(ឈៀងរ៉ៃ-ថៃ)៖ ទេសាភិបាលនៃធនាគារកណ្តាលកម្ពុជា-ថៃ នៅថ្ងៃទី០៥ ខែមេសា ឆ្នាំ២០១៩នេះ បានអញ្ជើញចូលរួមជា អធិបតីក្នុងឱកាសនៃការបង្ហាញពី «អន្តរប្រតិបត្តិការនៃការទូទាត់តាមប្រព័ន្ធ QR (Interoperable QR Payment)» ដើម្បីបន្តការសហការដ៏រឹងមាំ ក្នុងការតភ្ជាប់ប្រព័ន្ធទូទាត់សងប្រាក់ រវាងប្រទេសទាំងពីរ។
យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ធនាគារជាតិនៃកម្ពុជា ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី០៥ ខែមេសានេះបានបញ្ជាក់ថា អន្តរប្រតិបត្តិការនៃការទូទាត់សងប្រាក់តាមប្រព័ន្ធ QR នេះ ត្រូវបានធ្វើឡើងតាមស្តង់ដារ EMV ដែលនឹងអាចសម្រួល ដល់ការទូទាត់រាយឆ្លងដែនរវាងបុគ្គល និងពាណិជ្ជករក្នុងប្រទេសទាំងពីរ។
ជាមួយនឹងសេវាកម្មនេះ ភ្ញៀវទេសចរថៃនឹងអាចប្រើប្រាស់ កម្មវិធីធនាគារចល័តក្នុងទូរស័ព្ទដៃ ដើម្បីស្កេន QR code និងធ្វើការទូទាត់សងប្រាក់ ទៅកាន់ពាណិជ្ជករកម្ពុជា។ ខណៈដែលការបង្ហាញនៅថ្ងៃនេះ ជាការបង្ហាញសាកល្បងអំពីការទូទាត់ តាមរយៈការផ្ទេរប្រាក់ក្នុងប្រព័ន្ធធនាគារ ប្រទេសទាំងពីរនឹងបន្តធ្វើការជាមួយគ្នាក្នុងការពង្រីកបណ្តាញទូទាត់សងប្រាក់ និងធ្វើឱ្យការទូទាត់ឆ្លងដែនតាមប្រព័ន្ធ QR អាចធ្វើឡើងដោយធនាគារភាគ ច្រើននៅប្រទេសកម្ពុជានិងថៃបានយ៉ាងរលូន ជាមួយនឹងការអភិវឌ្ឍនៃហេដ្ឋារចនាសម្ព័ន្ធអន្តរប្រតិបត្តិការនេះ។
លោក ជា ចាន់តូ ទេសាភិបាលធនាគារជាតិនៃកម្ពុជា បានថ្លែងថា «ការបង្កើតនូវប្រព័ន្ធទូទាត់តាមរយៈ QR code គឺមានសារៈសំខាន់ណាស់សម្រាប់ប្រទេសទាំងពីរ ដើម្បីសម្រួលដល់ការទូទាត់សងប្រាក់ឆ្លងដែន និងកាត់បន្ថយហានិភ័យ និងការចំណាយក្នុងការទូទាត់ ព្រមទាំងពង្រឹងប្រសិទ្ធភាព ការទូទាត់រវាងប្រទេសទាំងពីរ»។
លោក Veerathai Santiprabhob ទេសាភិបាល ធនាគារកណ្តាលថៃ បានថ្លែងថា «ខ្ញុំមានសេចក្តីសោមនស្សរីករាយ ដែលបានពិនិត្យឃើញពីវឌ្ឍនភាព នៃនវានុវត្តភាពហិរញ្ញវត្ថុ នៅក្នុងសេវាទូទាត់ឆ្លងដែនរវាងកម្ពុជា និងថៃ ជាពិសេសផ្តោតលើការ បង្កើតហេដ្ឋារចនាសម្ព័ន្ធហិរញ្ញវត្ថុ នៃអន្តរប្រតិបត្តិការ»។
លោកបន្តថា ការវិវត្តនេះមានសារៈសំខាន់ណាស់ ដោយសារកម្ពុជាជាទិសដៅទេសចរណ៍ដ៏ពេញនិយម សម្រាប់ភ្ញៀវទេសចរថៃ និងការណ៍ដែលអាចប្រើប្រាស់កម្ម វិធីធនាគារចល័តតាមទូរសព្ទ ដៃក្នុងការទូទាត់ជាមួយពាណិជ្ជករកម្ពុជា នឹងអាចពង្រឹងដល់ប្រសិទ្ធភាព នៃការទូទាត់ឆ្លងដែន ក៏ដូចជា ជំរុញដល់ការប្រើប្រាស់ការទូទាត់ តាមអេឡិចត្រូនិករវាងប្រជាជននៃប្រទេសទាំងពីរ។
លោកបន្ថែមថា «ការបង្ហាញនាថ្ងៃនេះ គឺគ្រាន់តែជាជំហានដំបូង នៃអន្តរប្រតិបត្តិការនៃការទូទាត់សងប្រាក់តាមប្រព័ន្ធ QR រវាងប្រទេសទាំងពីរប៉ុណ្ណោះ។ ដើម្បីបន្តឈានទៅមុខទៀត ការអនុវត្តកាន់តែទូលំទូលាយនូវយន្តការអន្តរប្រតិបត្តិការ នៃការទូទាត់សងប្រាក់តាមប្រព័ន្ធ QR នឹងអនុញ្ញាតឱ្យការទូទាត់សងប្រាក់ឆ្លងដែនតាមប្រព័ន្ធ QR អាចធ្វើឡើងបានដោយធនាគារភាគច្រើន នៃប្រទេសថៃនិងកម្ពុជា»។
សូមជម្រាបថា កាលពីខែកុម្ភៈ ឆ្នាំ២០១៩កន្លងទៅ ឯកឧត្តម ជា ចាន់តូ ទេសាភិបាល ធនាគារជាតិនៃកម្ពុជា និងលោក Veerathai Santiprabhob ទេសាភិបាល ធនាគារកណ្តាលថៃ បានចុះហត្ថលេខា លើអនុស្សរណៈយោគយល់ ស្តីពីកិច្ចសហប្រតិបត្តិការ ក្នុងផ្នែកនវានុវត្តភាពហិរញ្ញវត្ថុ និងប្រព័ន្ធទូទាត់នៅរាជធានីភ្នំពេញ។ អនុស្សរណៈយោគយល់នេះ ត្រូវបានធ្វើឡើងក្នុងគោលបំណង ធ្វើឱ្យការទូទាត់សងប្រាក់ក្នុងស្រុក និងឆ្លងដែន កាន់តែមានប្រសិទ្ធភាព ចំណាយទាបសមរម្យ និងមានសុវត្ថិភាព ព្រមទាំងគាំទ្រ ដល់ការប្រើប្រាស់ រូបិយវត្ថុក្នុងស្រុក៕