ក្រុមហ៊ុន Royal Railway របស់អ្នកឧកញ៉ា គិត ម៉េង ប្រកាសឲ្យប្រជាពលរដ្ឋជិះរថភ្លើង ដោយឥតគិតថ្លៃ ៣ថ្ងៃក្នុងឱកាសបុណ្យចូលឆ្នាំ ប្រពៃណីជាតិខ្មែរ (Video inside)
05-04-2019 17:06
(ភ្នំពេញ)៖ ស្ថានីយរថភ្លើង Royal Railway ដែលគ្រប់គ្រងដោយអ្នកឧកញ៉ា គិត ម៉េង និង ក្រសួងសាធារណការ និងដឹកជញ្ជូន នៅថ្ងៃទី០៥ ខែមេសា ឆ្នាំ២០១៩នេះ បានប្រកាសថា សាធារណជននឹងទទួលបានការជិះរថភ្លើង ដោយឥតគិតថ្លៃ ក្នុងឱកាសបុណ្យចូលឆ្នាំ ប្រពៃណីជាតិខ្មែរខាងមុខនេះ ដែលមានរយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី១៤ ដល់ ទី១៦ ខែមេសា។ នេះបើតាមសេចក្ដីប្រកាសព័ត៌មាន របស់ក្រុមហ៊ុន Royal Railway ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី០៥ ខែមេសានេះ។
នាយកប្រតិបត្តិនៃស្ថានីយរថភ្លើង Royal Railway លោក John Guiry បានឲ្យដឹងថា អ្នកដំណើរទាំងអស់នៅតែត្រូវបានតម្រូវ ឲ្យធ្វើការកក់សំបុត្រធ្វើដំណើររបស់ខ្លួនជាមុន តាមវិធីផ្សេងៗ ដែលអាចជាការកក់សំបុត្រ តាមប្រព័ន្ធអ៊ីនធើណេត ឬក៏នៅការិយាល័យស្ថានីយរថភ្លើង ប៉ុន្តែសំបុត្រនេះ នឹងមិនត្រូវបានគិតថ្លៃនោះទេ។
លោក Guiry បាននិយាយថា «នេះជាសម្មភាពមួយ ដែលបង្ហាញពីការចេះជួយគ្នាទៅវិញទៅមក ដល់អតិថិជនរបស់យើង ក្នុងការប្រារព្ធពិធីបុណ្យ ប្រពៃណីជាតិខ្មែរ ក៏ដូចជាការបង្ហាញពីការតាំងចិត្ត របស់ពួកយើងក្នុងនាមជាអ្នកផ្តល់សេវា ដែលអាចជួយកាត់បន្ថយការកកស្ទះចរាចរណ៍ ក្នុងអំឡុងពេលបុណ្យជាតិ»។
លោកបន្តថា អ្វីដែលសំខាន់មួយទៀត ដែលពួកយើងចង់បង្ហាញនោះ គឺការមកដល់នៃរថភ្លើងថ្មី របស់យើងសំរាប់សេវាអ្នកដំណើរនៅព្រលានយន្តហោះ ហើយអ្នកដំណើរអាចជិះសាកល្បង បានដោយឥតគិតថ្លៃ ក្នុងអំឡុងពេលសម្រាក៣ថ្ងៃ ខាងមុខនេះ។ សូមឲ្យធ្វើដំណើរឲ្យមានសុវត្ថិភាព និងសួស្ដីឆ្នាំថ្មី។
សូមជម្រាបថា ក្នុងវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជនលើកទី១៨ កាលពីថ្ងៃទី២៩ ខែមីនា ឆ្នាំ២០១៩ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន បានថ្លែងពីការផ្តល់សេវាជូនប្រជាពលរដ្ឋខ្មែរ ជិះរថភ្លើងដោយឥតគិត នៅក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ដែលនឹងឈានមកដល់ក្នុងរយៈពេលដ៏ខ្លីខាងមុខនេះ។
ការផ្តល់ជូនការជិះរថយន្តភ្លើងដោយឥតគិតថ្លៃនេះ ធ្វើឡើងលើផ្លូវរថភ្លើងទាំង២ គឺពីភ្នំពេញទៅកាន់ខេត្តព្រះសីហនុ និងពីភ្នំពេញទៅកាន់ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ៕