(ភ្នំពេញ)៖ នៅឆ្នាំ២០១៨ ចំណូលពន្ធប្រថាប់ត្រា លើការកម្មផ្ទេរសិទ្ធិ ឬសិទ្ធិកាន់កាប់អចលនទ្រព្យ ក្នុងរាជធានីភ្នំពេញ មានចំនួនប្រមាណ៣៨៨ ប៊ីលានរៀល (ប្រមាណ៩៧លានដុល្លារ) លើចំនួនអចលនទ្រព្យ ប្រមាណ ៥៥,៦០០មូលដ្ឋាន ស្មើនឹង១៣៤.៤% នៃផែនការ។ នេះបើតាមប្រកាសព័ត៌មាន របស់អគ្គនាយកដ្ឋានពន្ធដារ ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី០៥ ខែមេសា ឆ្នាំ២០១៩។
ជាក់ស្ដែង នាព្រឹកថ្ងៃទី០៥ ខែមេសា ឆ្នាំ២០១៩ រដ្ឋបាលរាជធានីភ្នំពេញ និងអគ្គនាយកដ្ឋានពន្ធដារ បានសហការរៀបចំ សិក្ខាសាផ្សព្វផ្សាយស្ដីពី «ការប្រមូលពន្ធប្រថាប់ត្រា ចំពោះការផ្ទេរកម្មសិទ្ធិ ឬសិទ្ធិកាន់កាប់ អចលនទ្រព្យ, ពន្ធលើអចលនទ្រព្យ និងការត្រៀមអនុវត្ត ប្រកាសស្ដីពី ការកំណត់មូលដ្ឋានគិតពន្ធប្រថាប់ត្រា ចំពោះការផ្ទេរកម្មសិទ្ធិ ឬសិទ្ធិកាន់កាប់អចលនទ្រព្យ» នៅសាលារាជធានីភ្នំពេញ។
ក្នុងពិធីនោះ លោកបណ្ឌិត កែន សម្បត្តិ អគ្គនាយករង នៃអគ្គនាយកដ្ឋានពន្ធដារ បានបញ្ជាក់ថា «នៅឆ្នាំ២០១៨ នៅរាជធានីភ្នំពេញ ចំណូលពន្ធប្រថាប់ត្រា លើការកម្មផ្ទេរសិទ្ធិ ឬសិទ្ធិកាន់កាប់អចលនទ្រព្យ ចំនួនប្រមាណ ៣៨៨ ប៊ីលានរៀល (ប្រមាណ ៩៧ លានដុល្លារ) លើចំនួនអចលនទ្រព្យប្រមាណ៥៥,៦០០មូលដ្ឋាន ស្មើនឹង១៣៤.៤%នៃផែនការ»។
លោកបណ្ឌិត កែន សម្បត្តិ បានបន្ថែមទៀតថា «ដោយឡែក សម្រាប់រយៈពេលបីខែ ដើមឆ្នាំ២០១៩ ការប្រមូលចំណូលពន្ធនេះ បានចំនួនប្រមាណ៩៦ប៊ីលានរៀល (ប្រមាណ២៤លានដុល្លារ) លើចំនួនអចលនទ្រព្យ ប្រមាណ ២០,៥០០មូលដ្ឋាន ស្មើនឹង៣៣,៦% នៃផែនការ»។
លោកបណ្ឌិត ក៏បានស្នើឲ្យអាជ្ញាធរដែនដី និងអង្គភាពពាក់ព័ន្ធ ជុំវិញរាជធានីភ្នំពេញ ដូចខាងក្រោម៖
១៖ ជួយផ្សព្វផ្សាយឲ្យបានទូលំទូលាយ នូវប្រកាសលេខ ៣៤៣ សហវ.ប្រក ចុះថ្ងៃទទី២២ ខែមីនា ឆ្នាំ២០១៩ របស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ស្តីពី ការកំណត់មូលដ្ឋានគិតពន្ធប្រថាប់ត្រា ចំពោះការផ្ទេរកម្មសិទ្ធិ ឬសិទ្ធិកាន់កាប់អចលនទ្រព្យ និងឧបសម្ព័ន្ធ ស្តីពីការបែងចែកភូមិសាស្ត្រ និងតម្លៃអចលនទ្រព្យ សម្រាប់មូលដ្ឋានគិតពន្ធ នៅរាជធានីភ្នំពេញ។
