(ភ្នំពេញ)៖ ប្រជាពលរដ្ឋដែលរស់នៅ លើច្រាំងទន្លេសាប ក្នុងភូមិដើមគរ សង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ ដែលធ្លាប់រស់នៅក្នុងសេចក្តីភ័យខ្លាច ពីបាតុភូតធម្មជាតិបាក់ច្រាំងទន្លេនោះ បានសម្រេចចិត្តទាំងក្តីរីករាយឥតឧបមា ផ្លាស់ប្តូររស់នៅផ្ទះល្វែង ក្នុងបុរីរឿងរបស់ក្រុមហ៊ុនអភិវឌ្ឍន៍ទីក្រុងរណបជ្រោយចង្វារ OCIC របស់អ្នកឧកញ៉ា ពង់ ឃាវសែ។
នៅថ្ងៃទី០៥ ខែមេសា ឆ្នាំ២០១៩នេះ មានប្រជាពលរដ្ឋចំនួន២៨គ្រួសារហើយ ក្នុងចំណោមប្រជាពលរដ្ឋ៧៥គ្រួសារ ដែលរស់នៅតាមបណ្តោយច្រាំងទន្លេសាប ក្នុងភូមិដើមគរ សង្កាត់ជ្រោយចង្វរ ខណ្ឌជ្រោយចង្វារ ចាប់ពីម្តុំព្រះវិហារចិន រហូតដល់ចំណុចស្ថានដែកបាឡេ បានអញ្ជើញមកចាប់ឆ្នោតយកផ្ទះល្វែង ក្នុងបុរីរុងរឿង ដែលពិធីចាប់ឆ្នោតនេះ ធ្វើឡើងនៅសាលាខណ្ឌជ្រោយចង្វារ ក្រោមអធិបតីភាពលោក ឃ្លាំង ហួត អភិបាលខណ្ឌជ្រោយចង្វារ និងលោក ទូច សំណាង អគ្គនាយករងក្រុមហ៊ុន OCIC។
ការសម្រេចផ្លាស់ប្តូរទីលំនៅ របស់ប្រជាពលរដ្ឋរស់នៅតាមច្រាំងទន្លេនេះ ដើម្បីឲ្យអាជ្ញាធរ និងក្រុមហ៊ុនអាចស្ថាបនាច្រាំងទន្លេឲ្យបានល្អស្អាត ការពារកុំបាក់ច្រាំង និងកែលម្អសោភណ្ឌភាពទីក្រុង ដោយមានការសាងសង់សួនច្បារ ផ្លូវថ្មើរជើង កន្លែងសម្រាប់ប្រជាពលរដ្ឋហាត់ប្រាណជាដើម។
អាជ្ញាធរបានបញ្ជាក់ថា សម្រាប់ការចាប់ឆ្នោតថ្ងៃទី០៥ ខែមេសា ឆ្នាំ២០១៩នេះ គឺជំហ៊ានទី១ ដែលមានប្រជាពលរដ្ឋ២៨គ្រួសារនេះ ចំពោះប្រជាពលរដ្ឋ ដែលនៅសេសសល់ នឹងធ្វើការចាប់ឆ្នោតជាបន្តបន្ទាប់នៅពេលដ៏ខាងមុខ ដើម្បីឲ្យប្រជាពលរដ្ឋបានមករស់នៅកន្លែងថ្មី ដែលមានផាសុកភាព និងសុវត្ថិភាព។
ប្រជាពលរដ្ឋទាំង២៨គ្រួសារ ដែលទើបទទួលបានផ្ទះល្វែងនេះ សុទ្ធតែបង្ហាញនូវអារម្មណ៍សប្បារីករាយ និងដឹងគុណរាជរដ្ឋាភិបាលកម្ពុជា និងអគ្គនាយកក្រុមហ៊ុន OCIC ដែលបានជួយដល់ពួកគាត់ មានលំនៅឋានសមរម្យ និងលែងព្រួយបារម្ភនេះ។
លោក អ៊ិន លួង អាយុ៦២ឆ្នាំដែលអះអាងថា លោករស់នៅលើលំនៅដ្ឋានតាមច្រាំទន្លេ តាំងពីឆ្នាំ១៩៧៩ ស្ថិតក្នុងភូមិដើមគរ សង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ ផ្ទះមានទំហំទទឹង៦ម៉ែត្រ ជម្រៅ៨ម៉ែត្រ។
