(ស្វាយរៀង)៖ លោក ហួត សាម៉ៃ ចៅសង្កាត់ច្រកម្ទេស ក្រុងបាវិត បានបានថ្លែងប្រាប់អង្គភាព Fresh News នៅរសៀលថ្ងៃទី៥ ខែមេសា ឆ្នាំ២០១៩នេះ ថា អគ្គិភ័យដែលបានឆេះចំការកូនប្រេងខ្យល់ជិត៧ហិកតា ស្ថិតក្នុងភូមិសាមគ្គី សង្កាត់ច្រកម្ទេស ក្រុងបាវិត ខេត្តស្វាយរៀង បានរលត់ទាំងស្រុងហើយនៅម៉ោង៣រសៀលនេះ ហើយករណីឆេះនេះមិនទាន់ដឹងច្បាស់ថា បណ្តាលមកពីអ្វីឲ្យពិតប្រាដកនោះទេ លោកកំពុងឲ្យប៉ូលិសរដ្ឋបាលចុះស្រាវជ្រាវសិន។
តាមសេចក្តីរាយការណ៍របស់ភ្នាក់ងារព័ត៌មាន Fresh News ប្រចាំខេត្តស្វាយរៀង និងកំពុងស្ថិតនៅកន្លែងកើតហេតុនោះ បានឲ្យដឹងថា ចំការកូនប្រុងខ្យល់ជាកម្មិសិទ្ធិរបស់ឧកញ៉ា លី ប៉ោយូ ហើយពេលកើតហេតុនោះ អគ្គិភ័យដ៏ធំនេះស្ថិតនៅប្រមាណ៥០០ម៉ែត្រប៉ុណ្ណោះដល់ផ្ទះប្រជាពលរដ្ឋ តែដោយសារមានកូនប្រឡាយមួយដែលកាត់មាត់ភ្លើង កុំអីច្បាស់ជាឆេះរាលដាលដល់ ផ្ទះពលរដ្ឋមិនខានឡើយ។
ទោះបីយ៉ាងណា គេសង្កេតឃើញមានវត្តមានសមត្ថកិច្ច៥ទៅ៦នាក់ បានមកជួយពន្លត់ផងដែរ ដោយបានយកមែកឈើវាយភ្លើងកុំឲ្យរាលដាល រីឯរថយន្តពន្លត់អគ្គិភ័យមិនអាចចូលទៅដល់ទីតាំងដែលឆេះនោះបានទេ ត្រឹមចតនៅលើថ្នល់ជាតិតែប៉ុណ្ណោះ៕