ជាពិសេសជួយផ្សព្វផ្សាយ ដល់ប្រជាពលរដ្ឋអំពីកាលបរិច្ឆេទ ចាប់ផ្ដើមអនុវត្តថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០១៩ នូវឧបសម្ព័ន្ធ ដែលបានធ្វើបច្ចុប្បន្នភាពតម្លៃថ្មី និងជំរុញប្រជាពលរដ្ឋ ដែលជាម្ចាស់អចលនទ្រព្យ ដែលបានធ្វើការផ្ទេរកន្លងមក ហើយមិនទាន់ប្រកាស បង់ពន្ធប្រថាប់ត្រា សូមឲ្យរួសរាន់មកប្រកាសបង់ពន្ធ ឲ្យបានមុនថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០១៩ ដើម្បីទទួលបានការអនុវត្តតម្លៃ ដែលនៅជាធរមាន។
២៖ បន្តលើកកម្ពស់កិច្ចសហការ ក្នុងការជំរុញកម្មសិទ្ធិករ ឬអ្នកទទួលសិទ្ធិកាន់កាប់អចលនទ្រព្យ ជាពិសេស ចំពោះម្ចាស់អចលនទ្រព្យ ពុំទាន់ចុះបញ្ជី ដែលបានផ្ទេរសិទ្ធិកាន់កាប់នោះ ធ្វើនៅត្រឹមថ្នាក់សង្កាត់ ឲ្យមកបង់ពន្ធប្រថាប់ត្រា នៅរដ្ឋបាលសារពើពន្ធជាធរមាន ។
៣៖ យកចិត្តទុកដាក់ខ្ពស់បន្ថែមទៀត ក្នុងការពង្រឹងកិច្ចសហការប្រមូលពន្ធមួយចំនួនទៀត ដែលជាគុណប្រយោជន៍សម្រាប់អភិវឌ្ឍន៍មូលដ្ឋាន របស់រដ្ឋបាលថ្នាក់ក្រោមជាតិ ឲ្យអស់សក្តានុពល មានជាអាទិ៍៖ ពន្ធលើដីធ្លីមិនប្រើប្រាស់ និងពន្ធលើអចលនទ្រព្យ ជាដើម ។
៤៖ ចំពោះពន្ធលើអចលនទ្រព្យ សូមឲ្យរដ្ឋបាលខណ្ឌ សង្កាត់ ជំរុញឲ្យកម្មសិទ្ធិករ ឬអ្នកកាន់កាប់អចលនទ្រព្យ ក្នុងមូលដ្ឋានសហការជាមួយក្រុមការងារ ធ្វើបច្ចុប្បន្នភាពព័ត៌មានអចលនទ្រព្យ ក្នុងការផ្តល់ព័ត៌មានពាក់ព័ន្ធ នឹងអចលនទ្រព្យ ដើម្បីបញ្ជូលក្នុងប្រព័ន្ធគ្រប់គ្រងទិន្នន័យ របស់អគ្គនាយកដ្ឋានពន្ធដារ។
៥៖ សម្រាប់ពន្ធលើដីធ្លី មិនបានប្រើប្រាស់ ស្នើសុំឲ្យរដ្ឋបាលខណ្ឌ និងសង្កាត់ ជំរុញ និងលើកទឹកចិត្តឲ្យកម្មសិទ្ធិករ ឬអ្នកកាន់កាប់អចលនទ្រព្យ ក្នុងមូលដ្ឋានរបស់ខ្លួន បានបំពេញកាតព្វកិច្ចបង់ពន្ធ ឲ្យបានទាន់ពេលវេលា ត្រឹមត្រូវតាមនីតិវិធី ឲ្យអស់លទ្ធភាព។
៦៖ បន្តយកចិត្តទុកដាក់ណែនាំ ដល់មន្រ្តីអនុវត្តផ្ទាល់ ក្នុងការផ្តល់កិច្ចសហការ ក្នុងដំណើរការប្រមូលពន្ធ ឲ្យប្រើពាក្យសំដីទន់ភ្លន់ សុភាពរាបសារ និងមានអាកប្បកិរិយាសមរម្យ ចំពោះប្រជាពលរដ្ឋដែលមកទទួលសេវា និងបង្កលក្ខណៈងាយស្រួល ក្នុងការផ្តល់សេវាឲ្យបានត្រឹមត្រូវ តាមអភិក្រមរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា គឺធ្វើឲ្យបាន ធ្វើឲ្យលឿន និងមានតម្លាភាព។
ក្នុងន័យនេះ ពង្រឹងការផ្តល់សេវាកាន់តែល្អប្រសើរ ជូនដល់ប្រជាពលរដ្ឋ តាមរយៈការផ្លាស់ប្តូរផ្នត់គំនិតមន្រ្តីរាជការ ពីការត្រួតត្រា ទៅជាអ្នកផ្តល់សេវា ឬបម្រើប្រជាពលរដ្ឋ៕