(ព្រះសីហនុ)៖ មន្ត្រីនគរបាលចរាចរណ៍ផ្លូវគោក ខេត្តព្រះសីហនុ បានអំពាវនាវដល់ប្រជាពលរដ្ឋ ជាពិសេសម្ចាស់យានយន្តគ្រប់ប្រភេទ ឲ្យចូលរួមសហការជាមួយកម្លាំងនគរបាលចរាចរណ៍ ឱ្យបានទាំងអស់គ្នាប្រយោជន៍ ដើម្បីឈានទៅកាត់បន្ថយការកកស្ទះចរាចរណ៍ និងរក្សាសណ្តាប់ធ្នាប់សង្គម។
លោកឧត្តមសេនីយ៍ត្រី អុី សុខា ស្នងការរងនគរបាលខេត្តព្រះសីហនុ បានឱ្យដឹងថា នៅថ្ងៃទី០៥ ខែមេសា ឆ្នាំ២០១៩នេះ កម្លាំងការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក បានចុះល្បាតចល័តតាមផ្លូវឯករាជ្យ ដើម្បីរៀបចំសណ្តាប់ធ្នាប់តាមផ្លូវសាធារណៈឲ្យមានរបៀបរៀបរយល្អ។
លោកអំពាវនាវថា ប្រជាពលរដ្ឋ ឬម្ចាស់យានយន្តគ្រប់ប្រភេទ មិនត្រូវនាំយករថយន្តរបស់ខ្លួន មកចតចោលលើចិញ្ចើមផ្លូវថ្នល់ បង្កការកកស្ទះដល់រធ្វើដំណើរ និងនាំឲ្យបាប់បង់សណ្តាប់ធ្នាប់តាមផ្លូវសាធារណៈនោះទេ។
លោក អ៉ី សុខា បន្តថា ចំពោះសកម្មភាពចុះរៀបចំសណ្តាប់ធ្នាប់នៅថ្ងៃទី០៥ ខែមេសានេះ សមត្ថកិច្ចជំនាញ ក៏បានស្ទូចរថយន្ត ដែលម្ចាស់ចតចោលនៅលើផ្លូវគ្មានសណ្តាប់ធ្នាប់ពីមុខធនាគារ ហាងកាហ្វេ និងផ្សារទំនើប ឬម៉ាតជាដើម សរុបបានចំនួន៦គ្រឿង។
លោក អ៉ី សុខា បញ្ជាក់ថា ចំពោះរថយន្ដទាំង៦គ្រឿងខាងលើនេះ ត្រូវកម្លាំងនគរបាលនាំយកទៅរក្សាទុកក្នុងបរិវេណការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ ដើម្បីឲ្យម្ចាស់រថយន្តទាំងនោះ ឲ្យចូលខ្លួនមកដោះស្រាយតាមផ្លូវច្បាប់ ដើម្បីជាការព្រមាន។
ត្រង់ចំណុចនេះ លោក អ៉ី សុខា ស្នងការរងនគរបាលខេត្តព្រះសីហនុ បានស្នើដល់ម្ចាស់យានយន្តគ្រប់ប្រភេទ ត្រូវចូលរួមសហការ ជាមួយកម្លាំងនគរបាលចរាចរណ៍ ឱ្យបានទាំងអស់គ្នា ដើម្បីរួមគ្នាថែរក្សាសណ្តាប់ធ្នាប់តាមផ្លូវសាធារណៈ ឱ្យមានរបៀបរៀបរយ។
ផ្តើមពីបញ្ហានេះ លោក អ៉ី សុខា ស្នងការរងនគរបាលខេត្តព្រះសីហនុ ក៏បានរំលឹកដល់អ្នកបើកបរយានយន្តគ្រប់ប្រភេទ មិនត្រូវនាំយករថយន្ត របស់ខ្លួនទៅចតលើចិញ្ចើមផ្លូវនាំឲ្យបាត់បង់សណ្តាប់ធ្នាប់សាធារណៈ ជាពិសេសបង្កឲ្យមានការកកស្ទះចរាចរណ៍ ដល់ប្រជាពលរដ្ឋធ្វើដំណើរឆ្លងកាត់ទៀតទេ។
លោកថា ប្រជាពលរដ្ឋ និងម្ចាស់យានយន្តគ្រប់ប្រភេទ ត្រូវលះបង់ទម្លាប់អាក្រក់ នៃការចតយានយន្តគ្មានរបៀបរបស់ខ្លួន ដែលធ្លាប់កើតមាននាពេលកន្លងមក ត្រូវជម្រុះចោលឲ្យអស់សម្រាប់សង្ក្រានឆ្នាំថ្មី ឆ្នាំ២០១៩នេះ៕