមិសំបូរ ឃុំសំបូរ ដឹកនាំដោយលោកឧត្តមសេនីយ៍ត្រី សាន សុភា ស្នងការរងទទួលចុះពង្រឹងស្រុកបាធាយ លោកអធិការ អធិការរង លោកនាយ នាយរងប៉ុស្តិ៍ និងប្រជាការពារក្នុងឃុំសំបូរ ក្នុងពិធីប្រគល់-ទទួល។

ស្រុកចំការលើ០២កន្លែង នៅចំណុចថ្នល់បំបែក ស្ថិតក្នុងភូមិថ្នល់បែកកើត ឃុំស្វាយទើប និងនៅចំណុចផ្លូវកែង ស្ថិតក្នុងភូមិក្រលែងកើត ឃុំល្វាលើ ស្រុកចំការលើ ដឹកនាំពិធីប្រគល់-ទទួល ដោយលោក ឡុង ខេង អភិបាលរងស្រុក និងលោកអធិការ អធិការរង លោកនាយ នាយរងប៉ុស្តិ៍ ប្រជាការពារទាំងពីរឃុំ ចូលរួមក្នុងពិធីប្រគល់-ទទួលផងដែរ៕