(ភ្នំពេញ)៖ នៅព្រឹកថ្ងៃសុក្រ ១កើត ខែចេត្រ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី០៥ ខែមេសា ឆ្នាំ២០១៩ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា បានចាត់ឱ្យក្រុមការងារដឹកនាំដោយលោកស្រី ពុំ ចន្ទីនី អគ្គលេខាធិការ កាកបាទក្រហមកម្ពុជា និងលោកស្រី ម៉ែន នារីសោភ័គ អគ្គលេខាធិការទី១ ព្រមទាំងសហការី ចុះសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌របស់កាកបាទក្រហមកម្ពុជា ជូនដល់ កម្មការនី ដែលជួបគ្រោះថ្នាក់ចរាចរណ៍ ស្ថិតនៅភូមិខ្នុរ ឃុំវាលពន់ ស្រុកឧដុង្គ ចន្លោះគីឡូម៉ែត្រលេខ ១៣៣-១៣៤ ផ្លូវជាតិលេខ៤៤ ដែលកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យកាល់ម៉ែតសរុបចំនួន ៨នាក់ (ក្នុងនោះដាច់ដៃខាងឆ្វេងចំនួន ៥នាក់ បាក់ឆ្អឹងដើមដៃ និងរបួសក្បាលចំនួន ៣នាក់)។
ក្នុងឱកាសសួរសុខទុក្ខនោះ លោកស្រី អគ្គលេខាធិការ បានពាំនាំប្រសាសន៍ផ្តាំផ្ញើសួរសុខទុក្ខ និងការលើកទឹកចិត្តពីសំណាក់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ជូនដល់បងប្អូន កម្មការនីទាំងអស់ សូមកុំអស់សង្ឃឹម ត្រូវខិតខំថែរក្សាសុខភាព និងអនុវត្តតាមវេជ្ជបញ្ជារបស់គ្រូពេទ្យ និងសូមផ្តាំផ្ញេីដល់ស្វាមីនៃកម្មការិនីរងគ្រោះទាំងអស់ ត្រូវយកចិត្តទុកដាក់ថែទាំភរិយាឱ្យបានល្អ ហេីយមិនត្រូវបោះបង់ភរិយាដ៏កំសត់ ទោះបីគាត់ពិការដៃក៏ដោយ។
ទន្ទឹមនឹងនេះ លោកស្រី អគ្គលេខាធិការ បានពាំនាំប្រសាសន៍ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ដែលផ្តាំផ្ញេីចំពោះប្រជាពលរដ្ឋទាំងអស់ ជាពិសេស អ្នកបេីកបរគ្រប់រូប ត្រូវគោរពច្បាប់ចរាចរណ៍ឱ្យបានខ្ជាប់ខ្ជួនដោយមិនត្រូវផ្ទុកមនុស្សលេីសចំនួនកំណត់ បេីកបរកុំឲ្យលេីសល្បឿនកំណត់ ត្រូវចេះយោគយល់អធ្យាស្រ័យគ្នា និងមានសីលធម៌ក្នុងការបេីកបរជៀសវាងសោកនាដកម្មកើតឡើងដូចគ្រោះថ្នាក់ខាងលេី។
ជាមួយគ្នានេះដែរ ក្រុមគ្រួសារក៏ដូចជាជនរងគ្រោះបានថ្លែងអំណរគុណ និងដឹងគុណជានិច្ចចំពោះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលតែងតែមិនបោះបង់ចោលបងប្អូន កម្មការនីណាមួយឡើយនៅពេលមានគ្រោះថ្នាក់ផ្សេងៗកើតឡើងទោះស្ថិតក្នុងកាលៈទេសៈណាក៏ដោយ និងសូមគោរពជូនពរសម្តេចកិត្តិព្រឹទ្ធបណ្ឌិត មានសុខភាពល្អ អាយុយឺនយូរ ដើម្បីដឹកនាំការងារមនុស្សធម៌បន្តទៀត។
សូមបញ្ជាក់ថា សម្ភារដែលបានផ្តល់ជូនជនរងគ្រោះក្នុងម្នាក់ទទួលបាន៖ មី ១កេស ត្រីខ ១០កំប៉ុង ទឹកដោះគោ ៤ កំប៉ុង នំ១កញ្ចប់ និងថវិកាមួយចំនួន៕