លោកបានបញ្ជាក់ថា «ទីតាំងរបស់ខ្ញុំមានការលំបាកបន្ដិច ព្រោះស្ថិតនៅលើច្រាំងទន្លេ ដូច្នេះខែវស្សាផ្ទះត្រូវលិច តែពេលទឹកទៅវិញអាចធ្វើឲ្យផ្ទះស្រុត។ បញ្ហាដែលកើតមានឡើងទាំងនេះហើយ ទើបរាជរដ្ឋាភិបាលកម្ពុជា បានដោះដូរជួយដល់ប្រជាពលរដ្ឋ។ ខ្ញុំពិតជារំភើបត្រេតអរណាស់ និងអរគុណ ព្រមទាំងកោតសសើរ ចំពោះរាជរដ្ឋាភិបាលកម្ពុជា ដែលបានជួយរំលែកទុក្ខពីយើងខ្ញុំ។ ពីមុនខ្ញុំមិនបានដេកលក់ស្រួលឡើយ ដោយសារតែខ្ញុំបារម្ភខ្លាចបាក់ស្រុតផ្ទះ ហើយនៅពេលដែលរាជរដ្ឋាភិបាល និងក្រុមហ៊ុនមានគោលការណ៍ផ្លាស់ប្ដូរបែបនេះ ខ្ញុំពិតជារំភើបណាស់ ពេញចិត្ត និងមិនប្រឆាំងនឹងការសម្រេចនេះនោះឡើយ»។
លោក ថង់ ហាក់ ប្រជាពលរដ្ឋម្នាក់ទៀត ដែលទើបទទួលបានផ្ទះថ្មីបាននិយាយថា «ខ្ញុំរស់នៅក្នុងភូមិដើមគរតាំងពីឆ្នាំ២០០០មកម្ល៉េះ ហើយឥឡូវអាជ្ញាធរឲ្យខ្ញុំផ្លាស់ប្ដូរមករស់នៅទីនេះ គឺដើម្បីអភិវឌ្ឍន៍ហើយការផ្លាស់ប្ដូរនេះ ខ្ញុំពិតជារំភើប និងសប្បាយរីករាយខ្លាំងណាស់។ ខ្ញុំពិតជាសប្បាយចិត្តណាស់ដែលរាជរដ្ឋាភិបាល បានមកអភិវឌ្ឍន៍តំបន់ច្រាំងទន្លេនេះ»។
លោកស្រី អ៉ិន សុភាព ពលរដ្ឋម្នាក់ដែលទើបទទួលបានសោរចូលផ្ទះល្វែងថ្មី ឲ្យដឹងថា «ខ្ញុំពិតជាពេញចិត្តក្នុងការផ្លាស់ប្ដូរនេះណាស់ព្រោះថា ការរស់នៅច្រាំងទន្លេ មិនមែនជារឿងងាយស្រួលនោះឡើយ ប៉ុន្ដែពេលនេះលែងលំបាកដូចមុនទៀតហើយ ហើយសម្រាប់អ្នកជិតខាងវិញភាគច្រើនយល់ព្រមផ្លាស់ប្ដូរនេះ»។
សូមជម្រាបថា ក្រុមហ៊ុនអភិវឌ្ឍន៍ទីក្រុងរណបជ្រោយចង្វារ OCIC ធ្វើការដោះដូរផ្ទះជូនប្រជាពលរដ្ឋ ដែលរស់នៅតំបន់អាណាធិបតេយ្យ គ្មានរបៀបរាបរយចំនួន៥លើករួចមកហើយ ដែលមានប្រជាពលរដ្ឋបានចំនួន៣៣៩គ្រួសារហើយ ដែលក្នុងនោះមានពលរដ្ឋមកពីភូមិស្វាយជួរចំនួន១៦៤គ្រួសារ ប្រជាពលរដ្ឋសហគមន៍ដីមាសចំនួន១៤៧គ្រួសារ និងប្រជាពលរដ្ឋភូមិដើមគរ ចំនួន២៨គ្រួសារ។
បន្ថែមពីលើការដោះដូរផ្ទះជូន ប្រជាពលរដ្ឋហើយនោះ ក្រុមហ៊ុនក៏មិនបានទុកពួកគាត់ចោលដែរ គឺនៅយកចិត្តទុកដាក់ជាប្រចាំ និងផ្តល់ជូនអំណោយទៀតទាត់ រៀងរាល់ឆ្នាំមិនខកខានឡើយ។ ការដោះស្រាយផលប៉ះពាល់ នៃគម្រោងអភិវឌ្ឍន៍បែបនេះរបស់ក្រុមហ៊ុន OCIC ត្រូវបានធ្វើឡើង ចំពោះប្រជាពលរដ្ឋជាច្រើនរយគ្រួសារមកហើយ ដោយពួកគាត់សុទ្ធតែទទួល យកដោយក្តីរីករាយពេញចិត្តគ្រប់ៗគ្នា ដោយពលរដ្ឋខ្លះ មានផ្ទះឈើត្រឹម ២ម៉ែត្រ គុណ ២ម៉ែត្រ ឬ៣ម៉ែត្រ បានមករស់នៅផ្ទះល្វែង ក្នុងបុរីយ៉ាងស្រស់ស្អាត៕