(កំពត)៖ លោកឧត្តមសេនីយ៍ទោ ម៉ៅ ច័ន្ទមធុរិទ្ធ ស្នងការនគរបាលខេត្តកំពត នៅថ្ងៃទី៥ ខែមេសា ឆ្នាំ២០១៩នេះ បាននាំយកអំណោយរបស់អគ្គស្នងការនគរបាលជាតិ នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន ​ទៅចែកជូនមន្រ្តីនគរបាលដែលមានជីវភាពខ្វះខាតប្រមាណ៥០នាក់ មុនឱកាសបុណ្យចូលឆ្នាំប្រពៃណីជាតិ។

នៅក្នុងឱកាសនោះ លោកឧត្តមសេនីយ៍ស្នងការ បានផ្តាំផ្ញើការសួរសុខទុក្ខពីនាយឧត្តមសេនីយ៍អគ្គស្នងការនគរបាលជាតិ ជូនដល់មន្រ្តីនគរបាលទាំងអស់ ដែលថ្នាក់ដឹកនាំបានយកចិត្តទុកដាក់ យ៉ាងខ្លាំងទៅលើជីវភាពប្រចាំថ្ងៃរបស់កងកម្លាំង។

ជាមួយគ្នានេះ ​លោកឧត្ដមសេនីយ៍ស្នងការ ក៏បានដាក់បទបញ្ជាឲ្យមន្ត្រីក្រោមឱវាទ ត្រូវយកចិត្តទុក្ខដាក់ ការងារព្រហ្មទណ្ឌ គ្រឿងញៀន អប់រំមន្រ្តីប៉ុស្តិ៍ ដែលមានការខ្វះខាត និងខិតខំអនុវត្ត​ការងារតាមជំនាញមួយៗ ឲ្យបានម៉ឺងម៉ាត់ម៉ត់ចត់។ លោក​ស្នងការ ក៏បានណែនាំកម្លាំងនគរបាលទាំងអស់ ត្រូវក្ដោបក្ដាប់សភាពការណ៍នានា ដែលឡើងក្នុងមូលដ្ឋានឲ្យបាន ហើយបើមានស្ថានភាពអ្វីកើតឡើងត្រូវរាយការណ៍ជូនថ្នាក់លើជាបន្ទាន់។

លោកបានដាក់បទបញ្ជាឲ្យមន្ដ្រីក្រោមឱវាទ ត្រៀមចាត់វិធានការការពារសន្តិសុខ សណ្តាប់ធ្នាប់ នៅតាមទីអារ៉ាម និងរមណីយដ្ឋានមួយចំនួន នាឱកាសបុណ្យចូលឆ្នាំប្រពៃណីជាតិ នាពេលខាងមុខនេះ ដោយយកចិត្តទុកដាក់បង្ការ ទប់ស្កាត់មិន ឲ្យមានបទល្មើសព្រហ្មទណ្ឌគ្រប់ប្រភេទ ជាពិសេសសកម្មភាពបង្កការអុកឡុក ដោយក្មេងទំនើង និងត្រូវរៀបចំឲ្យមានសណ្តាប់ធ្នាប់ របៀបរៀបរយល្អប្រសើរ។

លើសពីនេះ​ លោកស្នងការក៏បានណែនាំដល់កងកម្លាំង ត្រូវសហការជាមួយអាជ្ញាធរដែនដី រំលឹកដាស់តឿនប្រជាពលរដ្ឋ ឲ្យប្រុងប្រយ័ត្នចំពោះអគ្គិភ័យ ជាពិសេសទៀនធូប នៅពេលសែនព្រេន ភ្លើងចង្ក្រាន ចរន្តអគ្គិសនី គ្រឿងឆេះ ឬបង្កសម្លេងផ្ទុះផ្សេងៗ។ ជាមួយគ្នានោះ ត្រូវប្រមូលផ្តុំកម្លាំង និងមធ្យោបាយប្រចាំការដើម្បីត្រៀមចេញអន្តរាគមន៍ពន្លត់ និងសង្គ្រោះ ហេតុការណ៍អគ្គីភ័យដែលអាចកើតឡើងជាយថាហេតុ៕