(ភ្នំពេញ)៖ លោក ស៊ូ សោគន្ធ អភិបាលរងខណ្ឌឬស្សីកែវ បានចាត់ឲ្យមន្ត្រីពាក់ព័ន្ធនានា ធ្វើយ៉ាងណារិះរកមធ្យោបាយ ដើម្បីដោះស្រាយបញ្ហាទឹក និងភ្លើងជាបន្ទាន់ភ្លាមៗ ជូនប្រជាពលរដ្ឋចំនួន២គ្រួសារ ប្រើប្រាស់បណ្ដោះអាសន្ន ក្រោយពីផ្ទះសំបែងរបស់ពួកគាត់ និងសម្ភារផ្សេងៗ ត្រូវអគ្គិភ័យឆាបឆេះអស់គ្មានសល់។
លោក ស៊ូ សោគន្ធ បានចាត់ចែងមន្ត្រីយ៉ាងដូច្នេះ ក្នុងនាមលោកជាប្រធានអនុសាខាកាកបាទក្រហមកម្ពុជាខណ្ឌឫស្សីកែវ តំណាងលោក ជា ពិសី ប្រធានកិត្តិយសអនុសាខាខណ្ឌ រួមដំណើរដោយសហការីមួយចំនួន នាល្ងាចថ្ងៃទី០៥ ខែមេសា ឆ្នាំ២០១៩នេះ បាននាំយកគ្រឿងឧបភោគបរិភោគ សម្ភារ និងថវិកាមួយចំនួនរបស់អនុសាខាខណ្ឌ ដើម្បីឧបត្ថម្ភជូនប្រជាពលរដ្ឋរងគ្រោះដោយសារ មហន្តរាយអគ្គីភ័យឆេះផ្ទះចំនួន០២ខ្នង ស្ថិតនៅក្នុងភូមិលូ សង្កាត់ស្វាយប៉ាក ខណ្ឌឫស្សីកែវ។
ក្នុ្ងងសកម្មភាពមនុស្សធម៌នេះ លោក ស៊ូ សោគន្ធ បានថ្លែងថា ទោះបីជាមានការយឺតយ៉ាវក្នុងការជួយសង្គ្រោះបន្តិចមែន ប៉ុន្តែនៅទីណាដែលមានប្រជាពលរដ្ឋ ជួបការលំបាក ឬជួបរាល់ហានិភ័យផ្សេងៗ នៅទីនោះតែងតែមានវត្តមានរបស់កាកបាទក្រហមកម្ពុជាជានិច្ច ដោយនេះជាការឆ្លុះបញ្ចាំងឲ្យឃើញ ពីការយកចិត្តទុកដាក់ និងការផ្ដួចផ្ដើមចេញពីការផ្ដាំផ្ញើរបស់សម្តេចកិតិ្តព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា ដើម្បីឲ្យក្រុមការងារ ចាំជួយបងប្អូនជានិច្ចដោយមិនប្រកាន់ពូជសាស ពណ៌សម្បុរ ឬនិន្នាការនយោបាយឡើយ។
សូមជម្រាបថា អំណោយរបស់អនុសាខាកាកបាទក្រហមកម្ពុជាខណ្ឌ ដែលបានចែកជូនប្រជាពលរដ្ឋរងគ្រោះដោយសារអគ្គិភ័យឆាបឆេះផ្ទះ នាពេលនេះរួមមាន៖ អង្ករ៣០គីឡូក្រាម, ចានដែក, ឆ្នាំងបាយ, ខ្ទះឆា, វែក, ចង្ក្រានហ្គាស, បំពង់ទឹកក្ដៅ, ចានស្រាក់, ធុងទឹកកក, មី, ទឹកត្រី, ទឹកស៊ីអ៊ីវ, ម៊ុង, ភួយ, កន្ទេល, ខ្នើយ និងថវិកាក្នុង១គ្រួសារ១សែនរៀល៕