(ភ្នំពេញ)៖ ដើម្បីអបអរសាទរបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរ ក៏ដូចជាសុំពរជ័យសិរីសួស្ដីឆ្នាំថ្មី ដែលនឹងឈានចូលមកដល់នាពេលឆាប់ៗខាងមុខ នៅរសៀលថ្ងៃទី០៥ ខែមេសានេះ គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា (NOCC) បានរៀបចំពិធីសូត្រមន្ត ចំរើនព្រះបរិត្ត លើករាសី ជ័យមង្គល ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ឆ្នាំកុរ ដោយមានការចូលរួមពីលោកបណ្ឌិត ថោង ខុន រដ្ឋមន្ដ្រីក្រសួងទេសចរណ៍ និងជាប្រធាន NOCC រួមទាំងសមាជិកប្រតិបត្តិជាច្រើនទៀត។
ការប្រារព្ធពិធីសូត្រមន្ដតាមទំនៀមទំលាប់ព្រះពុទ្ធសាសនារបស់ស្ថាប័នកីឡាកំពូលរបស់កម្ពុជានេះ ធ្វើឡើងក្នុងគោលបំណងសុំពរជ័យ សិរីសួស្តីគ្រប់ប្រការពីទេវតាឆ្នាំថ្មី ព្រះនាម ទង្សាទេវី ដល់ថ្នាក់ដឹកនាំ មន្រ្ដី បុគ្គលិក និងមហាគ្រួសារកីឡាជាតិទាំងអស់ជួបតែសេចក្តីសុខ សេចក្ដីចម្រើន ទទួលបានជោគជ័យថ្មីៗបន្ថែមទៀត នាឱកាសបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ពិសេសបេសកកម្មចូលរួមប្រកួតលើឆាកអន្ដរជាតិ សូមដណ្ដើមបានមេដាយជូនជាតិកាន់តែច្រើន។
ដូចសព្វមួយដង ក្នុងឱកាសនោះគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា ក៏បានកោះអញ្ជើញព្រឹទ្ធាចារ្យកីឡាចាស់ៗដែលជាអតីតកីឡាករ-កីឡាការិនី ធ្លាប់តស៊ូប្រកួតប្រជែងលើកកិត្តិយសជាតិ និងរួមចំណែកអភិវឌ្ឍន៍វិស័យកីឡាកម្ពុជា ចូលរួម និងជួបជុំពិសាអាហារសាមគ្គី។ មិនតែប៉ុណ្ណោះ លោកបណ្ឌិត ថោង ខុន ក៏បានឧបត្ថម្ភថវិកាមួយចំនួនដល់ព្រឹទ្ធាចារ្យកីឡាចាស់ៗសម្រាប់ជាការលើកទឹកចិត្ត ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ នាពេលឆាប់ៗខាងមុខផងដែរ។
ឆ្លៀតក្នុងឱកាសនោះដែរ លោកបណ្ឌិត ថោង ខុន ក៏បានប្រកាស និងប្រគល់លិខិតតែងតាំងលោក ឆឹង វ៉ាន់ថូ ជាទីប្រឹក្សាជាន់ខ្ពស់របស់គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជាផងដែរ៕