(ភ្នំពេញ)៖ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ បានបើកពិធីមួយនាឱកាសបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិ ឆ្នាំកុរ ឯកស័ក ពុទ្ធសករាជ២៥៦៣ ត្រូវនិងគ្រឹស្តសរាជ២០១៩ ឈ្មោះថា «សង្ក្រាន្តពោធិ៍សែនជ័យ» ដើម្បីអបអរសាទរ បុណ្យចូលឆ្នាំ និងការបង្ហាញនូវល្បែងប្រជាប្រិយ៍ផ្សេងៗ ហើយក៏មានការដាក់តាំងបង្ហាញផលិតផលខ្មែរ ការប្រគុំតន្ត្រី ឆាកកំប្លែង ការប្រកួតប្រដាល់ក្បាច់គុនបុរាណខ្មែរជាដើម ជូនបងប្អូនប្រជាពលរដ្ឋទស្សនាកំសាន្តសប្បាយផងដែរ។
ពិធីនោះ បានប្រព្រឹត្តទៅ នៅក្នុងវិទ្យាល័យជម្ពូវ័ន សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ក្រោមអធិបតីភាពលោកទេសរដ្ឋមន្រ្តី ឃុន ហាំង, លោក នួន ថា រដ្ឋ អភិបាលរងរាជធានីភ្នំពេញ, លោក ស សុខា ប្រធានយុវជនកម្ពុជា និងលោក ហែម ដារិទ្ធិ អភិបាលខណ្ឌពោធិ៍សែនជ័យ, លោក សាំ ពិសិដ្ឋ ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូន រាជធានីភ្នំពេញ និងមានការ អញ្ជើញចូលរួមពីលោក-លោកស្រី ជាអភិបាលរងខណ្ឌ លោកចៅសង្កាត់ និងមន្ត្រីក្រុមប្រឹក្សា សង្កាត់ទាំង១៣ ព្រមទាំងប្រជាពលរដ្ឋជាច្រើនទៀតផងដែរ។
លោក ហែម ដារិទ្ធិ អភិបាលខណ្ឌពោធិ៍សែនជ័យ បានថ្លែងថា លោកបានឡើងធ្វើជាអភិបាលខណ្ឌពោធិ៍សែនជ័យ នៅក្នុងអំឡុងឆ្នាំ២០០៤ ហើយលោកបានរៀបចំធ្វើពិធីសង្ក្រាន្តនេះ រយៈពេល៤ឆ្នាំជាប់ៗគ្នាមកហើយ ឲ្យតែដល់ពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជិតមកដល់ តែងតែធ្វើពិធីសង្ក្រាន្តជាបន្តបន្ទាប់ គឺនៅក្នុងឆ្នាំ២០១៦ បានធ្វើឡើងនៅក្នុងវត្តតិក្ខបញ្ញោ សង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ លុះឆ្នាំ២០១៧ បានប្រារព្ធធ្វើឡើង នៅក្នុងតំបន់សេដ្ឋកិច្ចពិសេសភ្នំពេញ សង្កាត់កន្ទោក ខណ្ឌពោធិ៍សែនជ័យ។ ឆ្នាំ២០១៨ បានប្រារព្ធឡើង នៅវត្តជន្លុងម្លូរ ដោយឡែកឆ្នាំកុរ ឯកស័ក ពុទ្ធសករាជ២៥៦៣ ត្រូវនឹងគ្រឹស្តសរាជ២០១៩នេះ បានប្រារព្ធធ្វើឡើងនៅចំណុចខាងលើ ហើយ៣ឆ្នាំ មុនបានទទួលជោគជ័យ ជាបន្តបន្ទាប់មកហើយ។
លោកអភិបាលខណ្ឌ បានបន្តទៀតថា គោលបំណងដែលរៀបចំពិធីនេះឡើង គឺដើម្បីអបអរសាទរពិធីចូលឆ្នាំប្រពៃណីជាតិ ហើយក៏ចង់បង្ហាញពីវប្បធម៌ និងប្រពៃណីរបស់ខ្មែរយើងផងដែរ។ សង្ក្រានពោធិ៍សែនជ័យ នៅក្នុងឆ្នាំនេះ មានកម្មវិធីកំសាន្តជាច្រើន ដូចជាការប្រឡងវបរកញ្ញាវ័យចំណាស់ ការប្រកួតកីឡាប្រដាល់ក្បាច់គុណបុរាណខ្មែរ ការប្រណាំងរទេះគោ ការជិះកង់លើស្ពានឆ្លងទឹក ការប្រគុំតន្ត្រី ឆាកកំប្លែង ការតាំងពិពរណ៍បង្ហាញផលិតផលខ្មែរ តាមស្តង់របស់សង្កាត់នីមួយៗ ការប្រគុំចាប៉ីដងវែង ការលេងល្បែងប្រជាប្រិយ៍ និងកម្មវិធីជាច្រើនទៀត។
លោកអភិបាលខណ្ឌ បានបន្តថា សង្ក្រាន្តនេះ បានប្រព្រឹត្តទៅរយៈពេល៣ថ្ងៃ គឺចាប់ផ្ដើមពីថ្ងៃទី០៥ ដល់ថ្ងៃទី០៧ ខែមេសា ឆ្នាំ២០១៩ ទើបត្រូវបញ្ចប់ហើយ លោកសង្ឃឹមថា និងមានការអញ្ជើញចូលរួមកំសាន្ត ពីសំណាក់ បងប្អូនប្រជាពលរដ្ឋច្រើនកុះករ ជាមិនខានឡើយ។ ទន្ទឹមនិងនេះដែរ លោកក៏សូមផ្ដាំផ្ញើឲ្យបងប្អូនទាំងអស់ ដែលចូលរួមកំសាន្តជួយទិញផលិតផលខ្មែរយើង និងជាជួយរក្សាសន្តិសុខសណ្ដាប់ធ្នាប់ ទាំងអស់គ្នាចៀសវាង មានបញ្ហាអាក្រក់ផ្សេងៗ កើតឡើងបាន៕