(ភ្នំពេញ)៖ ខណៈដែលពិធីបុណ្យចូលឆ្នាំខ្មែរប្រពៃណីជាតិបានខិតជិតមកដល់ អគ្គស្នងការដ្ឋាននគរបាលជាតិ បានអំពាវនាវដល់ ប្រជា ពល រដ្ឋទាំងអស់ឲ្យមានការប្រុងប្រយ័ត្នចំពោះបញ្ហាអគ្គីភ័យ និងគ្រោះថ្នាក់ចរាចរណ៍ ដោយសារតែអាកាសធាតុក្ដៅ និងចរាចណ៍មានភាពមមារញឹក។ នេះបើតាមការឲ្យដឹងពីលោកនាយកឧត្តមសេនីយ៍ ហ៊ឹម យ៉ាន អគ្គស្នងការរងនៃអគ្គស្នងការដ្ឋាននគរបាលជាតិ។
លោកនាយឧត្តមសេនីយ៍បានបន្តឲ្យដឹងទៀតថា ដើម្បីបង្ការគ្រោះថ្នាក់ចរាចរណ៍ ប្រជាពលរដ្ឋគ្រប់រូបមុនពេលធ្វើដំណើរទៅទីណាមួយ ត្រូវពិនិត្យមើលសំបកយានយន្ត ប្រាំង និងបច្ចេកទេសផ្សេងៗឲ្យបានរួចរាល់ជាមុនសិន។ ជាមួយគ្នានេះដែរ នៅពេលធ្វើដំណើរសម្រាប់រថយន្តលោកនាយកឧត្តមសេនីយ៍ ហ៊ឹម យ៉ាន បានឲ្យដឹងបន្តទៀតថា ត្រូវពាក់ខ្សែរក្រវ៉ាត់ និងត្រូវមានអ្នកចេះបើករថយន្តជិះជាមួយដើម្បីផ្ដាស់ប្ដូរគ្នាបើកបរបង្ការការអត់ងងុយនៅតាមផ្លូវ ម្យ៉ាងវិញទៀត រាល់ពេលឆ្លងកាត់ផ្លូវត្រូវប្រើភ្លើងស៊ីញ៉ូឲ្យបានត្រឹមត្រូវ និងពិនិត្យឲ្យបានច្បាស់ថា មុនពេលឆ្លងកាត់ដើម្បីចៀសវៀងគ្រោះថ្នាក់ជាយថាហេតុ។
ជាមួយគ្នានេះចំពោះអ្នកបើកបរម៉ូតូក៏ត្រូវមានការប្រុងប្រយ័ត្ន និងត្រូវពិនិត្យប្រាំង សំបកកង់ម៉ូតូ មុនពេលធ្វើដំណើរ ត្រូវពាក់មួកសុវត្ថិភាព និងមិន ត្រូវដឹកមនុស្សលើសចំនួនកំណត់ឡើយ។ អ្វីដែលសំខាន់ជាងនេះទៅទៀតនោះគឺ ទាំងអ្នកបើបររថយន្ត ម៉ូតូ មិនត្រូវបើកបរក្រោយពេលពិសារគ្រឿងស្រវឹងឡើយ។
ក្រៅពីអំពាវនាវដល់ប្រជាពលរដ្ឋឲ្យមានការប្រុងប្រយ័ត្ន អគ្គស្នងការរងនៃអគ្គស្នងការដ្ឋាននគរបាលជាតិ ក៏បានឲ្យដឹងថា អគ្គស្នងការ នឹងមានការចុះណែនាំប្រជាពលរដ្ឋដល់មូលដ្ឋាន អំពីការត្រៀមខ្លួន បង្ការអគ្គីភ័យ និងគ្រោះថ្នាក់ចរាចរណ៍ ព្រមទាំងផ្ដល់នូវលេខទាក់ទងរបស់អាជ្ញាធរមូលដ្ឋានភ្លាមៗ ក្នុងករណីមានគ្រោះថ្នាក់ណាមួយកើតឡើង។ ការលើកឡើងរបស់លោកនាយកឧត្តមសេនីយ៍ ហ៊ឹម យ៉ាន អគ្គស្នងការរងនៃអគ្គស្នងការដ្ឋាននគរបាលជាតិ ធ្វើឡើងក្នុងកិច្ចសម្ភាសផ្ដាច់មុខជាមួយអង្គភាពព័ត៌មានFresh News៕