(ស្វាយរៀង)៖ ប្រាសាក់ ដែលជាគ្រឹះស្ថានហិរញ្ញវត្ថុធំជាងគេនៅកម្ពុជា បានប្រារព្ធពិធីបញ្ចុះបឋមសិលាសាងសង់អគារបណ្ណាល័យមួយខ្នង នៅខេត្តស្វាយរៀង កាលពីថ្ងៃទី៥ ខែមេសា ឆ្នាំ២០១៩ ក្នុងគោលបំណងចូលរួមជំរុញការអាន និងលើកកម្ពស់វិស័យអប់រំនៅកម្ពុជា។
អគារបណ្ណាល័យ ដែលនឹងត្រូវសាងសង់នេះ មានទំហំ ៧ម៉ែត្រ ×៩ម៉ែត្រ ស្ថិតក្នុងបរិវេណសាលាបឋមសិក្សាសំរោង ស្ថិតក្នុងភូមិចេក ឃុំសំរោង ស្រុកចន្ទ្រា ខេត្តស្វាយរៀង ដោយត្រូវចំណាយពេល៤ ខែ ដើម្បីបញ្ចប់ការសាងសង់ឱ្យបានរួចរាល់។ ការសាងសង់នេះគឺប្រើប្រាស់មូលនិធិពីប្រាសាក់ទាំងស្រុង។
លោក សាយ សូនី នាយកប្រតិបត្តិគ្រប់គ្រងទីផ្សារនៃគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុប្រាសាក់ បានឱ្យដឹងថា «បន្ទាប់ពីការកសាងរួចហើយ បណ្ណាល័យនេះនឹងត្រូវបំពាក់សៀវភៅ ឯកសារ សម្ភារបរិក្ខារផ្សេងៗ ដើម្បីបម្រើឱ្យការអានរបស់ប្អូនសិស្សានុសិស្ស និងលោកគ្រូ អ្នកគ្រូ។ ប្រាសាក់ក៏បានសហការជាមួយនាយកដ្ឋានអភិវឌ្ឍកម្មវិធីសិក្សា នៃក្រសួងអប់រំ យុវជន និងកីឡា ក្នុងការផ្ដល់ការបណ្ដុះបណ្ដាលដល់បណ្ណារក្ស និងគាំទ្រគម្រោងរយៈពេល 3 ឆ្នាំផងដែរ»។
លោក សូនី បន្តថា «ជួសមុខឱ្យថ្នាក់គ្រប់គ្រងនិងបុគ្គលិកប្រាសាក់ ខ្ញុំសូមជូនអគារបណ្ណាល័យនេះ ជាប្រយោជន៍សាធារណៈក្នុងការជួយចូលរួមបណ្ដុះវប្បធម៌អាន និងលើកកម្ពស់វិស័យអប់រំ នៅក្នុងខេត្តស្វាយរៀង ក៏ជាប្រទេសកម្ពុជា។ ខ្ញុំសង្ឃឹមថាសិស្សានុសិស្ស នៅសាលាបឋមសិក្សាសំរោង នឹងបានរីករាយសិក្សារៀនសូត្រ លើកកម្ពស់សមត្ថភាពអំណានតាមរយៈបណ្ណាល័យដែលប្រាសាក់ផ្ដល់ជូននេះ»។
ថ្លែងនៅក្នុងពិធីនេះ លោក ញ៉ឹក ក្រើន ប្រធានការិយាល័យអប់រំស្រុកចន្ទ្រា បានមានប្រសាសន៍ស្វាគមន៍យ៉ាងកក់ក្តៅ និងបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះគ្រឹះស្ថានមីក្រូហិរញវត្ថុ ប្រាសាក់ ដែលចូលរួមលើកស្ទួយវិស័យអប់រំ តាមរយៈការផ្តល់អគារបណ្ណាល័យជូនដល់សាលាបឋមសិក្សាសំរោង នៅពេលនេះ។
ជាចុងបញ្ចប់ លោកបានជូនពរដល់គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ប្រាសាក់ ឱ្យទទួលបានជោគជ័យគ្រប់ភារកិច្ចការងារ និងសូមបន្តជួយលើកស្ទួយវិស័យអប់រំនៅកម្ពុជារហូតតទៅ៕